ភ្នំពេញ៖ មហាជន​​ប្លែក​អារម្មណ៍​ខ្លាំង​ជាមួយ​នឹង​សារ​​ប្លែកៗ​របស់​តារា​​​​សម្តែង​​​ស្រី​​រាង​តូច​​ច្រឡឹង ​​សម្រស់​ស្រស់​ស្អាត​​កញ្ញា ជេស៊ីកា​ ដែល​​មើល​​ទៅ​ដូចជា​ស្តែង​ឱ្យ​ដឹង​ថា កំពុង​តែ​មាន​រឿង​​វិបត្តិ​​ខក​​​​ស្នេហ៍​​ និង​បន្លឺ​ប្រាប់​ថា រូប​ខ្លួន​គឺ​ជា​ស្រ្តី​អភ័ព្វ​​ស្នេហ៍​ទៀត​ផង​​។​

មួយ​រយៈ​ចុង​​ក្រោយ​​នេះ ស្រាប់​តែ​ឃើញ​កម្រង​​សារ​​ប្លែកៗ​ស្តែង​ចេញ​ពី​អារម្មណ៍​​បែប​ស្រពាប់​ស្រពោន​​ក្នុង​ចិត្ត​ អម​​ទឹក​មុខ​​មិន​សូវ​រីករាយ​​​ពាក់ព័ន្ធ​នឹង​រឿង​បេះ​ដូង​តែ​ម្តង​​ ដែល​មាន​លក្ខណៈ​​ខុស​​ពី​​សព្វ​មួយ​ដង ​រមែង​​ឃើញ​នាង​បង្ហោះ​រូប​ និង​​សារ​រំលេច​​ន័យ​បែប​​សប្បាយៗ​​នោះ​។

តារា​ស្រី​វ័យ​ ២៥ ​ឆ្នាំ សម្បុរ​ស្រអែម​ស្រស់​ មាន​​​ឈ្មោះ​​ពិត តាន់ សុផា ហៅ​​កញ្ញា ជេស៊ីកា ​ឧស្សាហ៍​​​បង្ហោះ​​​​រូប​​​​​សិចស៊ី​ល្វែង​​លើ ​​​ឈុត​ខ្លី​ និង​សម្ញែង​​ឈុត​ប៊ីគីនី​​​ ញឹកញាប់​​នោះ​​ហើយ​បង្ហើរ​សារ​​បែប​រអ៊ូ​តូច​ចិត្ត​នឹង​រឿង​ស្នេហ៍​ថា៖ «គេ​ថា​ស្រី​​​ស្អាត អភ័ព្វ​ស្នេហ៍​​ ចុះ​​ខ្ញុំ​អត់​ស្អាត​ផង​ម៉េច​ក៏​អភ័ព្វ​ដែរ? ចង់​ដឹង​ថា​ ស្រី​ម្នាក់​នេះ សំខាន់​នៅ​ពេល​ណា​​?​ ក្ដី​ស្រឡាញ់​ខ្លះ​​ ជា​ក្ដី​ស្រឡាញ់​ មួយ​ប៉ប្រិច​ភ្នែក​ មក​ហើយ​​ក៏​ទៅ​វិញ​ប្រៀប​ដូច​ខ្យល់​បក់​​មក​ល្ហើយ​មាន​ក្ដី​សុខ​មួយ​ភ្លែត​ស្ងប់​ទៅ​វិញ​​ ហើយ​​ដើម្បី​ធ្វើ​​​ឱ្យ​ជីវិត​មាន​​ក្តី​សុខ​នោះ ត្រូវ​ភ្លេច​មនុស្ស​ដែល​គេ​ភ្លេច​យើង​ ត្រូវ​ធ្វើ​ល្អ​ជាមួយ​មនុស្ស​ដែល​គេ​ល្អ​ដាក់​យើង​ ត្រូវ​នៅ​​ជាមួយ​មនុស្ស​ដែល​គេ​ចង់​នៅ​ជាមួយ​យើង និង​ត្រូវ​ស្រឡាញ់​មនុស្ស​ដែល​គេ​ស្រឡាញ់​យើង»។​

តារា​ស្រី ​រាង​តូច​​​ច្រឡឹង ​មុខ​​ឃ្យូត​​គួរ​ឱ្យ​ក្នាញ់ ​​ជេស៊ីកា ​ឧស្សាហ៍​​​បង្ហោះ​រូប​​​​សិចស៊ី​​​ប្លែកៗ​ហាក់​ដូចជា​ ​មាន​​ចេតនា​​ចង់​​បង្អួត​​​ពី​​សម្រស់​ខ្លួន​​​​ឯង​ និង​​​ទាក់ទាញ​​ចំណាប់​អារម្មណ៍​មហាជន​​ ​បន្ត​សារ​បញ្ជាក់​ពី​ការ​តាំង​ចិត្ត​​សាជា​ថ្មី​ក្រោយ​ពី​ជួប​ភាព​ខក​ចិន្តា​​​​រឿង​ស្នេហា​​​​​នោះ​ថា៖ «​ពេលវេលា​មិន​បាន​ធ្វើ​​​​ឱ្យ​មនុស្ស​ផ្លាស់​ប្ដូរ​ទេ​​ តែ​ពេលវេលា​វា​​​​មាន​តួនាទី​​បង្ហាញ​ធាតុ​ពិត​របស់​មនុស្ស​​។​ តាម​ធម្មតា​​រស់​ក្នុង​សង្គម​ តែង​​​​មាន​​គេ​និយាយ​​​​​ពី​នេះ ​ពី​នោះ ​តាម​អ្វី​ ដែល​គេ​បាន​​​ឃើញ​។

កុំសោក​​សៅ​​​​ ចំពោះ​​​ពាក្យ​អ្នក​ដទៃ​ព្រោះ​​​អ្វីៗ​ ​គឺ​អ្នក​ជា​អ្នក​សម្រេច​មិនមែន​អ្នក​ដទៃ​ទេ។​ ត្រូវ​ស្រឡាញ់​មនុស្ស​ដែល​​គេ​ខ្លាច​បាត់បង់​យើង​ កុំ​​ទៅ​​ស្រឡាញ់​មនុស្ស​ ដែល​គេ​​​ព្រងើយ​​កន្តើយ​ដាក់​យើង ​មិន​ផ្តល់​តម្លៃ​​​ឱ្យ​យើង​មិន​ថា មិត្តភាព​ ឬ​​ក៏​ស្នេហា។​ មនុស្ស​ស្រី​មិន​ត្រូវ​ការ​អ្វី​ច្រើន​ក្រៅ​ពី​សុំ​ឱ្យ​អ្នក​ល្អ​នឹង​នាង​ ដូចជា​ថ្ងៃ​ដែល​អ្នក​តាម​ស្រឡាញ់​​នាង​ដំបូងៗ​ មិន​ថា​រូបរាង​ ឬ​ឋានៈ​ផ្លាស់​ប្ដូរ​បែប​ណា ​ក៏​អ្នក​នៅ​តែ​​ស្រឡាញ់​នាង​។​ ស្រឡាញ់​​ខ្លួន​ឯង​ឱ្យ​​​ច្រើន​ មើល​ថែ​ខ្លួន​ឱ្យ​ល្អ​​ គិត​អ្វី​​ដែ​ល​ស្រស់ស្រាយ​​ ឈប់​គិត​រឿង​ស្មុគស្មាញ​​បន្ត​​​ក្ដី​ស្រមៃ​​​ដោយ​ការ​ព្យាយាម​​​​អ្វីៗ​ក្នុង​ជីវិត​នឹង​បាន​​ប្រសើរ»។​​​

យ៉ាង​ណា​​ស្រីស្រស់​​ ជេស៊ីកា ដែល​ឆ្លង​កាត់​បទពិសោធ​សម្តែង​​​​​បាន​​កុន​​​ភាគ​ចំនួន​ ​៧​ រឿង ​កុន​​ដុំ​ ១ ​រឿង ថត​​​ ​MV បទ​ចម្រៀង​​​ឱ្យ​ផលិតកម្ម​​​ល្បីៗ​​ជា​ច្រើន​​​នោះ ភ្នំពេញ​ ប៉ុស្តិ៍​ មិន​អាច​បញ្ជាក់​បន្ថែម​​ឱ្យ​ដឹង​​ពី​រឿងរ៉ាវ​​ខក​​ស្នេហ៍​នោះ​​ឡើយ​៕