ភ្នំពេញ៖ តារា​ចម្រៀង​ស្រី​ឈរ​នៅ​លំដាប់​​ជួរ​មុខ​​នៃ​ទ្រនំ​សាន់ដេ កញ្ញា សុខ ពិសី​ ត្រូវ​មហាជន​កត់​សម្គាល់​ថា កំពុង​តែ​មាន​រាសី​ឡើង​ក្រឺតៗ ​ដោយសារ​ឃើញ​នាង​មាន​ភាព​កាក់កប​​ខ្លាំង​​​នឹង​ការងារ​ទូត​សុច្ឆន្ទៈ និង​ជា​តំណាង​​ផលិតផល​នានា​ ហាក់​ដូចជា​មាន​ភាព​មមាញឹក​ជាង​​ការងារ​សិល្បៈ​​។​​

តារា​ចម្រៀង​ដែល​កាក់កប​នឹង​ការងារ​​ក្រៅ​សិល្បៈ ​គឺ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ​ដូចជា​ថត​​ស្ប៉ត​​ក្រុមហ៊ុន​ស្រាបៀរ Ganzberg កាល​ពី​​​ឆ្នាំ​ចាស់ ២០១៨​ និងក៏​ជា​អ្នក​តំណាង​​ផលិតផល​រក្សា​​សម្ផស្ស​ក្រែម​លាប​​មុខ​ម៉ាក ហ្វែរ អែន ឡោហ្វលី តាំង​ពី​ឆ្នាំ​មុន​ផង​ដែរ និង​ទើប​តែ​បន្ថែម​​កិច្ច​សន្យា​បន្ត​ជាមួយ​នឹង​ក្រុមហ៊ុន​ទូរស័ព្ទ​ម៉ាក ​VIVO នា​ពេល​​ថ្មីៗ​សោះ ក៏​ស្រាប់​តែ​​តារាច​ម្រៀង​​នៅ​ទ្រនំ​ផលិតកម្ម​សាន់ដេ ​កញ្ញា​ សុខ ពិសី ត្រូវ​បាន​​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរិក្ខារ​ទូរស័ព្ទ​មួយ ​គឺ​​ «Konfulon»​ ជ្រើសរើស​នាង​​​ធ្វើ​ជា​តំណាង​​ផលិតផល​​​​ខ្លួន​បន្ថែម​ទៀត​។​

ដោយ​មើល​ឃើញ​ថា តារា​ចម្រៀង​ស្រី​សាច់​សខ្ចី​ដូច​បណ្តូល​ចេក​នាង សុខ ពិសី មាន​ភាព​​មមាញឹក​ខ្លាំង​នឹង​​​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ការងារ​​ជា​តំណាង ឬ​ជាទូត​សុច្ឆន្ទៈ​​នៃ​ក្រុមហ៊ុន​ផលិតផល​​​នានា​ យ៉ាង​ស្អេកស្កះ​​នោះ ក៏​មាន​ការ​​លើក​​ឡើង​ពី​មហាជន​បែប​ជា​ចម្ងល់​ថា៖ «បើ​តាម​​មើល​ទៅ​​កញ្ញា ​សុខ ពិសី ដូចជា​រវល់​​ការងារ​ទាំង​នេះ​ជាង​ការងារ​សិល្បៈ​។

ចុះ​ប្រសិន​​បើ​​រវល់​​ខ្លាំង​យ៉ាង​នេះ​​មែន​នោះ ថា​តើ​តារា​ចម្រៀង​ស្រី​កញ្ញា សុខ​ ពិសី​ អាច​​ ប៉ះពាល់​​​នឹង​ការងារ​​សិល្បៈ​ដែរ ​ឬ​យ៉ាង​ណា? ហើយ​កាល​​ក្លាយ​​ជា​តំណាង​ឲ្យ​ផលិតផល​​ច្រើន​​​​​​ដូច្នេះ​ តើ​កញ្ញា សុខ ពិសី ទទួល​​បាន​កម្រៃ​ប៉ុន្មាន​ទៅ​សម្រាប់​មួយ​​តំណាងៗ​នោះ?​»។​

តារាចម្រៀង​ស្រី​ ដែល​កំពុង​តែ​មាន​​រាសី​ឡើង​ខ្លាំង​ទាំង​វិស័យ​សិល្បៈ​​ចម្រៀង និង​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​​បាន​បក​ស្រាយ​​​ថា៖ «​​​អូ! ​តាម​ពិត​ទៅ បើ​ទោះ​បីជា​​​នាង​ខ្ញុំ មាន​ការ​រវល់​នឹង​ការងារ​ថត​ស្ប៉ត និង​ការ​​​ងារ​ជា​តំណាង​​ឲ្យ​ផលិតផល​នានា​​ច្រើន​មែន​ក្តី តែ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​សិល្បៈ​នោះ​ឡើយ​ គឺ​នាង​ខ្ញុំ​បាន​ចែក​ដាច់​រវាង​ការងារ​សិល្បៈ និង​ការងារ​ថត​ស្ប៉ត និង​ធ្វើ​ជា​តំណាង​ឲ្យ​ផលិតផល​​ទាំង​​នោះ​​​។

តារា​ស្រីស្រស់​សំឡេង​ស្រួយ​ កញ្ញា​ សុខ​ ពិសី ក៏​បន្ត​ឲ្យ​ដឹង​ទៀត​​ថា៖ «​ចំពោះ​​​ការងារ​​ថត​​ស្ប៉ត​​​ក្តី និង​​ការងារ​​ថត​ជា​តំណាង​ផលិតផល​​ក្តី នាង​ខ្ញុំ​តែងតែ​​បាន​ផ្តល់​ដំណឹង​ពេល​វេលា​ទំនេរ​​របស់​ខ្ញុំ​ឲ្យ​គេ​មុន​ ដូច្នេះ​ទើប​មិន​មាន​ការ​ប៉ះពាល់​​នឹង​ពេល​​វេលា​សម្រាប់​សិល្បៈ​។

ម្យ៉ាង​ទៀត​ សម្រាប់​តម្លៃ​ដែល​ទទួល​បាន​ពី​ការងារ​​តំណាង​ឲ្យ​ផលិតផល​ក្តី និង​ជា​ទូត​សុច្ឆន្ទៈ​​ក្តី គឺ​មាន​តម្លៃ​ខុស​គ្នា ដោយ​នាង​ខ្ញុំ​សុំ​ចិត្ត​ផង​ ដែល​​មិន​បាន​​​ប្រាប់​ឲ្យ​ដឹង​ពី​តម្លៃ​នោះ។ និយាយ​​រួម​​តម្លៃ​​ក៏​វា​​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ផលិតផល​ ដែល​​​នាង​ខ្ញុំ​បាន​​ធ្វើ​ជា​តំណាង​​ហើយ​នាង​​​​ខ្ញុំ​ និង​ក្រុមហ៊ុន​​​ក៏​ទាមទារ​​ឲ្យ​មាន​កិច្ច​សន្យា​ព្រមព្រៀង​​គ្នា​ចំនួន​តិច​​ឆ្នាំ ឬ​ច្រើន​ឆ្នាំ​តាម​ភាព​ជាក់ស្តែង​ផង​​ដែរ​»៕​