ភ្នំពេញ៖ នាពេល​ថ្មីៗ​នេះ​ ស្រាប់​តែ​លេច​វត្តមាន​អតីត​តារា​ចម្រៀង​នៅ​ទ្រនំ​ហង្សមាស និង​ជា​ម្ចាស់​​ពាន The Voice Cambodia ​រដូវកាល​ទី១ លោក ប៊ុត សីហា ក្នុង​ផលិតកម្ម​ថ្មី​សន្លាង​​​មួយ​មាន​ឈ្មោះ​ថា «Life Production»​ ដោយ​​លោក​​​ក៏​មាន​​​បទ​​ចម្រៀង​ជាច្រើន​មក​បំពេ​អារម្មណ៍​ប្រិយមិត្ត​វិញ ក្រោយ​ពី​បាត់​មុខ​អស់​ពេល​ជា​យូរ​មក​នោះ​។

តាមរយៈ​ការ​បង្ហាញ​មុខ​សាជាថ្មី​នៅ​លើ​វិថីសិល្បៈ​ចម្រៀង​ចាស់​តែ​ផ្លាស់​ប្តូរ​ទ្រនំ​នោះ តារា​ចម្រៀង​​ប្រុស​ដែល​ធ្លាប់​បាន​កាន់​ពាន​​​កម្មវិធី​ប្រកួត​ចម្រៀង​លំដាប់​ពិភព​លោក​មុន​គេ ​គឺ​ពាន​ The Voice Cambodia រដូវ​កាល​ទី​១ កាល​ពី​​​​ឆ្នាំ ​២០១៤ នោះ​ ក៏​មាន​បទ​​ចម្រៀង​មួយ​ចំនួន​ថ្មីៗ​​​មក​​បំពេ​អារម្មណ៍​ប្រិយមិត្ត​ដែរ​ រួម​មាន ​បទ «ឈប់​ខ្វល់» ​បទ«ក្លិន​ជាប់​ពូក​ខ្នើយ» បទ​ «ស្មោះ​គេ​ខ្លាំង​​ទើប​ដឹង​ខ្លួន​ថោក» បទ«នៅ​បារម្ភ​​អ្នក​ចាស់» បទ«មិន​យំ​មុខ​អូន​ខ្លាច​អូន​អាណិត» បទ«ម្តេច​បំបែក​ស្នេហ៍​ខ្ញុំ» និង​បទ ​«នឹក​អ្នក​គ្រូ​ស្អាត»។​

អតីត​ម្ចាស់​ពាន​The Voice Cambodia​រដូវ​កាលទី១ លោក ប៊ុត សីហា។ រូប សហ​ការី

បើ​​​តាម​លោក ឈួន សុខលីម ជា​នាយក​គ្រប់គ្រង​​ផលិតកម្ម​ Life Production បាន​បង្ហើប​ឲ្យ​​ដឹង​ថា​៖ «សម្រាប់​ផលិតកម្ម​ថ្មី​នេះ ប៊ុត សីហា នឹង​​មាន​បទ​ចម្រៀង​ចេញ​រាល់​ថ្ងៃ​តែ​ម្តង ​គឺ​​ ១ ថ្ងៃ​ចេញ​ ២ បទ​ឯណោះ​។ ដូច្នេះ​បងប្អូន​​​អាច​ទស្សនា និង​ស្តាប់​បទ​ចម្រៀង​​របស់​ Idol ខ្លួន​បាន​»។​

គេ​​នៅ​ចាំ​បាន​ថា កាល​​ពី​ចុង​ឆ្នាំ ​២០១៨ ​តារា​ចម្រៀង​ប្រុស​ម្ចាស់​ពាន The Voice Cambodia ​រដូវកាល​ទី១ លោក ប៊ុត សីហា ​​មាន​​ដំណឹង​​ថា ផលិតកម្ម ​២ គឺ​ផលិតកម្ម​ថោន និង​ផលិតកម្ម​សាន់ដេ​បាន​ចរចា​ និង​ចែចូវ​ចង់​បាន ក្រោយ​ពី​តារា​ចម្រៀង​​ប្រុស​រូប​នេះ បាន​​ឆ្លង​ផុត​ពី​​​​​ព្យុះ​ភ្លៀង ដែល​រួតរឹត​ដោយ​​រឿង​អាស្រូវ​ដ៏​អាម៉ាស់​មួយ​ពាក់ព័ន្ធ​នឹង​​រឿង​​ប្រើប្រាស់​គ្រឿង​ញៀន​នោះ តែ​ក៏​បាត់​ដំណឹង​​​សូន្យ​វិញ​​​​ ដោយ​គេ​ស្រាប់​តែ​ឃើញ​លេច​មុខ​នៅ​ក្នុង​​ផលិតកម្ម​អនឡាញ​មួយ​ឈ្មោះ​ថា «​ផលិត​​​កម្ម​មរតកមេឌា»។

ចំពោះ​​រឿង​​នេះ លោក ឈួន សុខលីម ក៏​បាន​បញ្ជាក់​ថា៖ «តាម​ពិត​ទៅ​ Life Production នេះ​​គឺ​យើង​បាន​ប្តូរ​មក​ពី​ផលិតកម្ម​មមរតកមេឌា​ នោះ​ឯង​។ ដោយសារ​​ផលិតកម្ម​មមរតកមេឌា​​យើង​​រត់​ការ​​សុំ​ច្បាប់​​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​មិន​បាន​ ព្រោះ​តែ​មាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​បញ្ញា​រួម​ត្រង់​ពាក្យ​ថា «មរតក» ដែល​​គេ​ប្រើ​ជា​រួម​នោះ​។ ដូច្នេះ​យើង​ក៏​​ប្តូរ​​មក​ដាក់​​ថា Life Production វិញ ខណៈ​ឥឡូវ​នេះ​ យើង​​ក៏​បាន​រៀបចំ​ឯកសារ​រត់​ការ​​​​ខាង​ក្រសួង​រួច​រាល់ និង​រង់ចាំ​រយៈពេល ​៣ ខែ​ទៀត​»។​

គួរ​រំឭក​ដែរ​ថា ប៊ុត សីហា គឺ​ជា​តារា​ចម្រៀង​ប្រុស​​មាន​ឈ្មោះ​បោះ​សំឡេង​ល្បី​ខ្លាំង​មួយ​ប៉្រាវ​​​ ខណៈ​ពេល​ដែល​លោក​​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ The Voice Cambodia ​រដូវកាល​​ទី ១ ដោយ​​នៅ​ក្នុង​​នោះ​មាន​បេក្ខជន​ជា​គូ​ប្រជែង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​លោក​ សយ រតនៈ លោក ឃុន​ វុត្ថា និង​​កញ្ញា ចំរើន សុភ័ក្រ​ ដែល​​ទើប​​​តែ​លើក​ពាន​ ​The Mask​ Singer Cambodia នៅ​ឆ្នាំ ​២០១៩៕​