កំពង់ធំៈ ពិតជា​គួរ​ឲ្យ​អនិច្ចា​ខ្លាំងណាស់ ដៃ​លើក​ប្រណម្យ​សុំ​ចង់​ឲ្យ​មាន​អគារ​សិក្សា​ថ្ម ខណៈ​សម័យ​នេះ​ទៅ​ហើយ នៅ​មាន​ក្រុម​សិស្សា​នុសិស្ស​បឋម​សិក្សា​នៅ​ខ្វះ​អគារ​សិក្សា និង​គ្រូបង្រៀន​ទៀត មិន​គួរ​ឲ្យ​ជឿ​គឺ​ពួកគេ​កំពុង​តែ​រៀន​នៅ​បន្ទប់​បាំង​ស្លឹក​ក្រោម​ផ្ទះ​យ៉ាង​កម្សត់។ នេះ​បើ​តាម​ការ​បង្ហោះ បង្ហាញ​នូវ​បណ្តុំ​រូប​ថត និង​វីដេអូ ស្តី​អំពី​សាលា​បឋម​សិក្សា​មួយ​ឈ្មោះ «ថ្នាក់​បំប៉ន​បឹង​ស្បូវ» មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់ធំ។

បើ​យោងតាម ព្រះ​តេជគុណ​ព្រះនាម ស៊ាន ច័ន្ទដារ៉ា ដែលជា​ព្រះសង្ឃ​សកម្ម​នឹង​ទង្វើ​សប្បុរសធម៌​នាំ​យក​អំណោយ​ចែក​ជូន​ដល់​ជន​ក្រីក្រ ចាស់​ជរា និង​កុមារ​កំព្រា​ខ្វះខាត​នៅ​ទី​នានា​នោះ មាន​សង្ឃដីកា​ឲ្យ​ដឹង​ថា៖ «ក្មេងៗ​នៅ​ទីនោះ មាន​វ័យ​ចម្រុះ​គ្នា​តែ​ម្តង​ដោយ​មាន​ចន្លោះ​ពី ៥ ឆ្នាំ ទៅ ៦ ឆ្នាំ និង​ចន្លោះ​ពី ១០ ឆ្នាំ​ទៅ ១៤ ឆ្នាំ ក៏មាន។ តាម​សម្តី​របស់​លោក​គ្រូបង្រៀន​សិស្ស​ទាំង​អស់​នោះ គឺ​សិស្សា​នុសិស្ស​មាន​ចំនួន​សរុប ៧២ នាក់។ ពួកគេ​កំពុង​តែ​រៀន​នៅ​ថ្នាក់​ទី ១ ថ្នាក់​ទី ២ និង​ថ្នាក់​ទី ៣ តែ​មាន​គ្រូបង្រៀន​តែ​ម្នាក់​គត់ ដែល​គាត់​គឺមាន​ភាព​ពិការ​ជើង​ស្វិត​ទាំង ២ និង​មាន​វ័យ​ជាង ៤០ ឆ្នាំ​ទៅ​ហើយ»។

ព្រះ​តេជគុណ ស៊ាន ច័ន្ទដារ៉ា ដែល​គង់នៅ​វត្ត​ធម្មយុត្តិ ស្ថិតនៅ​ទីប្រជុំជន​ខេត្តកំពង់ឆ្នាំង ហើយ​បាន​នាំ​យក​នូវ​សម្ភារ​បរិក្ខារ​សិក្សា​មួយ​ចំនួន​ចែក​ជូន​ដល់​សិស្សា​នុសិស្ស​ថ្មីៗ​នេះ​ក្រោយ​ពី​បាន​ឮ​ដំណឹង​តាម​បណ្តាញ​សង្គម​មក​នោះ បន្ត​ថា៖ «ក្រោយ​ពី​បាន​ឃើញ​រូបភាព​នៅ​តាម​បណ្តាញ​សង្គម​មក អាត្មា និង​ព្រះគ្រូ​នៅ​វត្ត​ធម្មយុត្តិ បាន​នាំ​យក​ជា​សម្ភារ​កាតាប និង​សៀវភៅ ប៊ិក​ខ្លះ ទៅ​ចែក​ដល់​ក្រុម​ក្មេង​ទាំង នោះ ខណៈ​អាត្មា​មិន​បាន​ដឹង​ចំនួន​ជាមុន ទើប​យក​បាន​ចំនួន ៥០ កា​តាប តែ​ប៉ុណ្ណោះ​ចែក​ពួកគេ ដោយ​ខ្វះ ២២ កាតាប​បន្ថែម​ទៀត ទើប​គ្រប់​ចំនួន។ តំបន់​នេះ សិស្សា​នុសិស្ស​មាន​ការ​លំបាក​គ្រប់​យ៉ាង​ទាំង​សម្ភារ​សិក្សា ថ្នាក់​សិក្សា (អគារ) មាន​តែ​បន្ទប់​ប៉ុណ្ណោះ ហើយ​មាន​សិស្ស​រៀន ៧២ នាក់ និង​មាន​គ្រូ​តែ​ម្នាក់​គត់​គឺជា​គ្រូ​ស្ម័គ្រ​ចិត្ត។ រាល់​ថ្ងៃ​គាត់​ចែក​ម៉ោង​ជា ៣ ពេល ទៅ​តាម​ចំនួន​ថ្នាក់​ទី ១ ទី ២ និង​ទី ៣ គឺ​គាត់​បង្រៀន​មួយ​កម្រិត ២ ម៉ោង។ ខណៈ​ក្រុម​ក្មេងៗ​ក៏​ប្រថុយ​ប្រថាន​ផង​ដែរ នា​រដូវវស្សា ដោយសារ​ពួកគេ​ត្រូវ​ជិះទូក​ឆ្លង​ទន្លេ​រាប់​ម៉ោង​ដើម្បី​ទៅ​សាលា​ព្រោះ​តែ​សាលា​នៅ​លើ​តំបន់​ទួល ដែល​មាន​ទឹក​លិច ជុំវិញ»។

ភិក្ខុ ស៊ាន ច័ន្ទដារ៉ា ទើប​នាំ​យកសម្ភារសិក្សា​ជូន​សិស្ស​។ សហការី

ក្រោយពី​បាន​ទៅដល់​ទីនោះ ព្រះ​តេជគុណ​ក៏បាន​ថត​វីដេអូ​បង្ហាញ​ភាពខ្វះខាត​នៃ​សាលា​បឹង​ស្បូវ មក​ចែក​ជូន​បងប្អូន​ញាតិ​ញោម​ពុទ្ធបរិស័ទ​ទស្សនា និង​នាំ​ពាក្យ​ពេចន៍ ដែល​ជា​ការ​ចង់​បាន​ដ៏​ចម្បង​ពី​សិស្សា​នុសិស្ស លោកគ្រូ និង​ឪពុក​ម្តាយ​សិស្ស។ តម្រូវការ​ដោយ​ទទូច​នោះ ភិក្ខុ ស៊ាន ច័ន្ទដារ៉ា មាន​សង្ឃដីកា​ថា៖ «ទាំង​សិស្ស ទាំង​គ្រូ និង​ញាតិ​ញោម​ជា​ឪពុក​ម្តាយ​សិស្ស​ទាំង​នោះ​គឺ​ចង់​បាន​អគារ​សិក្សា គ្រូ​ស្ម័គ្រចិត្ត​បន្ថែម និង​អាច​ផ្គត់ផ្គង់​ប្រាក់​ខែ​ជូន​លោក​គ្រូ​ផង​ដែរ»៕