ភ្នំពេញ៖​ នៅ​​​ថ្ងៃ​សុក្រ​ទី ២០ ខែ ​មីនា ឆ្នាំ​ ២០២០ ចាប់​ពី​ម៉ោង ​៣ រសៀល​ដល់​​ម៉ោង​ ៥ ល្ងាច នៅ​វិចិត្រសាល​​​នៃ​គម្រោង​​សិល្បៈ​ស-ស​​ និង​ពិធី​​សិក្ខាសាលា​ស្តីពី​ភោជនាហារ​ ដោយ​សិល្បការិនី​ឥណ្ឌូនេស៊ី​ អេលៀ ណូលរ៍ហ្វីស្តា​​ ក្រោម​​ការ​គាំទ្រ​ពី​មូលនិធិ​រៃ (Rei ​Foundation)។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​​ថា​៖ «​​កម្មវិធី​សិក្ខាសាលា​មួយ​នេះ អេលៀ ណូលរ៍ហ្វីស្តា ​នឹង​​ចែក​​រំលែក​​អំពី​គំនិត​ ដែល​បាន​រៀបរាប់​ខាង​លើ និង​ពិភាក្សា​រួមគ្នា​ ជាមួយ​នឹង​អ្នក​ចូលរួម​​សិក្ខា​សាលា ខណៈ​​​​ពេល​ដែល​យើង​កំពុង​ចម្អិន ឬ​​បរិភោគ។​ នា​អំឡុង​ពេល​ធ្វើ​និវាសដ្ឋាន​សិល្បៈ​នៅ​ក្នុង​​ប្រទេស ​កម្ពុជា​ គាត់​ក៏​បាន​ស្វែង​យល់​អំពី​​​ម្ហូប​អាហារ ​ដោយ​ភាគ​ច្រើន​មាន​នៅ​​​អំទ្បុង​​​​​យុគសម័យ​ខ្មែរ​ក្រហម​ ដែល​ទាក់ទង​​​នឹង​​របប​អាហារ​ត្រូវ​​​​​​បាន​គេ​កំណត់​​ ជាមួយ​​ភាព​អត់​ឃ្លាន ​ដែល​បាន​​​កើត​ឡើង​​ក្នុង​របប​ខ្មែរ​ក្រហម​។​

ប្រធានបទ​មួយ​នេះ គឺ​ត្រូវ​បាន​បន្ត​ពី​ការ​ស្រាវជ្រាវ​របស់​គាត់​នា​ពេល​កន្លង​មក​ អំពី​ប្រទេស ​ឥណ្ឌូនេស៊ី នៅ​ក្នុង​​​​អំឡុង​ពេល​​​​​ មាន​ភាព​ចលាចល​ផ្នែក​នយោបាយ​នៅ​ក្នុង​ឆ្នាំ ១៩៦៥ និង​​នៅ​ប្រទេស ​រ៉ូម៉ានី​ ក្រោម​សម័យកាល​នៃ​​​ប្រទេស​កុម្មុយនីស្ត​។​

សិល្បការិនី ​រូប​គាត់​ក៏​មាន​បំណង​ធ្វើ​ការ​ស្រាវជ្រាវ​គម្រោង​នេះ ទាក់ទង​ជាមួយ​នឹង​វប្បធម៌​ចំណី​អាហារ​​​​នៅ​​​តំបន់​អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែល​​ជា​​ទីកន្លែង ដែល​មាន​ប្រភព​​អង្ករ​យក​មក​​​​ធ្វើ​ជាអាហារ​ដ៏​ចម្បង ហើយ​ក៏​​មាន​​​​ទំនាក់ទំនង​ជាមួយ​នឹង​​​ប្រវត្តិសាស្រ្ត ​សាសនា និង​ស្ថានភាព​នយោបាយ​ផង​ដែរ​។

សិល្បការិនីឥណ្ឌូនេស៊ី អេលៀ ណូល​រ៍​ហ្វី​ស្តា​។ រូបថត សហ​ការី

កម្មវិធីពិ​សោធន៍​គឺ​ជា​កម្មវិធី​និវាសដ្ឋាន​​សិល្បៈ​មួយ​ សម្រាប់​សិល្បករ​ខ្មែរ ​​ក៏​​ដូចជា​សិល្បករ​អន្តរជាតិ ដើម្បី​ស្នាក់នៅ និង​ធ្វើ​ការ​ពេញ​ម៉ោង​រយៈពេល​ ពី​ ៦ ទៅ ​៨ សប្តាហ៍ ​នៅ​ក្នុង​ទីតាំង​របស់​គម្រោង​​​​សិល្បៈ​ស-ស នៅ​ទីក្រុង​ភ្នំពេញ​។ ក្នុង​អំឡុង​ពេល​និវាសដ្ឋាន​នេះ ​យើង​លើក​ទឹក​ចិត្ត​ឲ្យ​សិល្បករ​សាកល្បង​ដក​បទពិសោធ​ក្នុង​ការងារ​សិល្បៈ​របស់​គាត់។​ នៅ​ក្នុង​កម្មវិធី​ពិសោធន៍​នឹង​​មិន​ស្នើ​ឲ្យ​​សិល្បករ​បង្កើត​​​ស្នាដៃ​សម្រាប់​តាំង​ពិព័រណ៍​ទេ។ កម្មវិធី​នេះ​ នឹង​ផ្តល់​ឲ្យ​សិល្បករ​មាន​សេរីភាព​ក្នុង​​ការ​បង្កើត​សិល្បៈ​ និង​ធ្វើ​អ្វី​ក៏​បាន​ដែល​សិល្បករ​ចង់។​ សិល្បករ​នឹង​ត្រូវ​ជំរុញ​ឲ្យ​​សាកល្បង​វិធីសាស្រ្ត​ថ្មីៗ ​នៅ​ក្នុង​ការ​ប្រើប្រាស់​សម្ភារ ​​គំនិត​ថ្មីៗ​ ឬ​ក៏​វិធីសាស្រ្ត​ថ្មីៗ​ ក៏​ដូចជា​ការ​ប្រឈម​នឹង​ការ​បង្កើត​​ឲ្យ​មាន​លទ្ធភាព​សិល្បៈ។

ចំពោះ​​​សិល្បការិនី​ អេលៀ ណូលរ៍ហ្វីស្តា​ កើត​នៅ​ឆ្នាំ ​១៩៨៣ គាត់​គឺ​ជា​សិល្បករ​ចក្ខុវិញ្ញាណ និង​ជា​សហស្ថាបនិក​​នៃ​ក្រុម​សិល្បៈ​​បាគូ​ដា​ប៉ាន់ (BAKUDAPAN) និង​បាន​​​ផ្តួចផ្តើម​សហការ​បង្កើត​នៅ​ក្រុម​បាគូដាប៉ាន់ ​សិក្សា​អំពី​ម្ហូប​អាហារ។

សិល្បការិនី​ អេលៀ ណូលរ៍ហ្វីស្តា ​បាន​​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាស្ថាន​វិចិត្រ​​សិល្បៈ​ ឥណ្ឌូនេស៊ី​ផ្នែក​រចនា។ ​គាត់​ចាប់​អារម្មណ៍​ស្រាវជ្រាវ ទៅ​​លើ​ឧបករណ៍​សិល្បៈ​​ផ្សេងៗ​​​ជា​ច្រើន រួម​មាន​ វិធីសាស្រ្ត​អប់រំ និង​ប្រព័ន្ធ​នៃ​ការ​ចាត់ចែង​ម្ហូប​អាហារ​។ អេលៀ​ ណូលរ៍ហ្វីស្តា​ ក៏​បាន​ចូលរួម​​ក្នុង​ការ​តាំង​ពិព័រណ៍ និង​និវាសដ្ឋាន​​សិល្បៈ​ ជា​ច្រើន​​រួមមាន​ទាំង​នៅ​ក្នុង​ស្រុក និង​អន្តរជាតិ​ផង​ដែរ​។ ​សម្រាប់​ព័ត៌មាន​បន្ថែម​​ សូម​ចូល​ទៅ​ក្នុង​គេហទំព័រ​ www.elianurvista.com៕​