ភ្នំពេញៈ ហាក់​ដូចជា​មាន​ភាព​ចម្លែក និង​បង្ក​ការភ្ញាក់ផ្អើល​ពី​មហាជន ខណៈ​ដែល​តារាចម្រៀង​ស្រី​លំដាប់​ជួរមុខ​នៃ​ទ្រនំ​សាន់ដេ កញ្ញា សុខ ពិសី បាន​ប្រកាស​អញ្ជើញ​លោកតា​លោកយាយ​ឲ្យ​ទៅ​ពិសា​អាហារ​មួយ​ពេល​នៅ​ចំ​ថ្ងៃទី​ ១៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ​នេះ​ដែល​ជា​ទិវា​នៃ​​ក្តីស្រឡាញ់​នោះ​។

នៅ​មុន​ថ្ងៃ​ទិវា​នៃ​ក្តីស្រឡាញ់ ឬ​ទី​ ១៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ​នេះ​ក៏​ឃើញ​តារាចម្រៀង​ស្រី​សាច់​សខ្ចី​មាន​សំឡេង​ស្រួយស្រែស​ឆក់​បាន​នូវ​ប្រជាប្រិយភាព​ពី​មហាជន​យុវវ័យ​យ៉ាង​ច្រើន​កញ្ញា សុខ ពិសី បាន​បង្ហើរ​សារ​ថា​៖ «​ស្អែក​ត្រូវ​ជា​ថ្ងៃ ១៤ កុម្ភៈ ទិវា​នៃ​ក្តីស្រឡាញ់ នាង​ខ្ញុំ សុខ ពិសី ចង់​អញ្ជើញ​លោកតា លោកយាយ ដែល​ខ្វះខាត​មក​ពិសា​អាហារ​ថ្ងៃត្រង់​មួយ​ពេល និង​មាន​របស់​បន្តិចបន្តួច​ជូន​ដល់​ពួកគាត់​។ ដូច្នេះ​បើ​បងប្អូន​បាន​ស្គាល់​លោកតា​ដែល​ខ្វះខាត​សូម​ទំនាក់ទំនង​ខាង​នាង​ខ្ញុំ ខណៈ​ខាង​ខ្ញុំ​ក៏​មាន​ឡាន​ទៅ​ទទួល​លោកតា​លោកយាយ​ផ្ទាល់​ផងដែរ​។ ចំពោះ​ទីតាំង​សម្រាប់​ការ​មក​ពិសា​អាហារ​ថ្ងៃត្រង់​នៅ​ភោជនីយដ្ឋាន​មាតុភូមិ​សាខា​ជិត​ស្ថានីយ​នៃ​ទូរទស្សន៍​អាស៊ី-អាគ្នេយ៍​»​។

តារាចម្រៀង​ស្រី​សាច់​សខ្ចី សុខ ពិសី ដែល​ធ្លាប់​ផ្ទុះ​ដំណឹង​ចចាមអារ៉ាម​ដែល​ផ្ទុះ​ឡើង​​ដ៏ក្តៅគគុក​បែកធ្លាយ​ថា លួច​បង្កាត់ភ្លើង​ស្នេហ៍​យ៉ាង​អាថ៌កំបាំង​នឹង​ថៅកែ ផលិតកម្ម​សាន់ដេ​ទើប​តែ​រសាយ​ចំហាយ​ព័ត៌មាន​នោះ​ក៏​បាន​បញ្ជាក់​ប្រាប់​កាលពី​រសៀល​ថ្ងៃ​​ម្សិលមិញ​ផង​ដែរ​ថា​៖ «​ពេល​នេះ​ចំនួន​លោកតា​លោកយាយ​នឹង​បាន​ចំនួន​ប្រមាណ​ ១០០ រូប ឬ​​លើស​នេះ​នៅ​ថ្ងៃ​ស្អែក​។ ចំណែកឯ​ការចេញ​ថ្លៃ​សម្រាប់​អាហារ​ថ្ងៃ​ត្រង់នេះ​គឺ​នាង​ខ្ញុំ​ចំណាយ ៥០ ភាគរយ និង​ការ ៥០ ភាគរយ​ទៀត​គឺជា​ការចំណាយ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ Zorus ដោយ​នាង​ខ្ញុំ​ក៏​ជា​តំណាង​ឲ្យ​ផលិតផល​មួយ​នេះ​ដែរ​»​។

កញ្ញា សុខ ពិសី ក៏​បាន​បន្ត​ថា​៖ «​គោលបំណង​សំខាន់​នៃ​ការអញ្ជើញ​លោកតា​លោកយាយ​ឲ្យ​ទៅ​ពិសា​អាហារ​មួយ​ពេល​នៅ​ចំ​ថ្ងៃទី​ ១៤ ខែ​កុម្ភៈ ឆ្នាំ​នេះ​ចង់​បង្ហាញ​ពី​ក្តីស្រឡាញ់​របស់​នាង​ខ្ញុំ​ចំពោះ​ពួកគាត់ ខណៈ​តាមពិត​ទៅ​នាង​ខ្ញុំ​តែង​ធ្វើ​របៀប​នេះ​ជា​រៀងរាល់​ឆ្នាំ​លក្ខណៈ​គ្រួសារ​។ ដោយ​គ្រាន់​តែ​ឆ្នាំ​នេះ ខ្ញុំ​បាន​ប្រកាស​ជា​សាធារណៈ​ព្រោះ​តែ​នាង​ខ្ញុំ​ពុំ​សូវ​មាន​ពេល​គ្រប់គ្រាន់​ដូច​ឆ្នាំ​មុនៗ​ទៅ​ស្វែងរក​ខ្លួនឯង ទើប​ប្រកាស​តាម​បណ្តាញ​សង្គម​តែ​ម្តង​ទៅ​»​។

នាពេល​ថ្មីៗ​នេះ​ក៏​លេចឮ​ដំណឹង​មួយ​ទៀត​ដែរ​ថា កញ្ញា សុខ ពិសី កំពុង​តែ​ត្រូវ​បាន​កូនប្រុស​របស់​ឧកញ៉ា​មាន​ទ្រព្យ​ស្តុក មាន​មុខ​ជំនួញ​រកស៊ី​ផ្នែក​សណ្ឋាគារ និង​រ៉ែ​តាម​សុំ​ស្នេហ៍​យ៉ាង​ស្អិតល្មួត​តែ​ម្តង​បង្ក​ការភ្ញាក់ផ្អើល​ទៅ​ដល់​មហាជន​ជាថ្មី​ម្តង​ទៀត​ផង​ដែរ​៕