ភ្នំពេញៈ ដោយសារ​ខ្លួន​ជា​អ្នក​ស្រឡាញ់ និង​ចូលចិត្ត​ចិញ្ចឹមសត្វ​ឆ្កែ​នៅផ្ទះ​នោះ ស្រាប់តែ​ថ្មីៗ​នេះ​បង្ក​ភាពភ្ញាក់ផ្អើល​ដល់​មហាជន​ដែល​តារាចម្រៀង​ស្រី សំឡេង​ស្រួយ ឈរជើង​យូរ​លើ​ទ្រនំ​សាន់ដេ កញ្ញា សុខ ពិសី បង្ហាញ​ចំណាប់​អារម្មណ៍​អាណិតអាសូរ និង​ទទូច​ឲ្យ​បញ្ឈប់​ការធ្វើ​បាប​ដល់​សត្វ​ឆ្កែ​គ្រប់​រូបភាព ក្រោយពី​នាង​ចំណាយ​ប្រាក់​ទិញ​សត្វ​ឆ្កែ​ ៨ ​ក្បាល​ពី​ឈ្មួញកណ្តាល នៅ​ខេត្ត​កំពង់ធំ​កន្លង​មក​នេះ​។

តារាចម្រៀង​ស្រី​ដែល​កំពុងតែ​កាក់កប​នឹង​ការងារ​ក្រៅ​សិល្បៈ​គឺ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ​តាំងពី​ឆ្នាំ​ចាស់​ចូលដល់​ឆ្នាំ​ថ្មី កញ្ញា សុខ ពិសី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ព្រោះតែ​នាង​ខ្ញុំ​មាន​ការអាណិតអាសូរ​ខ្លាំង​ពេល​នាង​ខ្ញុំ​បាន​វិលត្រឡប់​មកពី​កម្មវិធី​ប្រគំតន្ត្រី​នៅ​ខេត្តកំពង់ធំ​កាលពី​ថ្ងៃទី​ ៨ ខែ​មីនា កន្លងមក​នោះ​នៅ​ខណៈពេល​ជិះឡាន​តាមផ្លូវ​ឃើញ​ហើយ​ក៏​ចុះ​ទៅ​សួរនាំ ដើម្បី​សុំ​ទិញ​សង្គ្រោះ​ជីវិត​សត្វ​ឆ្កែ ដែល​គួរ​ឲ្យ​អាណិត​ទាំងនោះ​ដែលមាន​ចំនួន ៨ ក្បាល ហើយ​បាន​នាំយកមក​ទុក​ផ្ទះ​ខ្ញុំ បាន​ប៉ុន្មាន​ថ្ងៃ​ដែរ​ទើប​បាន​សម្រេចចិត្ត​ឲ្យ​ទៅ​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​ចិញ្ចឹមសត្វ​ឆ្កែ​តាម​ផ្ទះ ដែលមាន​សន្តាន​ចិត្តល្អ​ដឹង​ប្រវត្តិ​ច្បាស់​ទើប​បាន​នាង​ខ្ញុំ​ហ៊ាន​ឲ្យ​យក​ពួកគាត់​ទៅ​ចិញ្ចឹម​បន្ត​»​។

ក្រៅពី​ខ្លួន​មាន​ទឹកចិត្ត​ស្រឡាញ់​អាណិតអាសូរ​ដល់​សត្វ​ចិញ្ចឹម ដែលបច្ចុប្បន្ន​នេះ​កំពុងតែ​ប្រឈម​ទៅនឹង​ការធ្វើ​បាប​ដាក់​អន្ទាក់​ចាប់​យក​ទៅ​លក់​នៅ​ទីផ្សារ​នៃ​អ្នក​និយម​បរិភោគ​អាហារ​សាច់​ឆ្កែ ព្រោះតែ​ពួកគេ​មានជំនឿថា​ជា​អាហារ​ប៉ូវ​កម្លាំង​នោះ​ទើប​បាន​តារាចម្រៀង​ស្រី​សាច់​ខ្ចី សុខ ពិសី ក៏មាន​សំណូមពរ ដោយ​ភាព​ទទូច​ដែរ​ទៅ​ដល់​មហាជន​ដែល​ពាក់ព័ន្ធ​នឹង​ទង្វើ​មិនល្អ​លើ​សត្វ​ចិញ្ចឹម​ដ៏ស្លូតបូត​នេះ​ផង​ដែរ ព្រោះ​សត្វ​ក៏ត្រូវ​ការ​រស់​។

កញ្ញា សុខ ពិសី បានលើកឡើង​ជា​សំណូមពរ​ថា​៖ «​នាង​ខ្ញុំ​ក៏​សូម​ចិត្ត​ដល់​បងប្អូន​ដែល​ជឿថា​ពិសា​សាច់​ឆ្កែ ប៉ូវ​កម្លាំង​នោះ​សូមកុំ​ជឿ​ដូច្នេះ​ទៀត​អី​ព្រោះ​ជាការ​ចូលរួម​ជំរុញ​ឲ្យ​អ្នក​ចិញ្ចឹមសត្វ​មួយ​នេះ​លែង​មាន​ភាព​មេត្តា​ទៅដល់​សត្វ​ខ្លួនឯង​រហូត​ហ៊ាន​លក់ដូរ​អាយុជីវិត​គ្នា​។

ខណៈ​អ្នកលក់​ម្ហូប​ពី​សាច់សត្វ​នេះ​ក្តី និង​ឈ្មួញកណ្តាល ឬ​អ្នក​ដាក់​អន្ទាក់​ចាប់​សត្វ​ឆ្កែ​លក់ ក៏​អ៊ីចឹង​ដែរ​សូមមេត្តា​បញ្ឈប់​រឿងនេះ​តទៅទៀត ព្រោះ​ថា​សត្វ​ឆ្កែ​គឺជា​សត្វ​ចិញ្ចឹម​មួយ​ប្រភេទ​ដែល​មាន​ភាពស្លូតបូត​មានចិត្ត​ស្មោះត្រង់​នឹង​ម្ចាស់​របស់​វា ហើយ​វា​ក៏​ចេះ​ជួយ​ការពារ​ទ្រព្យសម្បត្តិ​លោកអ្នក​ទៀត​ជាពិសេស វា​ជួយ​ការពារ​ផ្ទះសំបែង​ដែរ​»៕