ភ្នំពេញ៖ តារា​សម្តែង តារា​ចម្រៀង និង​ជា​គ្រូ​បង្រៀន​របាំ​បុរាណ​សម័យ ដែល​ក្តោប​ទីផ្សារ​ថត​កុន​​បាន​​សុទ្ធ​តែ​តួឯក​​រហូត​ក្លាយ​ជា​តារា​ម៉ូយ ​ប្រចាំ​ផលិតកម្ម​​ប៉ុស្តិ៍​លេខ ៥ កញ្ញា ព្រះកាយ ច័ន្ទ សុខៗ​ ស្រាប់​តែ​កើត​ចម្ងល់​សួរ​​នាំ​ទៅ​​មហាជន ពាក់ព័ន្ធ​នឹង​រឿង​បញ្ហា​ស្នេហា​ ថា​តើ​ស្រ្តី​អាច​សារភាព​ស្នេហ៍​ប្រាប់​បុរស​បាន​ដែរ​ឬ​ទេ? ឡើង​ផ្អើល​តាម​បណ្តាញ​​​សង្គម។

កញ្ញា ព្រះកាយ ច័ន្ទ តារា​ចម្រៀង និង​សម្តែង​ស្រី​​មាន​រាងស្ល៊ីម ដែល​មាន​ប្រវត្តិ​ផុស​ចេញ​ពី​សិល្បការិនី​បុរាណ និង​មាន​លោក​​ឪពុក​ជា​អតីត​សិល្បករ​ជើង​ចាស់ ​ផ្នែក​លោ្ខន​បាសាក់​នោះ ​បាន​​បង្ហើរសារ​ថា៖ «​ហេតុអ្វី​បាន​ជា​មនុស្ស​ប្រុស​មាន​​​សិទ្ធិ​សារភាព​ថា ស្រឡាញ់​មនុស្ស​ស្រី​បាន?​ ​ហើយ​ហេតុ​អ្វី​បាន​មនុស្ស​​​ស្រី​មិន​មាន​សិទ្ធិ ​ក្នុង​​​​​ការ​សារភាព​ថា ស្រឡាញ់​មនុស្ស​ប្រុស​​វិញ​​បាន​​ទេ? សូម​មតិ​ខ្លះ​មក​ណា...​តែ​សម្រាប់​​​​ខ្ញុំ​ ខ្ញុំ​​​គិត​ថា​ ការ​ស្រឡាញ់​មិន​ចាំ​បាច់​លាក់​បាំង​អារម្មណ៍​​ខ្លួន​ឯង​​នោះ​ទេ បើ​ខ្ញុំ​មាន​​មនុស្ស​ខ្ញុំ​​​លួច​​​​​ស្រឡាញ់ ​​​​ខ្ញុំ​នឹង​ប្រាប់​គេ»។​

មុន​​នឹង​​ផ្តល់​ជា​​មតិ​យោបល់​​នោះ ក៏​​លាន់​មាត់​​ដោយ​​​​​​ន័យ​បែប​​ភ្ញាក់​ផ្អើល​មួយ​​​រំពេច​ថា៖ «អីយ៉ា! ​ស្រី​ស្រស់​​​រាង​​ស្ល៊ីម កញ្ញា ព្រះកាយ ច័ន្ទ ទំនងជា​​ចង់​ប្រាប់​​ថា​ នាង​​កំពុង​តែ​រក​​បាន​​​ម្ចាស់​បេះដូង​ហើយ​​​ទេ​ដឹង​ បាន​​​​ខំ​ប្រឹង​ជជីក​​សួរ​​​នាំ​​គេ​ឯង ​រឿង​សិទ្ធិ​ជា​អាទិភាព​នៃ​អ្នក​​ដែល​​អាច​​​សារ​ភាព​​ស្នេហ៍​មុន​​គេ​​បាន​​​ យ៉ាង​​​​ទទូច​​ដល់​ថ្នាក់​ហ្នឹង​​​នោះ​!»។​ ក្រោយ​​​មក​​​​​ក៏​មាន​​អ្នក​​ផ្តល់​ជា​មតិ​​​យោបល់​ទៅ​ ព្រះ​កាយ ច័ន្ទ​ ​ជា​ហូរហែ​ថា​៖ ​«​មិន​​មែន​ មិន​មាន​សិទ្ធិ​​​សារភាព​នោះ​ទេ គ្រាន់​តែ​​មនុស្ស​​​​ស្រី​យើង​​​​​មាន​ភាព​ខ្មាស​អៀន​ច្រើន​ជាង​មនុស្ស​​ប្រុស​តែ​ប៉ុណ្ណឹង។ ពេល​​មនុស្ស​​​​ប្រុស​តាម​ស្រឡាញ់​មនុស្ស​​​ស្រី វា​ជា​រឿង​ធម្មតា ប្រុស​​គេ​ក្លាហាន​។ ពេល​មាន​មនុស្ស​​ស្រី​តាម​ស្រឡាញ់​មនុស្ស​​ប្រុស​ គេ​ថា​មិន​សម​​ជា​​​​ស្ត្រី​​សោះ​ ស្រី​អី​បន្ទាប​​​តម្លៃ​​ខ្លួន​ម៉េះ ឬ​​​គេ​ថា​ជា​​ស្រ្តី​អាស ឬ​​ស្រ្តី​អី​ហេ​រក​ប្រុស​​ម្ល៉េះ​?​»។

ទោះ​ជា​យ៉ាង​ណា​កញ្ញា ព្រះ​​កាយ ច័ន្ទ ក៏​មិន​បាន​បញ្ជាក់​ថា​ រូប​​នាង​​​កំពុង​តែ​មាន​ស្រឡាញ់​ត្រូវ​សារ​ភាព​ស្នេហ៍​មុន​​ដែរ​​ទេ ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​​ទំនាក់ទំនង​​សួរ​នាំ​តាម​ទូរស័ព្ទ​បាន​​ឡើយ​។

តែ​ឃើញ​សារ​តារា​ជា​គ្រូ​បង្ហាត់​របាំ​បុរាណ​សម័យ​​ ព្រះកាយ ច័ន្ទ តប​​សារ​ជាមួយ​មហាជន​វិញ​ដែរ​ថា៖ «​​​​មែន​តា! ​បង​ហេតុអី​ត្រូវ​ខ្លាច គ្រាន់​តែ​និយាយ​ថា​ស្រឡាញ់​ ហើយ​បើ​គេ​មិន​ស្រឡាញ់​ក៏​អត់​ទៅ​ យើង​បាន​​ដឹង​ហើយ​មិន​នៅ​ស្រឡាញ់​គេ​តែ​ឯង​ទៀត។​ យើង​ទន់ភ្លន់​ តែ​មិន​ទន់​ជ្រាយ​​​ ហើយ​​ការ​សារ​ភាព​​​​វា​មិន​ទៅ​​ប៉ះពាល់​តម្លៃ​​អី​នោះ​ទេ​ ចុះ​មនុស្ស​គេ​​​អត់​តម្លៃ​ ឬ​​ដែល​​​​​សារ​ភាព​​ប្រាប់​​​​ស្រី្ត​​មុន​​​​គេ​»​​៕​