ភ្នំពេញ៖ ក្នុង​បំណង​​​រឹត​​ចំណង​ទាក់ទង​វប្បធម៌ ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​បារាំង​សិល្បករ​កម្ពុជា ៣ រូប ​ពី​ផលិតកម្ម​ KlapYaHandz វុទ្ធា​ AGO និង ស្រីលក្ខណ៍ ដែល​ម្នាក់ៗ​មាន​អ្នក​ទស្សនា​វីដេអូ​រាប់​លាន​ដង​នោះ ត្រូវ​បាន​អញ្ជើញ​​ទៅ​សម្ដែង​​ជា​លើក​ដំបូង​ ឯ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី ២៨​ ខែ​កុម្ភៈ ​នេះ។

Helene និង Dara ស្ថាបនិក​ Sabay Event។ រូបថត សហ​ការី

ស្ថាបនិក Sabay Events លោក Dara Thong និង​អ្នកនាង Helene Malterre ជា​កូន​ខ្មែរ​បារាំង និង​ជា​អ្នក​សហការ​រៀបចំ​កម្មវិធី​នេះ ជាមួយ​សមាគម​ Samaki Kohn Khmer។

អ្នកនាង Helene បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ឲ្យ​ដឹង​ថា៖ «យើង​ពិត​ជា​ចង់​ឲ្យ​​ខ្មែរ និង​អ្នក​នៅ​បារាំង ដែល​ស្រឡាញ់​ខ្មែរ​អាច​ស្វែង​យល់​ពី​អ្នក​មាន​ទេពកោសល្យ​របស់​ KlapYaHandz ​ជា​ពិសេស​គឺ​សិល្បករ​​ដ៏​លេច​ធ្លោ​ទាំង​បី វុទ្ធា AGO និង​ស្រីលក្ខណ៍ ដែល​នេះ​ជា​លើក​ដំបូង​របស់​ពួក​គេ​សម្រាប់​ការ​សម្ដែង​ក្រៅ​ទ្វីប​អាស៊ី»។

វុទ្ធា អាច​និពន្ធ​ចម្រៀង​ និង​មាន​សំឡេង​បែប​ផ្អែម ដោយ​ស្ទីល​​ចម្រៀង​របស់​គាត់​ភាគ​ច្រើន​ទទួល​ឥទ្ធិពល​ពី​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត និង​ស្ដេច​ចម្រៀង​ប៉ុប ម៉ៃឃើល ជេកសុន។

បទ​ចម្រៀង​ដ៏​ពេញ​និយម​បំផុត​​របស់​តារា​វ័យ ២៥ ឆ្នាំ​រូប​នេះ ​គឺ «អូន​សាសន៍​អី» និង​បទ «ក្រមុំ ​៣ ស្ទីល» ដែល​មាន​ចំនួន​ទស្សនា​សរុប​ជាង ៣០ លាន​ឯណោះ។

រីឯ AGO ជា​តារា​ចម្រៀង​វ័យ ២៨ ឆ្នាំ ដែល​និយម​ច្រៀង​បទ​ពី​ដើម ហើយ​ក្នុង​នោះ​វីដេអូ​បទ «ស្ដាយ​ស្នេហ៍​អភ័ព្វ» មាន​ចំនួន​​ទស្សនា​លើ​យូធូប​​ដល់​ទៅ​ជាង ២០ ​លាន​ដង។

វុទ្ធា ក្នុង​វីដេអូ​ចម្រៀង អូនសាសន៍អី ដែល​មានចំនួន​ទស្សនា​រាប់លាន​ដង​​​លើ​យូធូប​។ រូបថត សហ​ការី

ស្រីលក្ខណ៍ ជា​តារា​ចម្រៀង​​មក​ពី​ខេត្ត​បាត់ដំបង ក៏​ល្បី​ដោយសារ​ការ​លើក​យក​បទ​ចម្រៀង​មរតក​ដើម​មក​បកស្រាយ​​ផងដែរ។

ពួក​គេ​ទាំង ៣ គឺ​ជា​តារា​លេច​ធ្លោ​នៅ​​ KlapYaHandz ដែល​បង្កើត​ឡើង​ដោយ​លោក សុខ វិសាល នៅ​ឆ្នាំ ២០០៥ ដោយ​មាន​​ចំនួន subscribers តាម​យូធូប​ដល់​ទៅ​ជាង ៣៩ ម៉ឺន​នាក់ ​និង​ចំនួន​ទស្សនា​សរុប ៩០ លាន​​ជុំវិញ​ពិភព​លោក។

ការ​ប្រគំ​តន្ត្រី​របស់​ពួក​គេ​នឹង​ធ្វើ​នៅ​តំបន់​សម្បូរ​ខ្មែរ​ និង​ជនជាតិ​អាស៊ី​រស់នៅ Paris 13 ដោយ​អ្នក​រៀបចំ​កម្មវិធី​បាន​លើក​ហេតុផល​ថា៖ «យើង​ក៏​ចង់​​បង្ហាញ​ពិភព​លោក​ពី​ការ​រស់រាន​រីក​ចម្រើន​ឡើង​វិញ​នៃ​វិស័យ​សិល្បៈ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ»៕