ភ្នំពេញ៖ ផ្ទាំងគំនូរសហសម័យស្នាដៃវិចិត្រករស្រីរូបស្រស់ជនជាតិកូរ៉េ និងរូបថតរំលេចពន្លឺភ្លើងលើរូបកាយរបស់អ្នកថតរូបជនជាតិអ៊ីតាលី ត្រូវបានដាក់តាំងបង្ហាញនៅវិចិត្រសាលស្រាអាត ចាប់តាំងពីថ្ងៃទី ៣១ ខែតុលា រហូតដល់ថ្ងៃទី ១៩ ខែធ្នូ ក្រោមចំណងជើងថាពិព័រណ៍ «បន្ទប់ខាងក្នុង» (The Inner Room)។
បង្កប់នូវអត្ថន័យស្ដែងពីភាពភ័យខ្លាចរបស់បុគ្គលនីមួយៗ ពិព័រណ៍នេះជាការសហការរវាងសិល្បការិនីជនជាតិកូរ៉េ អ្នកនាង អ៊ីនជី យន់ និងអ្នកថតរូបដើមកំណើតអ៊ីតាលី លោក Gian Claudio Di Cecco។
សិល្បការិនីរូបស្រស់ជនជាតិកូរ៉េ អ៊ីនជី យន់ ជាអ្នកជំនាញផាត់មុខតួអង្គ និងជាអ្នកគូរគំនូរ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យសិល្បៈទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
វិចិត្រករស្រីកូរ៉េរូបស្រស់រូបនេះបានលើកឡើងថា៖ «ក្នុងវេលាជាអ្នកសិល្បៈ ១ រូប ខ្ញុំបានដឹងថា មនុស្សយើងនៅពេលដែលបិទបាំងដោយការតុបតែងផាត់មុខ ឬប្រែកាយជាតួអង្គមួយផ្សេងពីខ្លួនយើង យើងមានអារម្មណ៍ថា ស្រួលក្នុងចិត្ត។ ខ្ញុំក៏ចាប់ផ្ដើមសួរខ្លួនឯងថាតើហេតុអ្វីបានជាមនុស្សយើងមានអារម្មណ៍បែបនេះ នៅពេលដែលយើងដើរតួជាតួអង្គ ១ ផ្សេងទៀត ដែលមិនមែនជាខ្លួនយើង?»។
អ្នកនាង អ៊ីនជី បានធ្វើដំណើរទៅកាន់បណ្ដាប្រទេសជាច្រើន ដើម្បីសន្សំបទពិសោធពីជំនាញសិល្បៈទាំងនេះ។
អារម្មណ៍ភ័យខ្លាច ការឈឺចាប់ ការបាត់បង់ម្ចាស់ការក្នុងការគិតត្រិះរិះពិចារណា និងបទពិសោធបាក់ស្បាត អាចជះឥទ្ធិពលដល់មនុស្សក្នុងការជឿជាក់លើធាតុពិតរបស់ខ្លួន។
នាងទទួលស្គាល់ថា មិនមែនសុទ្ធតែមនុស្សគ្រប់គ្នាទាំងអស់យល់ឃើញដូច្នោះទេ ប៉ុន្តែអារម្មណ៍ស្រណុកក្នុងចិត្តនៅពេល ដែលបានតុបតែងកាយជាមនុស្សផ្សេងនោះ ពិតជាមិនអាចបដិសេធបានចំពោះមនុស្សមួយចំនួនទៀត។
ដូច្នេះហើយ អ្នកនាង អ៊ីនជី ទទូចថាបុគ្គលម្នាក់ៗត្រូវតែក្លាហានប្រឈមនឹងអារម្មណ៍ដ៏ច្របូកច្របល់ទាំងនេះ ហើយសិល្បៈក៏អាចដើរតួនាទីក្នុងការព្យាបាលផ្លូវចិត្តអារម្មណ៍ផងដែរ។
នាងបានលើកឡើងថា៖ «វាពិតជាពិបាកនឹងទទួលស្គាល់ថា ការរីករាយនឹងតែងខ្លួនជាអ្នកដទៃធ្វើឱ្យយើងសប្បាយចិត្ត តែនេះជាការពិតក្នុងករណីមួយចំនួន។ ខណៈដែលសំណេរតាមប្លុក កម្មវិធីទូរទស្សន៍ ភាពយន្តឯកសារ និងការផ្សព្វផ្សាយនានាសុទ្ធតែលើកទឹកចិត្តឱ្យយើងស្រឡាញ់ខ្លួនឯងក្នុងនាមជាខ្លួនឯង»។
ជាមួយស្នាដៃគំនូរសហសម័យសម្ពោធពិព័រណ៍ចំថ្ងៃបុណ្យហាឡូវីន អ្នកនាងបានលើកឡើងថា៖ «ខ្ញុំចង់លើកកម្ពស់ការយល់ដឹងអារម្មណ៍ដែលលាក់ទុកក្នុងខ្លួនយើងម្នាក់ៗ និងជំរុញស្មារតីពីភាពអវិជ្ជមានដ៏អយុត្តិធម៌ ដែលរារាំងយើងក្នុងការដើរតួជាធាតុពិតរបស់យើង»។
ស្នាដៃដាក់តាំងក្នុងវិចិត្រសាលរួមគ្នាជាមួយអ្នកនាង អ៊ីនជី គឺជារូបថតរបស់លោក Gian Claudio Di Cecco ដែលប្រើបច្ចេកទេសពន្លឺលើរាងកាយមនុស្សក្នុងការផ្ដិតយករូបភាពសិល្បៈ។
សិល្បករថតរូបមកពីទឹកដីក្រុងស៊ីស៊ីលី ដែលសម្បូរភ្នំភ្លើងជាប់សមុទ្រនៅប្រទេសអ៊ីតាលី បានលើកឡើងថា៖ «ដោយសារតែខ្ញុំអសមត្ថភាពក្នុងការគូររូបរាងមនុស្ស ដូច្នេះក្នុងក៏ជ្រើសរើសយកការថតរូប ដោយប្រើប្រាស់ពន្លឺបញ្ចាំងលើស្បែករាងកាយ ជាទម្រង់ផ្សេងៗ»។
កម្រងរូបភាពនេះជាទម្រង់កាយមនុស្សស្រីជាទម្រង់ខ្សែពន្លឺរំលេចឡើងលើរាងកាយនាង ដែលផុសឡើងពោរពេញដោយថាមពលពីពិភពសុបិននៃទីងងឹតស្លុប។
អ្នកថតរូបសិល្បៈដើមកំណើតអ៊ីតាលីរូបនេះបានបញ្ចេញទស្សនៈឡើងថា៖ «ដោយសារតាមការពិតទៅ រូបភាពគឺជាពន្លឺ វាគឺជាពន្លឺសុទ្ធសាធ។ ពេលអ្នកឃើញរូបខ្ញុំ តាមពិតអ្នកមិនប្រាកដថាឃើញខ្ញុំនោះទេ វាជាពន្លឺចាំងឆ្លុះលើខ្ញុំ។ នេះហើយគឺជារូបភាព»។
ពិព័រណ៍ The Inner Room នឹងបន្តដាក់តាំងរហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០។ វិចិត្រសាលសហសម័យ ស្រាអាត ស្ថិតនៅលើវិថីសុធារស ម្ដុំសារមន្ទីរជាតិ និងព្រះបរមរាជវាំង។ ព័ត៌មានបន្ថែមមាននៅហ្វេសប៊ុកផេក @sraartstudio ឬអ៊ីនស្តាក្រាម @sraart_studio ឬចូលទៅកាន់ វេបសាយ https://www.sraartstudios.com/ ឬខលទៅកាន់លេខ ០៨១ ៤៦១ ៧១១៕