ភ្នំពេញ: យុគសម័យហ្វូតូសប ការកែច្នៃរូបភាពពិតជាងាយស្រួលខ្លាំងណាស់ដោយគ្រាន់តែប្រើកុំព្យូទ័រយួរដៃ ឬទូរស័ព្ទទំនើបប៉ុណ្ណោះ។ តែជាងថតរូបមកពីកោះស៊ីស៊ីលីនៃប្រទេសអ៊ីតាលីដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ បានប្រើទិចនិកគំនូររូបភាពខ្សែឆ្នូតៗលើរាងកាយតារាម៉ូដែលអាក្រាតជាមួយនឹងពន្លឺភ្លើងឡាស៊ែរ និងកាមេរ៉ារបស់លោកផ្ទាល់។
លោក ជីអាន ខ្លូឌីអូ ឌី សេកូ (Gian Claudio di Cecco) ជាជាងថតរូប និងជាអ្នកប្រើទិចនិករូបបញ្ចាំងដែលបានឆ្លៀតពេលពីក្រុងប៊ែរឡាំងមកភ្នំពេញ បានថ្លែងថា៖ «អ្វីទាំងអស់ដែលអ្នកបានឃើញក្នុងរូបរបស់ខ្ញុំគឺសុទ្ធតែពិតប្រាកដទាំងអស់។ ខ្ញុំមិនបានកែកុនអ្វីឡើយ»។
ស្ថិតក្នុងវ័យ៤៧ឆ្នាំលោកបានក្លាយជាវិចិត្រករគំនូរពន្លឺតាំងពីលោកចេះកាន់កាមេរ៉ាមកម្ល៉េះ។
ចំពោះទិចនិកនៃការថត លោកបានបង្ហើបប្រាប់ថា នៅពេលបើកកាមេរ៉ារយៈពេលប៉ុន្មានវិនាទី ឥទ្ធិពលសិល្បៈដ៏ល្អឯកមួយអាចត្រូវបានបង្កើតឡើងដោយគ្រាន់តែធ្វើចលនាប្រភពពន្លឺទៅវត្ថុនោះប៉ុណ្ណោះ។
ឌី សេកូ បានប្រាប់ថា៖ «ជួនកាល មានគេសួរខ្ញុំថា រូបភាព ឬគំនូរនោះពិតឬអត់? ហើយខ្ញុំបានតបវិញថា ពិតទាំង២យ៉ាង វាគឺជាគំនូរលាយនឹងរូបភាពដ៏រស់រវើក»។
ពិព័រណ៍ចុងក្រោយបំផុតរបស់លោក ដែលបានតាំងបង្ហាញរប៉ាត់រប៉ាយនៅហាងកាហ្វេ និងបារ៍ឌូផ្លេញ លើវិថីលេខ ២៧៨ លោក ឌី សេកូ បានគូរគំនូរលើរាងកាយតារាម៉ូដែលអាក្រាតចំនួន៤រូបក្នុងបន្ទប់ងងឹត។ ជាមួយនឹងការប្រើពន្លឺឡាស៊ែរដើម្បីបង្កើតរូបភាពខ្វាត់ខ្វែងក្នុងរយៈពេលដ៏ខ្លីគឺវាទាមទារឲ្យលោកធ្វើកិច្ចការកាន់តែរហ័សបំផុតរហូតទទួលបានរូបភាពដ៏ល្អឥតខ្ចោះ។
លោក បានទទួលស្គាល់ថា ក្រៅពីបញ្ហាប្រឈមជាមួយនឹងបច្ចេកទេស ការស្វែងរកតារាម៉ូដែលកម្ពុជាដែលហ៊ានបង្ហាញរូបអាក្រាត ពិតជាកិច្ចការកាន់តែលំបាកថែមទៀត។
វិចិត្រកររូបនេះ បានអះអាងថា៖ «នៅអឺរ៉ុប អ្នកជាជាងថតរូបជំនាញ ហើយនាងជាតារាម៉ូដែលអាជីព ដែលពេលខ្លះត្រូវថតឈុតស្រាត គឺស្រាតតែម្ដង ពីព្រោះវាជាកិច្ចការរបស់នាង។ ប៉ុន្ដែនៅក្នុងប្រទេសដែលមានវប្បធម៌ផូរផង់ ភាពអាក្រាតកាយប្រាកដជាត្រូវគេពេបជ្រាយ»។
ចៃដន្យ លោក ឌី សេកូ អាចរកបានតារាម៉ូដែល៤នាក់ ដែលម្នាក់ជាម៉ូដែលអាជីព និង៣នាក់ទៀតជាអ្នកស្ម័គ្រចិត្ដដែលហ៊ានស្រាត។ ថ្វីដ្បិតតែមុខរបស់ពួកគេមើលមិនឃើញច្បាស់ និងអត្ដសញ្ញាណមិនត្រូវបានបង្ហាញយ៉ាងណាក៏ដោយ ក៏លោកបានបង្ហើបប្រាប់ថា ម្នាក់ក្នុងចំណោមពួកគេគឺជាតារាល្បីរបស់កម្ពុជា។ រូបភាពនៃតារាម៉ូដែលនោះមិនត្រូវបង្ហាញឲ្យឃើញច្បាស់ក្រឡែតទេដោយគ្រាន់តែអាចសង្កេតតាមរយៈចលនា និងឥរិយាបថ ព្រមទាំងសណ្ឋានមុខមាត់ប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «ចំពោះខ្ញុំ មុខមាត់ក្នុងរូបភាពមិនមែនជាចំណុចសំខាន់នោះទេ។ ខ្ញុំព្យាយាមផ្ដិតយករូបភាពនៃរាងកាយរបស់ពួកគេ។ ដូច្នេះខ្ញុំបានជជែក និងលេងសើចជាមួយពួកគាត់ ពីព្រោះខ្ញុំចង់ដឹងពីពួកគាត់ជាតារាម៉ូដែល»។
ថ្វីដ្បិតតែលោក ឌី សេកូ ធ្វើការជាងថតរូបហ្វាសសិន និងបែបអាជីវកម្មរយៈពេល២៥ឆ្នាំ និងកំពុងតែដាក់លក់រូបភាពតារាម៉ូដែលឡាស៊ែរអាក្រាតកាយតម្លៃ៣០០ដុល្លារក្នុងមួយផ្ទាំង៕