ភ្នំពេញៈ បង្ក​ការភ្ញាក់ផ្អើល​ជាថ្មី ខណៈ​តារាចម្រៀង​ស្រី​លំដាប់​ជួរមុខ​នៃ​ទ្រនំ​សាន់ដេ កញ្ញា សុខ ពិសី ត្រូវ​មហាជន​កត់សម្គាល់​ថា រាង​ស្រក​ទម្ងន់​ព្រោះ​តែ​ល្បី​ថា​នាង​ជិត​ចូល​រោងការ​ស្រប​ពេល​ឃើញ​តារា​រួម​អាជីព​នានា​មាន ឱក សុគន្ធកញ្ញា មាស សុខសោភា ពេជ្រ សោភា និង សុគន្ធ និសា ជាដើម ពួកគេ​សុទ្ធ​តែ​មាន​ម្ចាស់​ចិត្ត​រៀងៗ​ខ្លួន​អស់​ទៅ​ហើយ​។

កន្លងមក​ថ្មីៗ​នេះ​ក៏​ធ្លាប់​លេចឮ​ដំណឹង​ដែរ​ថា កញ្ញា សុខ ពិសី កំពុង​តែ​ត្រូវ​បាន​កូនប្រុស​ឧកញ៉ា​មាន​ទ្រព្យស្តុក​ មាន​មុខ​ជំនួញ​រកស៊ី​ផ្នែក​សណ្ឋាគារ និង​រ៉ែ​តាម​សុំ​ស្នេហ៍​យ៉ាង​ស្អិតល្មួត តែ​ម្តង​ដោយ​បាន​បង្ក​ការភ្ញាក់ផ្អើល​ទៅ​ដល់​មហាជន​ម្តង​រួច​មក​ហើយ​។

តារាចម្រៀង​ដែល​កាក់កប​នឹង​ការងារ​ក្រៅ​សិល្បៈ​គឺ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ធំ​ឲ្យ​សាបៀរ Ganzberg កាលពី​ឆ្នាំ​ចាស់ ហើយ​ឆ្នាំ​ថ្មី​នេះ​ក៏​បាន​ក្លាយ​ជា​អ្នកតំណាង​ផលិតផល​រក្សា​សម្ផស្ស​ក្រែម​លាបមុខ​ម៉ាក ហ្វែរ អែន ឡោហ្វលី រយៈពេល ១ ​ឆ្នាំ​ខណៈ​ខ្លួន​ជា​តារាចម្រៀង​នៅ​ទ្រនំ​ផលិតកម្ម​សាន់ដេ​កញ្ញា​ សុខ ពិសី បាន​ប្រាប់​ថា​៖ «​ចំពោះ​រឿង​ថា នាង​ខ្ញុំ​ជិត​រៀបការ​នោះ​គឺ​មិន​ពិត​ទេ​!​ប្រសិន​បើ​មាន​ពិតមែន​នោះ នាង​ខ្ញុំ​ក៏​មិន​លាក់បាំង​ដែរ ហើយ​នឹង​បង្ហាញ​ប្រាប់​បងប្អូន​ជា​មិនខាន​។ ដោយឡែក​រឿង​ថា​នាង​ខ្ញុំ​សម្រក​ទម្ងន់​វិញ ខ្ញុំ​ទទួល​ស្គាល់​ថា​ដូចជា​ត្រូវ ព្រោះ​ថា​មួយរយៈ​នេះ​នាង​ខ្ញុំ​បាន​ដាក់​ពេលវេលា​កំណត់​ខ្លួនឯង​ហាត់ប្រាណ​ជា​ប្រចាំ​គឺ​មួយ​ថ្ងៃ​ដល់​ទៅ ២ ម៉ោង​ឯណោះ ទើប​មើល​ទៅ​ដូចជា​រាងកាយ​ខ្ញុំ​ខុស​ពី​មុន​។ តែ​តាមពិត​ទៅ​បើ​និយាយ​ពី​ទម្ងន់​ខ្ញុំ​វិញ​នោះ​គឺ​នៅ​រក្សា​ដូចជា​មុន​ទេ​គឺ​ចំនួន ៥០ គីឡូ​ដដែល​ហ្នឹង​!»​។

ថ្មីៗ​នេះ​ដំណឹង​ចចាមអារ៉ាម​ចាស់​ផ្ទុះ​ឡើង​សាជាថ្មី​ថា តារាចម្រៀង​ស្រី​សាច់​សខ្ចី សុខ ពិសី នឹង​ចូល​រោងការ​ជាមួយ​ថៅកែ​ផលិតកម្ម​សាន់ដេ ខណៈ​ក៏​លេចឮ​ដំណឹង​មុន​នេះ​ដែរ​ថា នាង​កំពុង​តែ​ត្រូវ​បាន​កូនប្រុស​ឧកញ៉ា​មាន​ទ្រព្យ​ស្តុក មុខ​ជំនួញ​រកស៊ី​ផ្នែក​សណ្ឋាគារ និង​រ៉ែ​តាម​សុំ​ស្នេហ៍​យ៉ាង​ស្អិតល្មួត​ផង​នោះ ហើយ​កញ្ញា សុខ ពិសី ក៏​បាន​ច្រានចោល និង​សុំ​មិន​បកស្រាយ​អ្វី​ទៀត​ឡើយ​ ព្រោះ​តែ​ជា​រឿង​ចចាមអារ៉ាម​ចាស់​ដែល​ពាក់ព័ន្ធ​នឹង​ម្ចាស់​ផលិតកម្ម​ខ្លួន​ច្រៀង​ផង​នោះ​។

តែ​តារាចម្រៀង​ស្រី​មាន​រាសី​ឡើង​ខ្លាំង​ទាំង​ចម្រៀង និង​ការថត​ស្ប៉ត​ពាណិជ្ជកម្ម​ដែល​ហាក់​ដូចជា​មិន​បាន​ធីប​ចោល​បញ្ហា​ស្នេហា​នោះ​គឺ​ថា​នាង​ក៏​បាន​ទុកពេល​ខ្លះ​ ដើម្បី​សម្លឹងមើល​ពី​គុណសម្បត្តិ​នៃ​បុរស​ជា​អនាគត​គូស្នេហ៍​ដ៏សមសួន​ខ្លួន​ជា​បណ្តើរៗ​ផង​ដែរ​។

តារាចម្រៀង​ស្រី​សាច់​សខ្ចី​ដូច​បណ្តូលចេក​នាង សុខ ពិសី ធ្លាប់​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ៖ «​តាមពិត​ទៅ​មាន​ក្រុម​កន្លង់​ទាំងចាស់ ទាំងក្មេង​នៅ​ក្រៅ​រង្វង់​សិល្បៈ និង​នៅ​ខាង​ក្នុង​សង្គម​សិល្បៈ​ច្រើន​តាំងពី​យូរ​មក​ហើយ មិន​ត្រឹមតែ​តាម​សុំ​ស្នេហ៍​ទេ​គឺ​ថា​ថែម​បាន​ទៅ​សួរនាំ​ដល់​ចាស់ទុំ​របស់​ខ្ញុំ​ទៀតផង​តែ​នាង​ខ្ញុំ​មិនទាន់​បើក​ចិត្ត​គិតគូរ​រឿង​នេះ​នៅ​ឡើយ​ទេ​»៕