ភ្នំពេញៈ ទើប​តែ​ប្រកាស​ពី​ឆន្ទៈ​ចង់​ក្តោប​យក​ទីផ្សារ​សិល្បៈ​ឲ្យ​បាន​ច្រើន ដោយ​ទុក​ការសិក្សា​នៅ​ក្រៅ​ប្រទេស​មួយ​អន្លើ​សិន​នោះ ក៏​ស្រាប់តែ​កញ្ញា ម៉េង ឃុននី ហៅ​ ជីមមី បង្ហោះ​ពី​ដំណឹង​ល្អ​របស់​ខ្លួន​ទទួល​បាន​ទិដ្ឋាការ​ឈាន​ជើង​ទៅកាន់​ទឹកដី​សហរដ្ឋអាមេរិក​នាពេល​ថ្មីៗ​។

បន្ទាប់ពី​បង្ហោះ​ភ្លាម​នោះ​ក៏​មាន​អ្នក​ចូល​ចុច Like និង​ comment អបអរសាទរ​នាង​ផង និង​មាន​អ្នក​ឆ្ងល់​ផង​ដែរ ចំពោះ​ឱកាស​បាន​ទិដ្ឋាការ​ទៅ​ប្រទេស​អាមេរិក​របស់​កញ្ញា ជីមមី ដោយសារ​ជា​រឿង​កម្រ​ណាស់ សម្រាប់​អ្នកសិល្បៈ​ទូទៅ​ដែល​ប្រាថ្នា​ចង់​បាន​ទិដ្ឋាការ​ទៅ​កាន់​ទឹកដី​ដែល​សម្បូរ​ដុល្លារ​មួយ​នេះ​។

ក៏​មាន​អ្នក​លើកឡើង​ពី​សម្តី​របស់​កញ្ញា ជីមមី កន្លង​មក​ថា​៖ «​ច្បាស់​ណាស់​កញ្ញា ជីមមី ​ច្បាស់​ជា​បាន​ទិដ្ឋាការ​ទៅ​បន្ត​ការសិក្សា​នៅ​អាមេរិក​ហើយ​មើល​ទៅ​ព្រោះ​នាង​ធ្លាប់​ប៉ង​ទៅ​រៀន​នៅ​ប្រទេស​!»​។

ផ្ទុយ​ទៅវិញ​ទិដ្ឋាការ​នេះ​មិនមែន​កញ្ញា ជីមមី ទៅ​បំពេញ​ការងារ​សិល្បៈ និង​ការសិក្សា​បន្ត​នោះ​ទេ បើ​តាម​ការបញ្ជាក់​ប្រាប់​ពី​សំណាក់​ពិធីការិនី​រូប​ស្រស់​រាង​ស្ល៊ីម​ដែល​ពូកែ​ខាង​វោហារស័ព្ទ សម្តី​ចាក់ទឹក​មិន​លេច មាន​ទម្រង់​មុខ​ឃ្យូតៗ​គួរ​ឲ្យ​ស្រឡាញ់​កញ្ញា ម៉េង ឃុននី ហៅ​ ជីមមី​។

ពិធីការិនី​ប្រចាំ​នៅ​ទូរទស្សន៍​ភីអិនអិន ដែល​មហាជន​ច្រើន​ស្គាល់មុខ​នាង​ច្បាស់​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​នៃ​ភេសជ្ជៈ​ខារ៉ាបាវ​កញ្ញា ជីមមី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​សុំ​ការ​អធ្យាស្រ័យ​មិន​ទាន់​ដល់​ពេល​ប្រាប់​ឲ្យ​ដឹង​សេចក្តី​ថា​៖ «​អូ​!​ចាស​បង​!​ខ្ញុំ​ពិតជា​បាន​ទិដ្ឋាការ​ទៅ​កាន់​ប្រទេស​អាមេរិក​មែន គឺ​បាន​ពេល​ចំនួន​ ១ ​ខែ​។ នាងខ្ញុំ​មិនមែន​ទៅ​នៅក្នុង​ការងារ​សិល្បៈ​ ឬ​ជា​ការបន្ត​ការសិក្សា​នោះ​ទេ គឺ​នាង​ខ្ញុំ​គ្រាន់​តែ​ទៅក្នុង​កិច្ចការ​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​»​។

កាលពី​ថ្មីៗ​នេះ​ក៏លេចឮ​ដំណឹង​ថា ពិធីការិនី​មាន​រូប​ស្រស់ រាង​ស្ល៊ីម កញ្ញា ម៉េង ឃុននី ហៅ ជីមមី ចង់​ពង្រីក​ទីផ្សារ​សិល្បៈ​សម្តែង​ភាពយន្ត​បន្ថែម​ដោយ​មិន​ប្រាថ្នា​ទាមទារ​ប្រាក់​កម្រៃ​ថតកុន​ដូចជា​តារាសម្តែង​អាជីព​រលក​មុន​នោះឡើយ​។

កញ្ញា ជីមមី ជា​ពិធីការិនី​រូប​ស្រស់​ដែល​ចេះ​ច្រើន​ភាសា​នោះ ធ្លាប់​ប្រាប់​ថា​៖ «​ដោយ​យល់​ថា​ខ្លួនឯង​បាន​ប្រឡូក​ក្នុង​វិស័យ​ជា​ពិធីការិនី​មាន​បទពិសោធ​ច្រើន​គួរសម ហើយ​ក៏​ចង់​រក​បទពិសោធ​ថ្មី​ក្នុង​សិល្បៈ​ទើប​ចង់​សាកល្បង​សម្តែង​កុន​បន្ថែម​ព្រោះ​ខ្ញុំ​មិន​ដែល​ធ្លាប់​សម្តែង​ឡើយ​តាំងពី​ចូល​វិស័យ​សិល្បៈ​មក​»​។

តារាស្រី​សាច់​សខ្ចី វ័យ​ ២៣ ឆ្នាំ​រូបនេះ​បន្ត​ទាំង​លាយ​សំណើច​ពេល​សួរនាំ​ពី​រឿង​ការកំណត់​តម្លៃ​ខ្លួន ប្រសិន​បើ​មាន​គេ​ហៅ​ថតកុន​នោះ​ថា​៖ «​មូលហេតុ​មិន​ធ្លាប់​ថត​ហ្នឹង​ហើយ​បាន​ជំរុញ​ចិត្ត​ឲ្យ​ខ្ញុំ​ចង់​ចាប់ផ្តើម​ថតកុន​ហើយ​ទើប​មិន​ហ៊ាន​ទាមទារ​ថ្លៃ​កម្លាំង​ពលកម្ម​ថតកុន​ឲ្យ​ដូច​តារាសម្តែង​រៀមច្បង ឬ​តារា​អាជីព​នោះទេ​»៕