ភ្នំពេញ៖ ដោយមើលឃើញថា ទម្រង់សិល្បៈប្រពៃណីខ្មែរមួយប្រភេទ គឺសិប្បកម្មចាក់ក្រឡាក្បាច់ហូលខ្មែរ មិនទាន់មានសំណៅឯកសារច្បាស់លាស់ណាមួយ ស្តីពីរូបមន្តសិល្បៈវប្បធម៌នេះ ទើបជំរុញចិត្តឲ្យសិល្បករខ្មែរ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសិល្បៈនៅសាកលវិទ្យាល័យប្រទេស កូរ៉េខាងត្បូង លោក ចាន់ សោភ័ន ចង់ចងក្រងរៀបចំជាសៀវភៅ ដើម្បីបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយសិក្សាស្វែងយល់បន្ត។
លោក ចាន់ សោភ័ន គឺជាសិល្បករ ដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកសិល្បៈទម្រង់បុរាណ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសូនរូប និងវិចិត្រកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឆ្នាំ ២០១០ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសិល្បៈ នៅសាកលវិទ្យាល័យ SangMyung នៅកូរ៉េខាងត្បូង នៅឆ្នាំ ២០១៤ នោះ ក៏បញ្ជាក់ពីគោលបំណងរៀបចំចងក្រងសៀវភៅនេះផងដែរ លោកបញ្ជាក់ថា៖ «គោលបំណងរៀបចំសៀវភៅក្រឡាក្បាច់គោមហូលខ្មែរ ជាសេចក្តីប្រាថ្នាយូរមកហើយរបស់ខ្ញុំ។ តាំងពីបុរាណមក អាចនិយាយបានថា តាំងពីមុន ស.វ ទី ១ មុនគ្រិស្តសករាជ ប្រជាជនខ្មែរចេះត្បាញរវៃរួចទៅហើយ។ តែគ្មានឯកសារសោះ គឺគេបានរកឃើញតសំណៅអាចម៍អំបោះ និងត្រល់ខ្លះៗប៉ុណ្ណោះ។ ជាងនេះទៅទៀត អ្វីដែលជំរុញទឹកចិត្តរបស់ខ្ញុំបំផុត គឺពណ៌ក្បាច់នៃសំពត់ហូលទាំងនោះធ្វើឲ្យទឹកចិត្តរបស់ខ្ញុំចង់ដឹងបន្ថែមនូវអ្វីៗ ជារបស់ដូនតាខ្មែរមាន។ សោកស្តាយសម័យខ្មែរក្រហមសង្រ្គាមចុងក្រោយបានធ្វើឲ្យឯកសារ និងវត្ថុមានតម្លៃទាំងអស់នេះ រលាយស្ទើរទាំងស្រុង ហើយរហូតស្រុកទេសមានឯករាជ្យ សន្តិភាព ប្រទេសជាតិខ្មែរ មានការរីកចម្រើនគ្រប់វិស័យ សំពត់ហូលខ្មែរ បានរស់រាន ចាប់កំណើតឡើងមកវិញ និងសម្បូរបែប។
តែគួរឲ្យស្តាយជាពន់ពេកណាស់ នៅសម័យចុងក្រោយនេះ ទីផ្សារសេរីត្រូវបានបើកចំហ ក្រណាត់សូត្រ និងសំពត់ហូលបរទេស ត្រូវបាននាំចូលយ៉ាងគំហុក និងមានតម្លៃថោកជាងរបស់នៅក្នុងស្រុកផលិតដោយដៃដែលបង្ខំឲ្យអ្នកតម្បាញជាច្រើនបោះបង់អាជីពពីដូនតាចោលរត់មកធ្វើការតាមរោងចក្រ និងចំណាកស្រុកទៅប្រទេសផងដែរ»។
លោកបន្តថា៖ «ដោយសារមើលឃើញហានិភ័យអនាគតដ៏ខ្លីខាងមុខនេះ នៃក្បាច់ក្រឡាគោមហូលខ្មែរទាំងអស់របស់ខ្មែរយើង បើមិនមានការជួយគាំពារ និងឧបត្ថម្ភនោះទេ វានឹងស្លាប់ម្តងទៀតជាមិនខាន។ ដូចនេះ ជាក្តីបារម្ភរបស់ខ្ញុំ ជាកូនខ្មែរ កើតលើដែនដីខ្មែរមួយនេះ ចង់ចងក្រងវាទុកជាកេរអមតៈសម្រាប់កូនខ្មែរជំនាន់ក្រោយឲ្យបានស្គាល់ និងបានយល់អ្វីជារបស់ដូនតាខ្លួន មានរាប់ពាន់ឆ្នាំ និងចង់បណ្តុះគំនិតដល់ពួកគាត់ឲ្យចេះស្រឡាញ់ និងជួយគាំទ្របន្តទៀតកុំឲ្យបាត់បង់។ ចំពោះកន្លែង ដែលត្រូវស្រាវជ្រាវហើយទៅសាកសួររកទិន្នន័យបន្ថែមនោះ គឺមានទី១ នៅខេត្តតាកែវ ទី២ ខេត្តសៀមរាប ទី៣ ខេត្តព្រៃវែង ទី៤ ខេត្តបន្ទាយមានជ័យ ទី៥ តំបន់កោះដាច់ ទី៦ ខេត្តសុរិន្ទ និងខេត្តបុរីរ៉ាំ ប្រទេស ថៃ»។
ដោយសារគម្រោងចងក្រងសៀវភៅនេះ មិនមែនជាកិច្ចការទ្រង់ទ្រាយតូច ហើយងាយស្រួលដូចជាការគិតនោះទេ ខណៈទាមទារឲ្យមានការជួយជ្រោមជ្រែងពីស្ថាប័នពាក់ព័ន្ធ ឬសហគមន៍នានា ដែលមានចិត្តស្រឡាញ់មរតកវប្បធម៌នេះ ជាពិសេសកញ្ចប់ថវិកា ដើម្បីផ្គត់ផ្គង់ការសិក្សាស្រាវជ្រាវ និងចងក្រង។ យ៉ាងណាមិញលោក ចាន់ សោភ័ន ក៏ទំនងជាត្រូវខ្វះខាតកញ្ចប់ថវិកានេះ ហើយទើបលោកបានបង្ហោះសារស្នើសុំការឧបត្ថម្ភពីមហាជនតាមចិត្តសទ្ធាក្នុងបណ្តាញសង្គមហ្វេសប៊ុកលោកថា៖ «ខ្ញុំអាចសុំអ្នកក្នុងម្នាក់ ៤ ០០០ រៀល បានទេ គម្រោងរៀបចំសៀវភៅ ក្រឡាក្បាច់គោមហូលខ្មែរ» ឈ្មោះ Sophorn Cambodia Arts៕