ភ្នំពេញ៖ ពិព័រណ៍ស្នាដៃសិល្បៈបង្កើតថ្មីរបស់សិល្បករ ២ រូប គឺកញ្ញា ជា ដាលីន និងលោក ថោង វុទ្ធី នឹងសម្ពោធនៅឯវិចិត្រសាលទទឹម ចាប់ពីល្ងាចថ្ងៃទី ១៨ ខែមីនា នេះ និងបន្តដល់ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០ ក្រោមប្រធានបទថា «លំហូរ»។
បើតាមសេចក្តីប្រកាសព័ត៌មាននៃគេហទំព័រផ្លូវការរបស់វិចិត្រសាលឈ្មោះទទឹមបានឲ្យដឹងថា៖ «លំហូរ គឺជាពិព័រណ៍បង្ហាញនូវស្នាដៃថ្មីរបស់ សិល្បករ ២ រូប គឺកញ្ញា ជា ដាលីន និងលោក ថោង វុទ្ធី។ កញ្ញា ជា ដាលីន នឹងលើកបញ្ហាសង្គម និងពាក្យស្លោកខ្មែរថា ឃ្លោកលិច អំបែងអណ្ដែត មកពិចារណា។ ខណៈអំណាច និងការចង់មានចង់បាន ធ្វើឲ្យមនុស្សផ្លាស់ប្តូរ ភ្លេចគិតពីភាពសមហេតុសមផល ភ្លេចគោរពអ្នកដទៃ បង្កផលវិបាកដល់ប្រជាជនក្រីក្រ រំលោភបំពានលើទ្រព្យសម្បត្តិធម្មជាតិ និងទ្រព្យសម្បត្តិបុគ្គលជាដើម។ នេះជាលំហូរទុក្ខសោកមួយ ដែលកំពុងតែស្ថិតនៅជាប់ក្នុងសង្គមបច្ចុប្បន្ននេះ។ នៅក្នុងស្នាដៃថា «ព្រំដែនជីវិត» របស់កញ្ញា ដាលីន បានបង្តើតរូបភាពបញ្រ្ចាសពីរឿងឆ្មាកណ្តុរ ឆ្លុះបញ្ចាំងពីទិដ្ឋភាពនៅក្នុងសង្គម ដែលបញ្ហាជាច្រើនបកស្រាយតាមរយៈរូបគំនូរទាំង ៩ ផ្ទាំង របស់កញ្ញា»។
សេចក្តីប្រកាសដដែលនេះ បានបន្តឲ្យដឹងថា៖ «ចំណែកឯលោក ថោង វុទ្ធី នឹងលើកយកបញ្ហាបន្លែ ផ្លែឈើ និងសាច់ មកបង្ហាញ។ នាពេលបច្ចុប្បន្នប្រទេស កម្ពុជា មិនអាចផលិត និងផ្គត់ផ្គង់បន្លែ ផ្លែឈើ និងសាច់គ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ យើងបាននាំចូលបន្ថែមពីប្រទេសជិតខាងក្នុងតំបន់។ នេះគឺជាលំហូរមួយនៃការនាំចូលមានកាន់តែច្រើនបណ្តាលឲ្យមានការប៉ះពាល់ទៅដល់បរិស្ថានរស់នៅ ដូចជា រឿងប្លាស្ទិក និងសារធាតុគីមីជាច្រើន ដែលមាននៅក្នុងចំណីអាហារទាំងអស់នេះ។ ស្នាដៃលោក វុទ្ធី ឈ្មោះថា «វង្វេងភព» បង្កើតភាពទាក់ទាញចំណាប់អារម្មណ៍មនុស្សទូទៅ កុំឲ្យមើលរំលងការរស់នៅប្រចាំថ្ងៃរបស់គេ។ លោកក៏បានបង្កើតរូបថតចំនួន ១៥ សន្លឹក ដែលនិយាយពីតំបន់អវកាស ទីអណ្តែត វត្ថុហោះក្នុងលម្ហជាដើម»។
គួរបញ្ជាក់ដែរថា សិល្បការិនី កញ្ញា ជា ដាលីន កើតនៅឆ្នាំ ១៩៩៩ ដោយបច្ចុប្បន្នជានិស្សិតឆ្នាំទី ៣ ផ្នែកគំនូរនៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្រៅពីថ្នាក់គំនូរនេះ កញ្ញាក៏ ដាលីន ក៏បានសិក្សារបាំបុរាណផងដែរ ខណៈនាងបានបញ្ចប់ថ្នាក់សិល្បៈសហសម័យ នៅគម្រោងសិល្បៈស-ស កាលពីឆ្នាំ ២០១៩ កន្លងមក។
សេចក្តីប្រកាសខាងលើបង្ហើបឲ្យដឹងថា៖ «កញ្ញា ដាលីន ចាប់អារម្មណ៍លើការបង្កើតស្នាដៃច្នៃប្រឌិតបែប ប្រវត្តិសាស្រ្ត និងលើកពីបញ្ហានៃអយុត្តិធម៌សង្គម។ កញ្ញា ដាលីន បានចូលរួមក្នុងកម្មវិធីសម្តែង CHINGAY ធ្វើនៅឯប្រទេស សិង្ហបុរី កាលពីឆ្នាំ ២០១៩ កន្លងមក។ ការងារសិល្បៈ ព្រំដែនជីវិត ឆ្នាំ ២០១៩ បានចូលរួមពិព័រណ៍បញ្ចប់នូវថ្នាក់សិល្បៈសហសម័យមួយឈ្មោះថា «ដង្ហើម» នៅឯគម្រោងសិល្បៈស-ស ឆ្នាំ ២០២០។
ដោយឡែកលោក ថោង វុទ្ធី វិញកើតឆ្នាំ ១៩៨៩ មានស្រុកកំណើតនៅខេត្តកណ្តាល គឺជាកូនអ្នកធ្វើស្មិតសិល្បៈខ្មែរ នាពេលបច្នុប្បន្ន លោកជាអ្នករចនាក្រាហ្វិក និងជាអ្នកថតរូបឯករាជ្យ។ លោកចាប់ផ្តើមថតរូបនៅឆ្នាំ ២០១៣ នៅឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ បញ្ជាប់ការសិក្សានៅថ្នាក់ថតរូបស្ទូឌីយោរូបភាព នៅឯមជ្ឈមណ្ឌលបារាំងប្រចាំនៅកម្ពុជា៕