ភ្នំពេញ៖ ខណៈ​ការ​ទិញ​រថយន្ត​ដ៏​ទំនើប​តម្លៃ​​ជិត​កន្លះ​លាន​ដុល្លារ​ ធ្វើ​ជា​កាដូ​ខួប​កំណើត​​សំណព្វ​ចិត្ត​​ រំលង​មិន​ទាន់​បាន​ប៉ុន្មាន​​ខែ​ផង​ សុខៗ ក៏​ឃើញ​​តារា​​​ចម្រៀង​​រ៉េប​​ ងួន ចាន់​ដេវីត ហៅ​ ជី ដេវីត ​​ប្រកាស​លក់​​រថយន្ត​ទំនើប​​​ម៉ាក​ ​Rolls-Royce ​​ដែល​ខ្លួន​បាន​ទិញ​​​​ជូន​​​គូ​ស្នេហ៍​​ ជា​​តារា​ចម្រៀង​ស្រី​សិចស៊ី​​កញ្ញា​ ទេព បូព្រឹក្ស នោះ​វិញ ​បង្កើត​ភាព​​​ភ្ញាក់​​ផ្អើល​សា​ជា​ថ្មី ​​នៅ​ក្នុង​ចុង​​​ឆ្នាំ​​ ២០២០​ នេះ​​។​

គេ​​នៅ​​ចាំ​​​ថា ​ជី ដេវីត ​​បាន​​ទិញ​​រថយន្ត​ទំនើប​​​​ម៉ាក ​Rolls-Royce ​​ជូន​​គូ​ស្នេហ៍​ជា​តារា​ចម្រៀង​ស្រី​​សិចស៊ី​​កញ្ញា​ ទេព បូព្រឹក្ស មុន​ពេល​ដែល​ខ្លួន​បាន​ទៅ​​​បួស​ជា​សង្ឃ​កាល​ពី​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ​២០២០​ ​បំពេញ​​​​​​កុសល​​ជូន​​មាតាបិតា​ និង​ដើម្បី​រម្ងាប់​ចិត្ត​ ដែល​រង​ភាព​ស្មុគស្មាញ​មួយ​រយៈ ​នៅ​​​​ទី​អារាម​​​មួយ​ឈ្មោះ​វត្ត​​ល្អាង​កង្កែប​ នៅ​​ស្រុក​​​​បាណន់​ ​​​​ខេត្ត​​​​បាត់ដំបង។​​

បើ​ទោះបី​សម្ព័ន្ធ​ស្នេហ៍​ត្រឹម​ជា​គូ​ដណ្តឹង​នឹង​គ្នា​​មែនក្តី​ តែ​គូស្នេហ៍​សិល្បៈ​ចម្រៀង​សម័យ កញ្ញា ទេព បូព្រឹក្ស និង​​លោក ជី ដេវីត ក៏​​ហៅ​គ្នា​ជា​ប្តី​ប្រពន្ធ​ពេញៗ​មាត់​រួច​ទៅ​ហើយ​ដែរ​ និង​​ហ៊ាន​​លះបង់​ខ្ពស់ ​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​​ដ៏​មហិមា​​ដោយ​បាន​​ទិញ​នូវ​រថយន្ត​ទំនើបៗ​ ដែល​មាន​​​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ ​ជា​កា​ដូ​ជូន​គ្នា​ទៅ​វិញ​ទៅ​មក នា​​​ថ្ងៃ​ពិសេស​រៀងៗ-​​ខ្លួន ​​គឺ​បាន​ធ្វើ​​ឱ្យ​​​មហាជន​​មាន​ការ​ស្រឡាំង​​កាំង​​ម្តង​ៗ និង​តែង​​​​ពាំ​ចម្ងល់​​ពី​ប្រភព​​ប្រាក់​ចំណូល​​ពួក​គេ​ផង​ដែរ​។

ជាក់​ស្តែង​ ជី ដេវីត ទិញ​ឡាន​ម៉ាក Rolls​-​Royce​ ជូន​​កាដូ​ថ្ងៃ​ខួប​​កំណើត​ កញ្ញា ទេព បូព្រឹក្ស​ហើយ​រូប​លោក​ក៏​ទទួល​​​​បាន​កា​ដូ​រថយន្ត​​ម៉ាក Mercedes G63 ​​ពី​កញ្ញា ទេព​បូព្រឹក្ស​ ​វិញ​​ដែរ​ ថ្ងៃ​ខួប​កំណើត​របស់​​លោក​។​​

តែ​នៅ​​​ចុង​ខែធ្នូ ​ចុង​ឆ្នាំ ​២០២០ នេះ​ស្រាប់​តែ​គេ​ឃើញ ​ជី ដេវីត ក៏​បង្ហើរ​សារ​​ប្រកាស​​លក់​ឡាន​ Rolls-Royce វិញ​នៅ​តាម​អ៊ីនសា្តក្រាម​ថា៖ «បង​អ្នក​រក​ស៊ី​ បង​លក់​អនឡាញ បង​ឧកញ៉ា​រកស៊ី​ដីឡូត៍ បង​ឧកញ៉ា​បូរី បង​ឧកញ៉ា​​ត្រូវ​ការ​ឡាន​ទំនើប​លេខ​ការ៉េ ទិញ​ឡាន​​អូន​មក មិន​ខុស​ទេ ខ្ចី​ញ៉េញ​ លេង​ហើយ​ស្រាប់​ កង់​មាន​ដល់​ទៅ ៨​ គ្រាប់​ កង់​ស៊ី ៤ ​គ្រាប់​ យ៉ាន​លេង​ក្រៅ ហ្ស៊ីន​ជាប់​ឡាន ​($​ 4700)​។ ​ឥឡូវ​ដាក់​​លក់​ត្រូវ​​ការ​​​​អាច​ឆាត​​ចូល page​ ខ្ញុំ​មក​បង​ ធានា​​ថា ម៉ា​​កប់​សារី​!​»៕