ភ្នំពេញ៖ បណ្តុំស្នាដៃគំនូរ និងការឌីហ្សាញច្នៃម៉ូដសម្លៀកបំពាក់ខ្មែរទម្រង់បុរាណរបស់សិល្បករ និងវិចិត្រករ ២ រូប សហការគ្នាបើកតាំងពិព័រណ៍ស្នាដៃរបស់ខ្លួនរយៈពេលមួយខែ ក្រោមចំណងជើងថា «នាងតែងខ្លួន» នៅមជ្ឈមណ្ឌលបុប្ផាណា។
ពិព័រណ៍នេះ បើកសម្ពោធ កាលពីល្ងាចថ្ងៃទី ៦ ខែ កញ្ញា កន្លងទៅថ្មីៗនេះ ខណៈដែលស្នាដៃសិល្បៈរៀបចំដោយសិល្បករខ្មែរ ២ រូប ស្ថិតនៅក្នុងមជ្ឈមណ្ឌល បុប្ផាណា ក្រោមប្រធានបទ «នាងតែងខ្លួន» ដែលស្នាដៃបែបសហសម័យជាសម្លៀកបំពាក់ប្រពៃណី ៤ ឈុត និងឈុតសម្លៀកបំពាក់សម័យទំនើបចំនួន ២ ឈុត។
ទាំងអស់នេះ គឺជាស្នាដៃរបស់សិល្បករឈ្មោះ សម្បត្តិ ឧត្តម ដែលជាអ្នករចនាម៉ូដសម្លៀកបំពាក់ និងលោក ចាន់ សោភ័ន ជាវិចិត្រករ និងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ប្រធានបទ «នាងតែងខ្លួន» ដែលរំលេចន័យដ៏គួរឲ្យចាប់អារម្មណ៍បំផុត បានឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតរបស់ស្ត្រី ឬគ្រឿងលម្អកាយផ្សេងៗ ដែលមានក្នុងសម័យកាលបុរាណ និងសម័យបច្ចុប្បន្ន ជាពិសេស ពិព័រណ៍នេះ បានបង្ហាញពីភាពច្នៃប្រឌិតរបស់សិល្បករគ្រប់រូប និងការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងសិល្បករ និងសិល្បករ ឲ្យកាន់តែមានភាពល្អប្រសើរជាមួយគ្នាទៅទៀត។
លោក ចាន់ សោភ័ន វិចិត្រករ ដែលមានស្រុកកំណើតក្នុងគ្រួសារ កសិករនៅខេត្តព្រៃវែង និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសូនរូប និងវិចិត្រកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅក្នុងឆ្នាំ ២០១០ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសិល្បៈ នៅសាកលវិទ្យាល័យ SangMyung ប្រទេស កូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៤ បានបញ្ជាក់ពីគោលបំណងនៃការរៀបចំពិព័រណ៍ស្នាដៃបែបសហសម័យនៃការច្របាច់បញ្ចូលគ្នានៃទម្រង់សិល្បៈបុរាណនានាដូចជាវិចិត្រកម្ម និងរចនាម៉ូដសម្លៀកបំពាក់នេះផងដែរ។
លោក សោភ័ន បង្ហើបឲ្យដឹងពីគម្រោងរៀបចំនាពេលដំបូងដែលមានចំនួន ៥ រូប តែចុងក្រោយបែរជានៅសល់តែ ២ រូប ព្រោះ ៣ រូបទៀតបែរជាបានដកខ្លួនថយមិនដឹងពីមូលហេតុច្បាស់លាស់ផងដែរថា៖ «ដើមចមនៃការរៀបចំពិព័រណ៍នេះ ខ្ញុំគឺជាអ្នកមេគំនិតកៀរគរក្រុមសិល្បករ និងវិចិត្រករនានា ឲ្យមានការសហការរៀបចំឡើង ដែលដំបូងយើងមានក្រុមការងារចំនួន ៥ រូប តែនៅចុងក្រោយ ពួកយើងនៅសល់តែ ២ នាក់ គឺខ្ញុំ និងលោក សម្បត្តិ ឧត្តម តែប៉ុណ្ណោះ។
គោលដៅយើងចង់ឲ្យមានការសហការគ្នារវាងក្រុមអ្នកសិល្បៈផ្នែកគំនូរ និងឌីហ្សាញនេះឯង គឺចង់ឲ្យមានការជួបជុំគ្នា និងពិភាក្សាគ្នា ឬផ្តល់យោបល់ឲ្យគ្នាទៅវិញទៅមកក្នុងការបង្កើតស្នាដៃរបស់ខ្លួន ដើម្បីឈានទៅដាក់តាំងពិព័រណ៍នោះឯង។ ចំពោះពិព័រណ៍នេះ យើងចង់បង្ហាញពីឈុតសម្លៀកបំពាក់ទម្រង់បែបសហសម័យរបស់ខ្មែរនាសម័យមួយចំនួនតាំងពីបុរាណរហូតមកដល់សម័យកាលទំនើបនេះ ដែលមានលក្ខណៈជាការច្នៃប្រឌិតបញ្ចូលគ្នាបែបសិល្បៈ»។
គួរបញ្ជាក់ដែរថា ប្រិយមិត្តអាចចូលរួមទស្សនាការតាំងពិព័រណ៍នេះ ដោយសេរី ដើម្បីស្វែងយល់ពីទម្រង់សម្លៀកបំពាក់បែបសហសម័យ នៅឯមជ្ឈមណ្ឌលបុប្ផាណា ដោយការតាំងពិព័រណ៍បានចាប់បើកតាំងពីថ្ងៃទី ៦ ខែ កញ្ញា និងបន្តរហូតដល់ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះ៕