សៀមរាប: ពិព័រណ៍​ឆ្លុះបញ្ចាំង​ពី​អតីតកាល និង​សម្លឹង​ទៅ​អនាគត Face Forward ដែល​ជា​បណ្ដុំ​ស្នាដៃ​សិល្បៈ​សហសម័យ​ពី​សិល្បករ​ខ្មែរ​ ៤ ​រូប​រួម​ទាំង​ស្ទូឌីយោ​ស្ថាបត្យកម្ម​មួយ​បាន​រៀបចំ​ឡើង​នៅ Treeline Urban Resort ក្នុង​ទឹកដី​សម្បូរ​ប្រាង្គ​ប្រាសាទ​បុរាណ​សៀមរាប​អង្គរ​ចាប់​តាំងពី​ថ្ងៃទី​ ២៦ ខែ​មករា និង​បន្ត​រហូត​ដល់​ថ្ងៃទី​ ៣១ ខែ​មីនា​។

សិល្បករ​ពី​សាកលវិទ្យាល័យ​រដ្ឋ​ម៉ាសាឈូសេត និង​ទទួល​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​វិចិត្រសិល្បៈ​ពី​វិទ្យាស្ថាន​សិល្បៈ​នៅ​ក្រុង​ឈីកាហ្គោ ពេជ្រ សុភាព បាន​រំលេច​ចម្លាក់​ពី​ឈើ ឫស្សី លួស និង​លោហៈ​ឈ្មោះ​ថា Ordette និង​ចម្លាក់​ផ្ការាំងភ្នំ​ច្នៃ​ពី​ផ្ដៅ​បង្កប់​អត្ថន័យ​ជុំវិញ​ធម្មជាតិ និង​វប្បធម៌​។

ស្នាដៃ​សិល្បៈ Cosmic Wheel (​កង់​ចក្កវាឡ​) របស់​ស្ទូឌីយោ​ស្ថាបត្យកម្ម​ខ្មែរ HKA & Partners​។ ហុង មិនា

ដោយសារ​ស្នាដៃ​របស់​លោក​ធ្លាប់​ត្រូវ​បាន​តាំង​បង្ហាញ​នៅ​វិចិត្រសាល និង​សារមន្ទីរ​ល្បីៗ​តាំងពី​អាស៊ី អឺរ៉ុប អូស្ត្រាលី និង​អាមេរិក​នោះ​សិល្បករ​វ័យ ៤៨ ​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​សិល្បករ​សហសម័យ​ដ៏លេចធ្លោ ១ ​រូប​លំដាប់​អន្តរជាតិ​។

ឱកាស​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​នៅ​សណ្ឋាគារ​ប្រណីត ឯ​ទឹកដី​ខេត្ត​សៀមរាប​ត្រូវ​បាន​លោក ពេជ្រ សុភាព បាន​ចាប់​អារម្មណ៍​ឃើញ​ថា​៖ «Treeline គឺជា​រីហ្សត​លេចធ្លោ​ខុស​ពី​គេ​ដោយ​ទី​នេះ​បាន​ច្របាច់​បញ្ចូល​គ្នា​នូវ​សោភណភាព​នៃ​ពិភពនា​អតីតកាល​នៅ​កម្ពុជា​ជាមួយ​សិល្បៈ​សហសម័យ​ដែល​កំពុង​តែ​ផុស​ឡើង​»​។

សិល្បករ​ខ្មែរ​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​រូប​នេះ​បាន​បន្ត​ទៀត​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ការបន្ត​សហការ​គ្នា ចែករំលែក​ស្នាដៃ​សិល្បៈ​របស់​យើង​ជាមួយ​ទេសចរ​យើង​ក៏​ដូចជា​ភ្ញៀវ​បរទេស​ផង​ដែរ​»​។

ស្នាដៃ​ធ្វើ​ពី​ដែក និង​ថ្ម ឈ្មោះ​ថា Forest VI ពី​សិល្បករ ថាង សុធា​។ ហុង មិនា

ពិព័រណ៍ Face Forward គឺជា​ស្នាដៃ​លក្ខណៈ​ក្រុម​ដំបូង​បង្អស់​ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​វិចិត្រសាល​នៃ​សណ្ឋាគារ Treeline ក្នុង​ឆ្នាំ ២០១៩ នេះ​ដោយ​ផ្ដោត​ការចាប់អារម្មណ៍​លើ​អតីតកាល និង​សម្លឹង​ទៅ​អនាគត​។

ទីតាំង​វិចិត្រសាល​ស្ថិត​នៅ​តាម​​ដងស្ទឹង​សៀមរាប​អាច​ផ្ដល់​នូវ​បទពិសោធ​ស្នាក់​នៅក្នុង​បរិយាកាស​ពោរពេញ​ដោយ​ការច្នៃប្រឌិត​បែប​សិល្បៈ ភាព​ប្រណីត និង​ការគិតគូរ​ដល់​បរិស្ថាន​។ Treeline ដែល​ស្ថិត​នៅ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប​ក៏​ព្យាយាម​ធ្វើការ​ជាមួយ​សហគមន៍​ដូចជា​ការដាំ​ដើមឈើ​នៅ​តាម​មាត់​ស្ទឹង ការប្រើប្រាស់​ប្លាស្ទិក​ឲ្យ​អស់​លទ្ធភាព និង​ជ្រើសរើស​សម្ភារ​ផ្គត់ផ្គង់​ក្រោម​គោលការណ៍​បៃតង​។

ស្ថាបនិក Treeline លោក ហុក កាង បាន​ឲ្យ​ដឹង​ថា​ការ​រចនា​រីសត​នេះ​គឺ​ផ្ដោត​ទៅ​លើ​ស្ដង់ដា បរិស្ថាន និង​សោភណភាព​ស្អាត​បែប​សាមញ្ញ​ដោយ​ប្រើប្រាស់​នូវ​ឈើ និង​ថ្ម​មាន​ប្រភព​ត្រឹមត្រូវ ហើយ​សង្ហារិម​បែប​ស្រទន់​ក៏តម្រូវ​ឲ្យ​ស័ក្ដិសម​នឹង​បរិយាកាស​ដ៏ស្ងប់ស្ងាត់​នៃ​ធម្មជាតិ​។

សិល្បករ នូវ ជានិច្ច និង​ស្នាដៃ​គំនូរ​សហសម័យ​របស់​លោក​។ហុង មិនា

លោក​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ចង់​បង្កើត​នូវ​កន្លែង​ដ៏​កក់ក្ដៅ​មួយ​ដែល​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ការគោរព​ធម្មជាតិ និង​ទស្សនវិស័យ​នៃ​កម្ពុជា​នាសហសម័យ ដោយ​ឆ្លុះ​បញ្ចាំង​ការរចនា​នៃ Treeline និង​ស្នាដៃ​សិល្បៈ​របស់​សិល្បករ​យើង​»​។

ក្រៅពី​លោក ពេជ្រ សុភាព សិល្បករ​ល្បីៗ​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​បង្ហាញ​ស្នាដៃ​នៅ Treeline រួម​មាន​លោក ថាង សុធា ជា​វិស្វករ​ប្រែ​ក្លាយ​ខ្លួន​ជា​អ្នកសិល្បៈ​ លោក នូវ ជានិច្ច អតីត​សិស្សសាលា​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​ខេត្ត​បាត់ដំបង សិល្បករ​ជំនាញ​ច្នៃ​អលង្ការ​វិវឌ្ឍ​ខ្លួន​ជា​វិចិត្រករ​គំនូរ​លោក ASASAX និង​ស្ទូឌីយោ HKA & Partners ដោយ​ធ្លាប់​ធ្វើការ​លើ​គម្រោង​រចនា​ទីតាំង​ប្រោនកាហ្វេ និង Treeline ផ្ទាល់​តែ​ម្ដង​៕