ក្រុងបាត់ដំបងៈ ដោយសារចង់ប្រើសិល្បៈគំនូរបង្កប់នូវសារបញ្ចៀសគ្រឿងប្រើប្រាស់នានាធ្វើពីប្លាស្ទិក និងចូលរួមអបអរសាទរខួប ២៥ ឆ្នាំនៃការបង្កើតសាលាហ្វារពន្លឺសិល្បៈផង ក៏ជំរុញឲ្យសិល្បករ គឹម យាន ប្រើពេល ១ ខែ ច្នៃការុងលាបពណ៌បង្កើតជាសម្លៀកបំពាក់ស្រស់ស្អាតចំនួន ១០ ឈុត ដើម្បីដាក់តាំងបង្ហាញនាចុងសបា្តហ៍នេះនៅក្នុងខេត្តបាត់ដំបង។
លោក គឹម យាន អតីតជានិស្សិតជំនាន់ទី ១ ដែលធ្លាប់បានរៀនសូត្រមុខជំនាញឌីហ្សាញនៅសាលាហ្វារពន្លឺសិល្បៈដែលចប់កាលពីឆ្នាំ ២០១៦ និងបច្ចុប្បន្នក៏មានក្រុមការងារផ្នែកឌីហ្សាញផ្ទាល់ខ្លួនឈ្មោះថា Tepsyot Art Fashion ក៏បង្ហើបប្រាប់ពីមូលហេតុនៃគំនិតច្នៃប្រឌិតយកការុងលាបជាមួយពណ៌បង្កើតជាឈុតសម្លៀកបំពាក់ចម្រុះពណ៌នេះផងដែរ។
លោក គឹម យាន វ័យ ២៦ ឆ្នាំដែលជាប្រធានក្រុមការងារ Tepsyot Art Fashion ប្រាប់ឲ្យដឹងថា៖ «សម្លៀកបំពាក់ច្នៃពីការុងលាបជាមួយពណ៌នេះ ខ្ញុំបានបង្កើតចំនួន ១០ ឈុតដែលប្រើពេលវេលាចំនួន ១ ខែហើយការច្នៃនេះមានបំណងច្រើនយ៉ាងគឺទី ១ ចង់យកស្នាដៃទៅចូលរួមដាក់តាំងបង្ហាញនាឱកាសប្រារព្ធខួប ២៥ ឆ្នាំនៃការបង្កើតសាលាហ្វារពន្លឺសិល្បៈ ដោយសារតែខ្ញុំខ្លួនឯងក៏ជាអតីតនិស្សិតជំនាន់ទី ១ ជំនាញឌីហ្សាញនៅទីនេះផងដែរ។ ចំណុចទី ២ ចង់បង្ហាញឲ្យភ្ញៀវដែលបានចូលទស្សនាក្នុងពិធីដែលបើកនូវការតាំងពិព័រណ៍ស្នាដៃនៅថ្ងៃទី ២៦-២៧ ខែកក្កដា ២០១៩ នេះឲ្យបានដឹងថានៅឯសាលាហ្វារពន្លឺសិល្បៈក៏មានបង្រៀនជំនាញសិល្បៈគំនូរបែបពណ៌នាដែរ។ ចំណែកឯចំណុចមួយទៀតគឺចង់បង្កប់សារមួយដែលជាការបង្ហាញពីការច្នៃប្រឌិតឡើងវិញដែលចៀសវាងការប្រើរបស់វត្ថុនានាប្រចាំថ្ងៃធ្វើពីប្លាស្ទិក ដោយសារខាងសាលាក៏មានបំណងចង់បញ្ជ្រាបពីការចៀសវាងនូវការប្រើប្រាស់របស់ធ្វើពីប្លាស្ទិកផងដែរនោះ»។
កម្មវិធីសំខាន់ពេលប្រារព្ធពិធីខួប ២៥ ឆ្នាំនៃអង្គការហ្វារពន្លឺសិល្បៈនេះ នៅពេលព្រឹកមានដូចជាការបើកដំណើរការស្វាគមន៍ទទួលភ្ញៀវ និងទស្សនកិច្ចទីកន្លែងតាំងស្នាដៃផ្សេងៗក្នុងបរិវេណសាលា លុះដល់ពេលល្ងាចមានការសម្តែងសៀករឿង «White gold» ការសម្តែងអំពីវិន័យ ដោយសិស្សានុសិស្ស ពិធីខួបកំណើតគម្រប់ ២៥ ឆ្នាំរបស់អង្គការ ការសម្តែងតន្ត្រីដោយលោក Belo Vanthan ជាតន្ត្រីករ និងអ្នកនិពន្ធដែលបានបញ្ចប់ការសិក្សានៅសាលា ដោយក្រុមតន្ត្រីរបស់គាត់មានឈ្មោះថា «នៅពីក្រោយស្រមោល» និងមានកម្មវិធីផ្សេងៗទៀត។
គួរបញ្ជាក់ដែរថាកម្មវិធីខួបរបស់សាលាហ្វារពន្លឺសិល្បៈធ្វើនៅថ្ងៃទី ២៦-២៧ ខែកក្កដា ឆ្នាំ ២០១៩នេះ ខណៈអង្គការហ្វារពន្លឺសិល្បៈនឹងមានបើកបង្ហាញពីស្នាដៃរបស់សិស្សនិស្សិត និងលោកគ្រូ អ្នកគ្រូ ដែលមានស្នាដៃប្រកបដោយទេពកោសល្យ និងភាពច្នៃប្រឌិត។ ពេលនេះក៏ជាវេលាអាចទទួលបាននូវឱកាសដើម្បីស្វែងយល់ពីកម្មវិធីសិក្សាដែលបានផ្តល់ដោយសាលារៀនជំនាញសិល្បៈសូនរូប និងសាលាសិល្បៈទស្សនីយភាពក៏ដូចជាកម្មវិធីអប់រំ និងសង្គមដែលបានដំណើរការអស់រយៈពេល ២៥ ឆ្នាំមកហើយ៕