ភ្នំពេញៈ អស់ពី​ការ​ភ្ញាក់ផ្អើល និង​តាមដាន​សកម្មភាព​ថត​កុន​របស់​តារា​សម្តែង​ស្រី​ស្រស់​មាន​រាសី​ឡើង​ក្រឺតៗ​នៅ​ក្នុង​វិស័យ​ភាពយន្ត ដែល​ហ៊ាន​សម្តែង​ស្ទើរ​គ្រប់​ឈុត​ឆាក​មិន​សូវ​រាថយ សូម្បី​តែ​ថត​ជាមួយ​នឹង​សត្វ​ពស់ ឬ​ការ​សម្តែង​ហ៊ាន​លែង​ល្វែង​លើ ដើម្បី​សាង​ភាព​ល្បី​រន្ទឺ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​របស់​កញ្ញា ឌុច លីដា នោះ ក៏​ស្រាប់​តែ​មហាជន​ងាក​មក​តាម​ដាន រឿង​អត្ថន័យ​នៅ​ក្នុង​សារ​ខ្លី​ស៊ី​ជម្រៅ​របស់​នាង​វិញ​នាពេល​ថ្មីៗ​នេះ។

ខណៈពេល​ចូលឆ្នាំថ្មី​កាន់តែ​ខិតចូល​មកដល់​នោះ ក៏​ស្រាប់​តារា​សម្តែង​ស្រី​ស្រស់ ដែល​មាន​រាសី​ឡើង​ខ្លាំង​នៅ​ក្នុង​ពិភព សម្តែង និង​ក៏បាន​ក្លាយ​ជា​ថៅកែ​ស្រី​ហាង​គុយទាវ​ឡាំឌួយ បាន​មួយ​ប្រាវ និង​ទើប​តែ​ក្លាយជា តារា​ស្រី​កិត្តិយស ដែល​តំណាង​ឲ្យ​កម្ពុជា ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​អាស៊ី-អូសាកា ឆ្នាំ ២០១៨ នៅ​ឯ​ប្រទេស​ជប៉ុន កន្លង​មក កញ្ញា ឌុ​ច លីដា ក៏​បង្ហើរ​សារ​យ៉ាងខ្លី​មួយ​ឃ្លា​គួរ​ឲ្យ​ងឿង​ឆ្ងល់​ថា៖ «ខ្ញុំ​រឹង​មាំ​ដឹង បាន​ជា​គ្មាន​អ្នក​ណា​ដឹង​ថា ខ្ញុំ ឯកា!» នៅ​តាម​អ៊ីនស្តាក្រាម។

ភាព​ចម្លែក​ទៅនឹង​សារ កញ្ញា ឌុ​ច លីដា អាច​ទំនងជា​មហាជន​ធ្លាប់តែ​បាន​លេច​ឮថា តារា​សម្តែង​ស្រី​រូបនេះ តែង​មាន​ក្រុម​កន្លង់​ទាំង​ចាស់​ទាំង​ក្មេង ទាំង​អ្នក​ទ្រព្យ​ស្តុក​រហូត​ដល់​ឧកញ៉ា តាម​សុំ​ដាក់​ពាក្យ​ធ្វើ​ជា​ម្ចាស់​ស្នេហ៍ តែ​តារា​ស្រី​រូប​នេះ ក៏​តែង​តែ​ធើ្វ​ការ​បញ្ជាក់​វិញ​ដែរ​ថា នាង​នៅ​មិន​ទាន់​បាន​យក​អារម្មណ៍​ទៅ​គិត​រឿង​គូកន​នេះ​ឡើយ​ទេ ក្រោម​ហេតុ​ផល​ថា នាង​ចង់​ផ្តោត​លើ​ការងារ​ជា​ចម្បង​សិន។

ផ្ទុយទៅវិញ​តារា​សម្តែង​ស្រី​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​មហាជន​ទេ សូម្បី​តែ​មិត្ត​អ្នក​សិល្បៈ​ដូចគ្នា​ក៏បាន​បន្លឺ​សូរស័ព្ទ​ពី​ភាព​ក្លាហាន​សម្តែង ក្នុង​ឈុត​ថត​កុន​យ៉ាង​ស្និទ្ធ នឹង​កូន​ពស់​ខៀវ​ពិតៗ​ជា​ច្រើន​ដាក់​ផ្តុំ​លើ​ក្បាល​ដោយសារ​មិន​ខ្លាច​ញ​ញើត នា​ពេល​ថតកុន​ភាគ​ខ្នាត​ធំ​គឺ​រឿង «កូន​ពស់​កេង​កង» ជា​វណ្ណកម្ម​គ្មាន ២ ដែល​ជា​ការ​ដឹកនាំ​សម្តែង​ដោយ​លោក ហ្វៃ សំអាង សម្រាប់​ការ​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស នោះ​ប្រាប់​អត្ថន័យ​នៃ​សារ​ខ្លី​ថា៖ «សារ​អត់​មាន​ន័យ​អី​ជ្រាល​ជ្រៅ​នោះ​ទេ​បង។ តាម​ពិត​ទៅ នាង​ខ្ញុំ​គ្រាន់​តែ​សរសេរ ឆ្លើយ​ដាក់​វិញ​ទៅ​កាន់​មិត្តភក្តិ​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​តែង​តែ​ឮ​ពាក្យ​ចេញ​ពី​មាត់​ពួក​គាត់​ថា​ឲ្យ​ខ្ញុំ​ថា មនុស្ស​អី​មើល​ទៅ​ដូចជា​គ្មាន​ការ​ព្រួយបារម្ភ និង​ខ្វល់​ខ្វាយ​អ្វី​អ៊ីចឹង!។

កញ្ញា ឌុ​ច លីដា បន្ត​ឲ្យ​ដឹង​យ៉ាងលះៗ​បញ្ជាក់​ប្រាប់​ពី​ភាព​ខ្លួន​នៅ​ទំនេរ គ្មាន​ជំពាក់​ជំពិន​នូវ​ចំណង​ស្នេហ៍​នឹង​បុរស​ណាមួយ​នៅ​ឡើយ​ថា៖ «ពេល​នឹក​ឃើញ​រឿង​នោះ ខ្ញុំ​ក៏​សរសេរ​ដាក់​បង្ហោះ​ប្រាប់​ពួកគេ​វិញ​ទៅ គឺ​មានន័យ​ថា កាល​ដែល​អ្នកដទៃ​បាន​មើល​ឃើញ​នោះ មិន​ប្រាកដ​ថា ត្រឹមត្រូវ​ដូចជា​អ្នក​បាន​ឃើញ​ច្បាស់​នឹង​ភ្នែក​នោះ​ឡើយ»។

និយាយ​ឲ្យ​ត្រង់​ទៅ វា​ជា​ការពិត អា​រឿង​នៅឯ​កា ម្នាក់ឯង​នឹង​គឺជា​ការពិត​មាន​តាំង​ពី​យូរយា​ណាស់​មក​ហើយ។ ទោះបី​ជា​ដល់​ពេល​នេះ ក៏​នាង​ខ្ញុំ​នៅ​តែ​អះអាង​ថា នៅ​មិន​ទាន់​គិត​រឿង​មាន​គូកន​អ្វី​នោះ​ទេ សុំ​ពេល​គិត​រឿង​ការងារ​រក​ប្រាក់​សិន។ អាច​និយាយ​បាន​ថា ប្រហែល​ជា​គូព្រេង​នាង​ខ្ញុំ​មិន​ទាន់​កើត​ផង​ទេ​ដឹង?»៕