ភ្នំពេញៈ សិស្ស​វិទ្យាល័យ​ នីសិនគ្រីបអាខាដិមី (Neeson Cripps Academy-NCA) នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) តំបន់​ស្ទឹងមានជ័យ​បានរៀបចំ​នូវ ពិព័រណ៍​យុវតី​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្នុង​គោលបំណង​បង្ហាញ​ពី​ដំណើរ​វិវឌ្ឍន៍​របស់​ក្មេងស្រី ដែល​កំពុង​សិក្សា​មុខវិជ្ជា STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​វិស្វកម្ម និង​គណិតវិទ្យា​) ដើម្បី​អបអរសាទរ​សមិទ្ធផល​របស់​សិស្សស្រី​ក្នុង​ទិវា​សិទ្ធិនារី​អន្តរជាតិ​ឆ្នាំ​ ២០២០​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្នុង​ចំណោម​សិស្សានុសិស្ស​សរុប​ ៤០០ ​នាក់​ដែល​សព្វថ្ងៃ​សិក្សា​នៅ​វិទ្យាល័យ​ នីសិនគ្រីបអាខាដិមី (NCA) មាន​ជាង ៧៥ ​ភាគរយ​គឺជា​ក្មេងស្រី​ក្រោម​ការជួយ​ពី​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ដែល​ធ្វើ​ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ក្មេងស្រីៗ​ចូល​សិក្សា​នៅ​ទីនោះ និង​លើក​ទឹកចិត្ត​ឲ្យ​ស្វែងរក​មុខវិជ្ជា​វិទ្យាសាស្ត្រ​ឈាន​ដល់​សម្រេច​សក្តានុពល​របស់​ពួកគេ​ដែល​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​។

ពិព័រណ៍​យុវតី​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នេះ​ក៏​ជា​គំនិត​ផ្តួចផ្តើម​ដំបូង​ថ្មី ជា​ដៃគូ​រវាង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​ក្រុមហ៊ុន​សប្បុរសធម៌​ធីជីប៊ី (TGBCharity) ដែល​គាំទ្រ​ដល់​អង្គការ​ជុំវិញ​ពិភពលោក​ដែល​មិនបាន​ស្វែងរក​ប្រាក់ចំណេញ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ភ្ជាប់​ការ​ផ្តល់ព័ត៌មាន​។

ព្រឹត្តិការណ៍​នេះ​មាន​ការពិភាក្សា​ និង​ការបង្ហាញ​សិល្បៈ មនុស្សយន្ត​ឌីជីថល ភាពច្បាស់លាស់​នៃ​ការប្រកួតប្រជែង​ព្រមទាំង​បទពិសោធ​លើ​ខាង​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកទេស​សម្រាប់​សិស្សានុសិស្ស​ស្រី​បាន​គឺ​ត្រូវ​កំណត់​ចាប់ពី​សិស្ស​ថ្នាក់​ទី​ ៧ ដល់​ថ្នាក់​ទី​ ១២​។

សិស្ស​វិទ្យាល័យ​ នីសុនក្រីបអាខាដិមី អតីត​រស់នៅ​តំបន់​គំនរ​សំរាម​។ហេង ជីវ័ន

លោក ស្កតនីសិន ជា​ស្ថាបនិក និង​ជា​នាយកប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បាន​លើកឡើងថា​៖ «​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​ក្រុមហ៊ុន​សប្បុរសធម៌​ធីជីប៊ី​ (TGBCharity)​។ ការវិនិយោគ​លើ​ការអប់រំ​លើ​មុខវិជ្ជា (STEM គឺជា​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​) នឹង​ផ្តល់​សារៈសំខាន់​ចាំបាច់​ច្រើន សម្រាប់​មនុស្ស​គ្រប់​ជំនាន់​ហើយ​អនុញ្ញាត​ឲ្យ​ក្មេងស្រី​នឹង​ក្លាយជា​អ្នកដឹកនាំ​បច្ចេកវិទ្យា និង​វិស្វកម្ម​ទៅ​ថ្ងៃ​ខាងមុខ​»​។

សម្រាប់​ក្រុមហ៊ុន​សប្បុរសធម៌​ធីប៊ីជី (TGBCharity) បានធ្វើការ​បរិច្ចាគ​នូវ​សប្បុរសធម៌​នេះ​ទៅ​ដល់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ដើម្បី​ប្រើប្រាស់​ក្នុង​ផ្នែក​អប់រំ​បច្ចេកវិទ្យា​នៅ​តាម​សាលា​នានា ខណៈ​ការបរិច្ចាគ​នេះ​ផងដែរ​ក៏​នឹង​ជួយ​ឲ្យ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​អាច​បង្កើត​កម្មវិធីសិក្សា​របស់ខ្លួន និង​ទាក់ទាញ​ក្រុមយុវជន​កាន់តែ​ច្រើន​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ផ្នែក​បច្ចេកវិទ្យា និង​មុខជំនាញ​អាជីព​របស់​ពួកគេ​នាពេល​អនាគត​។

តំណាង​ក្រុមហ៊ុន​សប្បុរសធម៌​ធីជីប៊ី (TGBCharity) ក៏បាន​លើកឡើង​នាឱកាស​បើក​កម្មវិធី​កាលពី​ចុង​សប្តាហ៍​កន្លងមក​ថា​៖ «​យើង​មាន​ក្តីរំភើប​យ៉ាងខ្លាំង​ដែល​ក្លាយជា​ដៃគូ​ផ្លូវការ​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​គាំទ្រ​កម្មវិធី​អប់រំ​របស់​ពួកគេ​។ នេះ​ជា​លើកដំបូង​ហើយ​សម្រាប់​ក្រុមហ៊ុន​សប្បុរសធម៌​ធីជីប៊ី (TGBCharity) ដើម្បី​ឈាន​ជើង​ចូលទៅក្នុង​វិស័យនេះ ហើយ​យើង​ក៏​សង្ឃឹមថា​នឹង​បង្កើត​ទំនាក់ទំនង​យ៉ាងយូរ​អង្វែង​ជាមួយ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ក្នុងការ​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​លើ​ការអប់រំ​របស់​កុមារ​»៕