ភ្នំពេញ៖ ថ្មីៗ​នេះ ​​តារា​​​​​ចម្រៀង​​ស្រី​ដែល​​​និយម​​​​បក​​​ស្រាយ​​បទ​​​ចម្រៀង​ និង​​លេង​ស្ទីល​​​​​បរទេស​ប្រចាំ​​​ហង្ស​មាស​កញ្ញា សុខ សីឡាលីន ​​បង្ហាញ​​លទ្ធផល​ជាប់​​ជា​ស្ថាពរ​​​ក្នុង​​ការ​​ប្រឡង​​ក្របខ័ណ្ឌ​មន្រ្តី​​​នៃ​សាលា​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ​ដោយ​បង្ក​​ការ​​​ភ្ញាក់​ផ្អើល​ពី​មហាជន​សា​ជា​ថ្មី។​

ដំណឹង​​​ដែល​​​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​​ហង្សមាស​​ជាប់​​ជា​មន្រ្តី​ក្របខ័ណ្ឌ​​នៃ​សាលា​​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​នេះ​ កញ្ញា សុខ សីឡាលីន ដែល​បាន​​ក្ដោប​​ឱកាស​ ធ្វើ​ជា​គណៈកម្មការ​​ក្នុង​កម្មវិធី​ ​X Factor Cambodia រដូវកាល​​ទី ​១ ​បង្ហើរ​សារ​ពី​​ជោគជ័យ​របស់​ខ្លួន​ថា​​៖ ​«​ទីបំផុត ខ្ញុំ​ប្រឡង​ជាប់​ក្របខ័ណ្ឌ​​បណ្ឌិត្យសភា​​នគរបាល​កម្ពុជា សម្រេច​បំណង​ប៉ា​​ម៉ាក់​ហើយ! ​ទី ​១៤ កុម្ភៈ នេះ​ ជា​ថ្ងៃ​​ល្អ​សម្រាប់​ខ្ញុំ»។

ទន្ទឹម​នឹង​មាន​​ការ​សាទរ​ពី​សំណាក់​ក្រុម​ទស្សនិកជន ​អ្នក​និយម​តាម​ដាន​បណ្ដាញ​សង្គម មាន​ក្រុម​គ្រួ​សារ​មិត្តរួម​អាជីព ដោយសារ​​តែ​កញ្ញា សុខ សីឡាលីន បាន​​​​សម្រេច​បំណង​ប្រាថ្នា​ដ៏​ធំ​របស់​ខ្លួន​ក្រៅ​អាជីព​សិល្បៈ។​​ ​

កញ្ញា សុខ សីឡាលីន ​​បង្ហើប​ពី​មូលហេតុ​ប្រឡង​​ក្របខ័ណ្ឌ​មន្រ្តី​នគរបាល​ និង​អារម្មណ៍​​ត្រៀម​​​ខ្លួន​​​​ចូល​​​​ធ្វើ​​ការ​​ក្នុង​​​ពេល​​ឆាប់​​នេះ​ដែរ​​​​ថា៖ «​ការ​​​មក​ប្រឡង​​ក្របខ័ណ្ឌ​រដ្ឋ​​ ក៏​ដោយសារ​ជា​ក្តី​ប្រាថ្នា​របស់​ប៉ាម៉ាក់​គាត់​ស្រឡាញ់ និង​ចង់​ឲ្យ​​​ចូល​ធ្វើ​ការ​ផ្នែក​នេះ​យូរ​ហើយ​ដែរ។ សម្រាប់​ខ្ញុំ​ផ្ទាល់​​​ក៏​​ស្រឡាញ់​​​ការងារ​​​រដ្ឋ​​​​​ដែរ​ ហើយ​ដោយសារ​​​តែ​​មួយ​រយៈពេល​មុនៗ​នោះ ជាប់​​​រវល់​នឹង​​ការងារ​សិល្បៈ​​ខ្លាំង​​​​ពេក​ទើប​មិន​បាន​​​​ប្រឡង​ ទើប​​តែ​​ឆ្នាំ ​២០២០ ​នេះ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​មក​ប្រឡង​រហូត​បាន​​​ជាប់​ជា​​សា្ថពរ​កាល​ពី​ថ្ងៃទី ​១៤ ខែ​កុម្ភៈ ​កន្លង​មក​នេះ​។ ចំពោះ​ការ​ចូល​ធ្វើ​ការងារ​​ថ្ងៃ​ដំបូង នៅ​ផ្នែក​អ្វី​ក៏​មិន​ទាន់​​ដឹង​​ទេ​ ខណៈ​​ខ្ញុំ​ក៏​ត្រៀម​ចិត្ត​​ចាំ​មើល​​នូវ​សេចក្តី​ជូន​ដំណឹង​​ផង​​ដែរ​»។

ទើប​​តែ​ទទួល​បាន​ការងារ​​ថ្មី​ក្របខ័ណ្ឌ​រដ្ឋ​​ ​គឺ​ជា​​មន្រ្តី​​នៃ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​​ក្តី មើល​ទៅ​ពេល​​​វេលា​​ធ្វើ​ការងារ​រដ្ឋ​​ផង និង​ការងារ​​​​សិល្បៈ​ផង​ដែរ​នោះ ​​​កញ្ញា សុខសីឡាលីន អាច​ទំនង​​ជា​ជួប​បញ្ហា​នៃ​ការ​ពិបាក​​នឹង​​លៃលក​​​ហើយ​​​ ដូចជា​​ពាក្យ​​ចាស់​ពោល​ថា «​ខ្លួន​​ ​​១ ​ជិះ​​​ទូក ​២» គឺ​ពិត​ជា​មិន​ស្រួល​ឡើយ​​។

តែ​​​តារា​ចម្រៀង​ស្រី​ កំពុង​តែ​ឡើង​​កូដ​សន្សឹម​នៅ​ហង្ស​មាស ដោយ​បាន​ក្លាយ​ជា​​គណៈកម្មការ​​​ម្នាក់​​​នៃ​កម្មវិធី​ X Factor- Cambodia រដូវកាល​​​ទី ​១ ដែល​​ឧស្សាហ៍​​បង្កើត​ភាព​ភ្ញាក់​​ផ្អើល​ដល់​មហាជន​រូប​នេះ​ក៏​​បញ្ជាក់​ថា៖ «បើ​តាម​មើល​ទៅ​ដូចជា​មិន​មាន​ការ​ប៉ះពាល់​រវាង​ការងារ​រដ្ឋ និង​ការងារ​សិល្បៈ​ខ្ញុំ​ទេ​ ដោយសារ​ការងារ​រដ្ឋ​ធ្វើ​​នៅ​ថ្ងៃ​ចន្ទ​ដល់​សុក្រ ខណៈ​សៅរ៍​អាទិត្យ​វិញ​​ខ្ញុំ​​មក​លេង​សិល្បៈ​»៕​​​​​