ខេត្តសៀមរាបៈ ខណៈ​ក្រុម​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​មកពី​ទិសទី​នានា​នៃ​ពិភពលោក​ចាប់​អារម្មណ៍​នឹង​សម្រស់​នៃ​សំណង់​ប្រាសាទ​បុរាណ​អង្គរវត្ត ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អង្គការ​យូណេស្កូ​នោះ តែ​ហាក់​ដូច​មិន​សូវ​មាន​អ្នក​យក​ចិត្ត​ទុកដាក់​នឹង​ទម្រង់​សិល្បៈ​ជាង​ចម្លាក់​ស្មិត​ដែល​ទំនង​ជា​កេរមរតក​វប្បធម៌​ខ្មែរ​តាំងពី​សម័យមុន​អង្គរ​នោះ​សោះ​ទៅវិញ​។

លោក អ៊ិត សុភាព ជា​សិប្បករ​ចម្លាក់​ស្មិត វ័យ ៤៤ ​ឆ្នាំ​ដែល​ចេះ​ជំនាញ​ចម្លាក់​សូន​រូប ឬ​ចម្លាក់​ស្មិត​មិន​បាន​រៀន​នៅ​សាលា​វិចិត្រសិល្បៈ ដោយ​គ្រាន់​តែ​រៀន​បន្ត​ពី​ឪពុក​តាំងពី​វ័យក្មេង និង​បាន​ឆ្លងកាត់​តែ​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក្នុង​កម្មវិធី​ចុះ​បង្រៀន​ដល់​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​របស់​អង្គការ​យូណេស្កូ (UNESCO) នោះ​កំពុង​តែ​សម្តែង​ការព្រួយបារម្ភ​ពី​ការប្រឈម​នឹង​ការធ្លាក់ចុះ​អ្នករៀន​ជំនាញ​សិល្បៈ​ចម្លាក់​ស្មិត​លើ​គ្រឿង​ស្ពាន់ និង​ស៊ីម៉ងត៍​នេះ​។

លោក អ៊ិត សុភាព ដែល​ប្រកបរបរ​ជាង​ចម្លាក់​ស្មិត​រយៈពេល ២០ ​ឆ្នាំ​មក​ហើយ​ដោយ​មាន​លំនៅឋាន​ស្ថិត​នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ខណៈ​ក្នុង​ចំណោម​បងប្អូន ៤ ​នាក់​បាន​ប្រកបរបរ​នេះ​មាន ៣ ​នាក់​បាន​ដូរ​មុខរបរ​ថ្មី​អស់​ហើយ​គឺ​នៅ​សល់​តែ​លោក​ម្នាក់​ប៉ុណ្ណោះ ព្រោះ​តែ​មិន​អាច​រកប្រាក់​ចំណូល​ទ្រទ្រង់​ជីវភាព​បាន​។

សិប្បករ​ចម្លាក់​ស្មិត​កំពុង​ផ្ចិតផ្ចង់​សង់​ប្រាសាទ​អង្គរវត្ត​ដ៏តូច​ច្រឡឹង​។ រូបថត សហការី

ជាង​ចម្លាក់​ស្មិត​រូប​នេះ​បាន​លើក​ជា​សំណូមពរ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​លើក​ទឹកចិត្ត និង​រក្សា​កេរដំណែល​សិល្បៈ​បុរាណ​នេះ​ដោយ​ដឹង​នូវ​ប្រវត្តិ​តពី​ឪពុក​ថា​៖ «​បើ​តាម​ឪពុក​ខ្ញុំ [​អតីត​គ្រូបង្រៀន​ផ្នែក​សូន​រូប​នៅ​សាលា​រចនា​] ប្រាប់​ថា សិល្បៈ​ចម្លាក់​ស្មិត​គឺជា​មរតក​ពី​ដូនតា​តាំងពី​សម័យមុន​អង្គរ​មក តែ​ពេល​នេះ​កាន់តែ​ខ្សត់​អ្នក​រៀន​បន្ត និង​លែង​សូវ​មាន​អ្នក​ចាប់​យក​ជា​មុខរបរ ដោយសារ​តែ​ខ្វះ​ការ​ឲ្យ​តម្លៃ​មិន​សូវ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​គិតគូរ​អើពើ និង​ខ្សត់​ទីផ្សារ​រកប្រាក់​ចំណូល​។ ម្យ៉ាង​ទៀត​ប្រសិន​បើ​គ្មាន​ការគិតគូរ និង​ថែរក្សា​បន្ត​ទេ អាច​នឹង​ត្រូវ​ប្រទេស​ជិតខាង (​លោក​សំដៅ​ប្រទេស​ថៃ​) គេ​នឹង​ស្នើ​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​យូណេស្កូ មុន​យើង​ជា​មិន​ខាន​ទេ នេះ​ជា​ការព្រួយបារម្ភ​របស់​ខ្ញុំ​តទៅ​ថ្ងៃ​មុខ​»​។

សា្នដៃ​ចម្លាក់​ស្មិត​ជា​ប្រាសាទ​អង្គរវត្ត​ដ៏តូច​ច្រឡឹង សម្រស់​ស្រស់ស្អាត ជា​ស្នាដៃ​សិល្បៈ​វប្បធម៌​កូន​ខ្មែរ​ពិតៗ​នោះ ក៏​មិន​ងាយស្រួល​ឡើយ​ក្នុង​ការបង្កើត​គឺ​ត្រូវ​ចំណាយពេល​តិច​បំផុត ៣ ​ខែ​កន្លះ និង​យូរ​បំផុត​ក៏ ៥ ​ខែ​ដែរ ទើប​អាច​សម្រេច​បាន​ផល​។

លោក អ៊ិត សុភាព បាន​បញ្ជាក់​រំឭក​ពី​ស្នាដៃ​ដំបូង​របស់​ឪពុក​លោក និង​មាន​វត្តមាន​រូបលោក​នៅ​ក្មេង​ចូលរួម​ដែរ​នោះ​ថា​៖ «​ស្នាដៃ​ចម្លាក់​ស្មិត​ជា​រូប​អង្គរវត្ត​ដំបូង​គេ​គឺ​មាន​នៅក្នុង​ព្រះបរមរាជវាំង​ភ្នំពេញ​ដែល​ស្ថិត​នៅ​ខាងក្រោយ​នៃ​ព្រះវិហារ​ព្រះកែវ​មរកត​។ សំណង់​នោះ​មាន​លក្ខណៈ​ស្អាត​ផូរផង់​គឺ​មាន​ទម្រង់​ជា​ប្រាសាទ​ដែល​មើល​ទៅ​ឃើញ​មាន​កំពូល​ ៩ ដោយ​កាល​នោះ​គឺ​ត្រូវ​បាន​សម្តេច​ចៅហ្វា​វាំង គង់ សំអុល កុម្ម៉ង់​ឲ្យ​ឪពុក​ខ្ញុំ​សង់​។ ប្រសិន​បើ​សំណង់​ចម្លាក់​ស្មិត​ដែល​កុម្ម៉ង់​បែប​នោះ សម័យ​នេះ​ប្រហែល​មាន​តម្លៃ ១៥ ០០០ ​ដុល្លារ​ដោយ​ប្រើ​ពេល​ធ្វើ ៥ ​ខែ​។ ចំពោះ​សំណង់​ប្រាសាទ​អង្គរវត្ត​តូចៗ​ដែល​មាន​ទំហំ​ប្រវែង​ដូចជា ២ ​ម៉ែត្រ​វិញ​មាន​តម្លៃ​ចន្លោះ​ពី ២ ៥០០ ​ដុល្លារ​ដល់ ៥ ០០០ ​ដុល្លារ​គឺ​អាស្រ័យ​លើ​ទំហំ​ខ្នាត​ដែល​ត្រូវ​ពេល​តិច​បំផុត ៣ ខែ​កន្លះ​ទើប​ធ្វើ​រួចរាល់​»៕