ភ្នំពេញៈ ពេលវេលា​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​ថ្មី​កាន់​តែ​ជិត​មក​ដល់​តារា​ចម្រៀង​ស្រី​សំឡេង​ស្រួយ រូប​ស្រស់​សោភា សាច់​សខ្ចី នៅ​ឈរ​ជួរ​មុខ​ម្នាក់​ទៀត​ហើយ​គឺ​កញ្ញា សុខ ពិសី លេច​ឮ​ដំណឹង​ចចាម​អារ៉ាម​ថា នាង​បាន​ផុត​កុងត្រា​ពី​ទ្រនំ​សាន់ដេ ហើយ​អាច​នឹង​ដូរ​ទ្រនំ​ថ្មី​ទៀត​ផង​ដែរ។

ខណៈ​មាន​លេចចេញ​រលក​ព័ត៌មាន​បែប​ពាក្យ​ចចាម​អារ៉ាម ដែល​ឮ​ល្ហៀងៗ​ដូចគ្នា តែ​តាម​ជាក់ស្តែង​នោះ តារា​ចម្រៀង​ស្រី​ស្រស់​សាច់​សខ្ចី​ទាំង ២ កញ្ញា សុខ ពិសី និង​កញ្ញា អ៊ីវ៉ា កំពុង​តែ​នាំគ្នា​សម្រុក​ថត​បទ​ចម្រៀង ចង្វាក់​ប្រពៃណី​ខ្មែរ​យ៉ាង​សស្រាក់​សស្រាំ​នៅ​ទ្រនំ​ចាស់​នៅ​ឡើយ។

កំពុងតែ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ជាមួយ​នឹង​បទ​ចម្រៀង​ចង្វាក់​រាំវង់ គឺជា​បទ​ចម្រៀង​លំនាំ​មរតក​ដើម មាន​ចំណង​ជើង​ថា «ឱ!​ផ្កា​ល្ហុង» ដោយ​មាន​ជន​បរទេស​ស្រី​ជាតិ អូទ្រីស មាន​ឈ្មោះ សន​ចា ច្រៀង​អម​ជាមួយ​នាង​ដែរ​នោះ កញ្ញា សុខ ពិសី បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ដើម្បី​ជម្រះ​មន្ទិល​មហាជន​ថា៖ «អត់​ទាន់​មាន​ដំណឹង​លឿន​ដូច្នេះ​ទេ​បង​សម្រាប់​នាង​ខ្ញុំ ព្រោះ​ថា ខ្ញុំ​នៅ​ជាប់​កុងត្រា​ជាមួយ​នឹង​ផលិតកម្ម​សាន់ដេ គឺ​នៅ​សល់​ដល់​ទៅ ២ ឆ្នាំ​ទៀត​ឯណោះ! ដូច្នេះ​ដំណឹង​គេ​ថា ខ្ញុំ​បាន​ផុត​កុងត្រា​នោះ មិន​ពិត​ឡើយ»។

ហាក់ដូចជា​បាន​ត្រៀម​នូវ​ពាក្យ​រួចស្រេច​ជា​ចម្លើយ​សម្រាប់​ការ​សួរថា ប្រសិន​បើ​ផុត​កុងត្រា​នោះ តើ​កញ្ញា​គិត​យ៉ាង​ណា? កញ្ញា សុខ ពិសី បញ្ជាក់​ថា៖ «ដោយសារ​តែ​ពេល​វេលា​នៅ​យូរ​ទៀត​នោះ នាង​ខ្ញុំ សុំ​មិន​ទាន់​ជម្រាប​ថា​យ៉ាង​ណា​ជាមុន​នោះ​ឡើយ។ នាង​ខ្ញុំ​គិត​ថា គឺ​ចាំ​ដល់​ពេល​នោះម​ក​ដល់ ចាំ​ជម្រាប​រឿង​នេះ​តែ​ម្តង​ទៅ!»។

ចំពោះ​រឿង​បញ្ហា​ស្នេហា​វិញ កាល​ពី​ឆ្នាំ ២០១៧ កន្លងមក តារា​ចម្រៀង​ស្រី​សាច់​សខ្ចី ដូចជា​បណ្តូល​ចេក គឺ​កញ្ញា សុខ ពិសី ល្បី​ថា នាង​មាន​ក្រុម​កន្លង់​ទាំង​ចាស់​ក្មេង​នៅ​ក្រៅ​រង្វង់​សិល្បៈ និង​ក្នុង​សង្គម​សិល្បៈ​មិន​ត្រឹម​តែ​តាម​សុំ​ស្នេហ៍​ទេ ថែម​ទាំង​មាន​អ្នក​ទៅ​សួរនាំ​ដល់​ចាស់​ទុំ​របស់​នាង​ទៀត​ផង តែ​មិន​ទាន់​មាន​អ្នក​ត្រូវ​ចិត្ត​នោះ​ឡើយ ខណៈ​ចិត្ត​ចង់​ទុក​ពេល​រក​ប្រាក់​ពី​សិល្បៈ​នេះ​សិន។

តារាចម្រៀង​ស្រី​ជា​បុប្ផា​មួយទង​មាន​ស្រុក​កំណើត​នៅ​ក្រុង​តាខ្មៅ ដែល​ធ្លាប់បាន​ត្រៀម​បើក​ចំហ​ចិត្ត​សន្សំ​ពិន្ទុ​ដែរ​នោះ​បែរ​ជា​មក​និយាយ​ថា៖ «ចំពោះ​គូស្រករ ពេល​នេះ​នាង​ខ្ញុំ​សុំ​ពុំទាន់​គិត​ទេ ដោយ​ចង់​ប្រើ​ពេល​វេលា​ដើម្បី​រក​ប្រាក់​សិន​ចុះ»។

តែ​តារា​ស្រី​មាន​រាសី​ឡើង​ខ្លាំង​ទាំង​ចម្រៀង និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ផងដែរ​នោះ តែ​កញ្ញា​ហាក់​ដូចជា​មិន​បាន​ធីប​នូវ​បញ្ហា​ស្នេហា​ចោល​មួយ​អន្លើ​ឡើយ ដោយ​នាង​ក៏បាន​ទុកពេល​ខ្លះ ដើម្បី​សម្លឹង​រក​មើល​ពី​គុណ​សម្បត្តិ​អនាគត​គូ​ស្នេហ៍​ដ៏​សម​សួន​របស់​ខ្លួន​ផង​ដែរ។

កញ្ញា សុខ ពិសី ក៏​ធ្លាប់បាន​ថ្លែងប្រាប់​ភ្នំពេញប៉ុស្តិ៍ ទាំង​បើកចំហ​ដែរ​ចំពោះ​រឿង​ក្រុម​កន្លង់​តាម​ស្រលាញ់​ឲ្យ​ដឹង​ថា៖ «តាម​ពិត​ទៅ សម្រាប់​នាង​ខ្ញុំ រឿង​មាន​អ្នក​ស្រឡាញ់​ច្រើន​តាម​ស្រឡាញ់ មិន​មែន​ទើប​តែ​ឥឡូវ​នេះ​ទេ​គឺ​មាន​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។ តែ​មក​ទល់​ពេល​នេះ នាង​ខ្ញុំ​ដូចជា​ពុំទាន់​បាន​ពេញ​ចិត្ត​អ្នក​ណា​ម្នាក់​នៅ​ឡើយ​នោះ​ទេ»៕