ភ្នំពេញ៖ ជាមួយបេសកកម្មផ្សព្វផ្សាយលើកស្ទួយ អភិរក្សវប្បធម៌ខ្មែរ រថយន្ត ២៥ កៅអីពណ៌ខៀវ ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៣ ហើយធ្លាប់តែនាំសិល្បករធ្វើដំណើរទៅគ្រប់ច្រកល្ហកនៃប្រទេសកម្ពុជា ពេលនេះបានបង្កើតកម្មវិធីផ្សាយផ្ទាល់តាមបណ្ដាញសង្គមលើប្រធានបទផ្សេងៗផ្សារភ្ជាប់ទៅនឹងសិល្បៈ។
«តន្ត្រី និងកសិកម្ម» គឺជាកម្មវិធីបទបង្ហាញរបស់រថយន្តតន្ត្រីទិព្វខ្មែរ ដោយមានការចូលរួមពីវាគ្មិន សុខ សុធារតន៍ ជាស្ថាបនិកជន្លេន ជាគម្រោងកែប្រែកាកសំណល់សរីរាង្គទៅជាជីជន្លេន រួមជាមួយអ្នកសម្របសម្រួល ជុំវណ្ណ សូដាជីវី (ប៊ែល) ជានាដការបាំសហសម័យ និងជាគ្រូបង្រៀនផ្នែកដឹកនាំរឿង ទម្រង់របាំបុរាណ និងរបាំសហសម័យនៅមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ក្រៅពីវត្តមានអ្នកជំនាញផ្នែកកសិកម្មវ័យក្មេង កញ្ញា សុធារតន៍ «តន្ត្រី និងកសិកម្ម» ក៏មានការចូលរួមពីសិល្បករ យឹង យន ជាអ្នកចម្រៀង និងជាសិល្បករដ៏ឆ្នើមមួយរូបមានទេពកោសល្យទាំងផ្នែកកំណាព្យខ្មែរ និងចម្រៀងសម័យ និងតន្ត្រីករ សួន សុភ័ក្ត្រ សិល្បករឯករាជ្យផងដែរ។
ការបកស្រាយលម្អិតមាននៅក្នុងការធ្វើបទបង្ហាញរបស់រថយន្តតន្ត្រីទិព្វខ្មែរក្រោមប្រធានបទ «តន្ត្រី និង កសិកម្ម» ដែលធ្វើឡើងនៅម៉ោង ៦ ដល់ ៧ ល្ងាច នាថ្ងៃពុធ ទី ១៥ ខែកក្កដា ម្សិលមិញនេះ។
ជាគម្រោងឯករាជ្យបង្កើតឡើងដោយលោក អាន ចនផន ជាស្ថាបនិក និង ស្ទីវ រីដ រថយន្តតន្ត្រីទិព្វខ្មែរមានបេសកកម្មនាំយកតន្ត្រីបុរាណទៅកាន់ភូមិនានា ជាពិសេសតំបន់ជនបទដាច់ស្រយាល និងទីមានជនជាតិដើមភាគតិច ដែលពុំសូវមានឱកាសបានទស្សនាផ្ទាំងទស្សនីយភាពសិល្បៈតន្ត្រី។
ស្ថាបនិកគម្រោងនេះធ្លាប់បានទស្សនាការសម្ដែងរបស់តាហៃ នៅតំបន់ដាច់ស្រយាលមួយខេត្តឧត្តរមានជ័យ និងបានឃើញអ្នកភូមិចេញមកស្ដាប់ការប្រគំតន្ត្រីបុរាណដោយផ្ទាល់ជាលើកទី ១ ក្នុងជីវិត។
ដូច្នេះគម្រោងរថយន្តតន្ត្រីទិព្វខ្មែរក៏ចាប់ផ្ដើមឡើងដោយចេញសម្ដែងទូទាំងប្រទេស ដោយខិតខំរក្សាទម្រង់សិល្បៈកម្រៗរបស់ខ្មែរឲ្យនៅមានសកម្មភាពរហូតមកក្នុងសង្គមខ្មែរ។
ក្នុងឆ្នាំ ២០១៧ គម្រោងនេះបានក្លាយជាកម្មវិធីមួយរបស់អង្គការសិល្បៈខ្មែរអមតៈ ដែលមានបទពិសោធជាង ២ ទសវត្សរ៍ លើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈនៅប្រទេសកម្ពុជា។
តួនាទីសំខាន់មួយរបស់តន្ត្រី គឺជួយផ្សះផ្សារផ្លូវចិត្ត បង្កភាពសប្បាយរីករាយ និងធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍ស្រស់ថ្លា។
ដូច្នេះហើយទើបកាលពីខែមិថុនា រថយន្តតន្ត្រីទិព្វខ្មែរ បានជ្រើសរើសប្រធានបទ ២ គឺ «តន្ត្រី និងការអប់រំចិត្ត» និង «តន្ត្រី និងបរិស្ថាន» មុននឹងបន្តដល់ប្រធានបទ «តន្ត្រី និងកសិកម្ម» នៅថ្ងៃទី ១៥ ខែកក្កដា។
នៅពេលបានស្តាប់តន្ត្រី កសិកររីករាយក្នុងការបំពេញការងារ និងអាចទទួលបានសារអប់រំ និងលើកទឹកចិត្តយ៉ាងឆាប់រហ័សតាមរយៈតន្ត្រី។
វីដេអូបទបង្ហាញអំពី «តន្ត្រី និងកសិកម្ម» អាចទស្សនាតាមរយៈទំព័រហ្វេសប៊ុក រថយន្តតន្ត្រីទិព្វខ្មែរ៕