The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សិល្បករ​ដើមកំណើត​អាមេរិក​ផលិត​ឧបករណ៍​តន្ដ្រី​ពី​ទឹកកក​ប្រគំ​ក្នុង​រូងភ្នំ​អ៊ីតាលី

សិល្បករ​ដើមកំណើត​អាមេរិក​ផលិត​ឧបករណ៍​តន្ដ្រី​ពី​ទឹកកក​ប្រគំ​ក្នុង​រូងភ្នំ​អ៊ីតាលី

Content image - Phnom Penh Post
ឧបករណ៍​តន្ត្រី​ផលិត​ពី​ទឹកកក​ដែល​ទាមទារ​សីតុណ្ហភាព​ក្រោម​សូន្យ​។ រូបថត AFP

សិល្បករ​ដើមកំណើត​អាមេរិក​ផលិត​ឧបករណ៍​តន្ដ្រី​ពី​ទឹកកក​ប្រគំ​ក្នុង​រូងភ្នំ​អ៊ីតាលី

ក្រុងរ៉ូម : នៅពេល​ដែល​លោក ធីម លីនហាត ចាប់ផ្ដើម​ផលិត​ឧបករណ៍​តន្ដ្រី​ពី​ទឹកកក វា​ទំនង​ជា​អាច​ផ្ទុះ​នូវ​សំឡេង​ផូង​ជា​ជាង​ការបញ្ចេញ​សូរ​តន្ដ្រី តែ​វា​ក៏​មាន​ដំណើរ​វិវឌ្ឍ​របស់​វា​។

ពេល​នេះ​សិល្បករ​ដើមកំណើត​អាមេរិក​រូប​នេះ​បាន​ដឹកនាំ​ក្រុម​តន្ដ្រី​ប្រើ​ឧបករណ៍​ទឹកកក​ដែល​ប្រគំ​ក្នុង​រូង​សិប្បនិម្មិត​មាន​សីតុណ្ហភាព​ក្រោម​សូន្យ​អង្សាសេ​នៅ​ជួរ​ភ្នំ​អ៊ីតាលី​។

លោក លីនហាត អាយុ ៥៩ ​ឆ្នាំ​បាន​និយាយ​ថា​៖ «​ខ្ញុំ​ធ្វើ​ចម្លាក់​ព្រឹល និង​ទឹកកក​ក្នុង​រីសតស្គី​តាំងពី​អាយុ ១៦ ​ឆ្នាំ ហើយ​បន្ទាប់​មក​ខ្ញុំ​សម្រេច​ចិត្ដ​ថា វា​ពិតជា​អស្ចារ្យ បើ​សិន​ជា​ខ្ញុំ​ច្នៃ​ផលិត​វីយូឡុង​ពី​ទឹកកក​»​។

ក្រោយពី​ឈូសឆាយ​មុខ​រាបស្មើ លោក លីនហាត ប្រើ​ទឹកកក​ពណ៌​សលាយ​ជាមួយ​ទឹក និង​ព្រឹល​ស្រោប​ឆ្អឹង​ដែក​ដែល​អាច​ច្នៃ​បំពាក់​ខ្សែ​តាម​ចំណូល​ចិត្ដ​។ ឧបករណ៍ ម៉ានដូលីន ១ ​ត្រូវការ​ពេល​ពី ៥ ទៅ ៦ ​ថ្ងៃ រីឯ​ឧបករណ៍​ធំៗ​ត្រូវ​ប្រើ​ពេល​រាប់​ខែ​។

Content image - Phnom Penh Post
ក្រុម​តន្ត្រីករ​ប្រគំ​ភ្លេង​ជូន​ទស្សនិកជន​ស្ដាប់​នៅក្នុង​រូង​ទឹកកក​សិប្បនិម្មិត​។ រូបថត AFP

លោក លីនហាត បាន​បន្ដ​ថា​៖ «​វត្ថុធាតុ​ដើម​ផលិត​មិន​បាច់​ត្រូវ​ចំណាយ​ប្រាក់​ទេ តែ​គុណ​វិបត្ដិ​តែ​មួយ​គឺថា វា​រលាយ​នៅ​សីតុណ្ហភាព​លើ​សូន្យ​»​។

តន្ត្រីករ សេលីស នូកូឡា សេហ្គាតា ដែល​បាន​ជួយ​ផលិត​គ្រឿង​ភ្លេង​បាន​ពោល​ថា សំឡេង​ឧបករណ៍​តន្ត្រី​ធ្វើ​ពី​ទឹកកក​លាន់​ច្រាល់​ជាង​របស់​ទូទៅ​។

ពេល​មហាជន​ចូល​រូង​ទឹកកក​ដែល​មាន​សីតុណ្ហភាព -១២ អង្សាសេ តន្ដ្រី​ចាប់ផ្ដើម​សាក​សំឡេង ហើយ​ក្រុម​ទាំង​មូល​បន្ទរ​ជា​តន្ដ្រី​រន្ថាន់​ឡើង​។ លោក លីនហាត បាន​ចំណាយ​ពេល​រដូវក្ដៅ​ជាមួយ​ភរិយា និង​កូនប្រុស​តូច​ឯ​ភាគ​ខាង​ជើង​ប្រទេស​ស៊ុយអែត ខណៈ​ឧបករណ៍​ភ្លេង​ល្អៗ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រក្សា​ក្នុង​សីតុណ្ហភាព​កក​សម្រាប់​ប្រើ​រដូវរងា​លើក​ក្រោយ​។

លោក​និយាយ​ថា​៖ «​បើ​វា​ចាស់ ខូច​ទ្រង់ទ្រាយ យើង​គ្រាន់​តែ​ប្រើ​ញញួរ​វាយ​វា ឬ​ទុកចោល​ក្រោម​កម្ដៅថ្ងៃ រួច​យើង​ផលិត​អា​ថ្មី​ទៅ​»៕ HR

អត្ថបទគួរចាប់អារម្មណ៍