ភ្នំពេញៈ បង្កការភ្ញាក់ផ្អើលទាំងមជ្ឈដ្ឋានមហាជន និងសង្គមសិល្បៈខ្លាំងតែម្តងជាមួយនឹងទិដ្ឋភាពពិធីរៀបមង្គលការតារាចម្រៀងស្រីកំពូលនៅទ្រនំហង្សមាសម្នាក់ទៀតគឺកញ្ញា សុខ សីឡាលីន បែរជាទៅរៀបមង្គលការស្ងាត់ៗកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩ កន្លងមកថ្មីនេះដោយគ្មានវត្តមានក្រុមអ្នកសិល្បៈចូលរួមឲ្យភ្លូកទឹកភ្លូកដីដូចជាពិធីមង្គលការរបស់មិត្តរួមទ្រនំតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា នោះឡើយ។
ជាមួយនឹងបណ្តុំរូបថតរៀបមង្គលការកាលពីរសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៩ របស់តារាចម្រៀងស្រីជ្រកទ្រនំផលិតកម្មហង្សមាស សុខ សីឡាលីន ជាមួយនឹងកូនកំលោះរូបសង្ហាវ័យក្មេងជាងនាងដែលជាប្អូនប្រុសបង្កើតរបស់តារាសម្តែងស្រីកញ្ញា ពៅ លីដា មានឈ្មោះ ពៅ ពិសិដ្ឋ បានរៀបការស្ងាត់ៗ គឺពិតជាបានធ្វើឲ្យមហាជនភាគច្រើនផ្ទុះនូវការហួសចិត្ត និងសង្ស័យពីភាពខុសប្រក្រតីនេះផងដែរ។
តែរឿងដែលសង្ស័យថាកញ្ញា សុខ សីឡាលីន បានរៀបការជាមួយលោក ពៅ ពិសិដ្ឋ នោះមិនមែនជាការពិតទេ គឺវាគ្រាន់តែជាការថតនូវឈុតខ្លះសម្រាប់ MV បទចម្រៀងចេញថ្មីរបស់កញ្ញាតែប៉ុណ្ណោះ។
សូម្បីតែសាមីខ្លួនក៏មានការភ្ញាក់ផ្អើលផងដែរខណៈខាងអ្នកដឹកនាំការសម្តែងបានលេងស្ទីលថតថ្មីដូចមែនទែននោះ កញ្ញា សុខ សីឡាលីន ក៏បានទម្លាយអាថ៌កំបាំងនូវការរៀបមង្គលការស្ងាត់ៗជាមួយនឹងលោក ពៅ ពិសិដ្ឋ ឲ្យភ្នំពេញប៉ុស្តិ៍ដឹងកាលពីថ្ងៃម្សិលមិញ ថា៖ «ជាដំបូងនាងខ្ញុំ សូមឆ្លៀតថ្លែងអំណរគុណដល់បងប្អូនប្រិយមិត្តទាំងអស់ដែលស្រឡាញ់គាំទ្រនាងខ្ញុំរហូតមក និងជាពិសេសដែលតាមដានរឿងថ្មីៗរបស់នាងខ្ញុំគឺព័ត៌មានរឿងរៀបការនេះតែម្តង ហើយនាងខ្ញុំក៏ធ្វើការបកស្រាយរឿងនេះជូនបងប្អូនផងដែរថា តាមពិតទៅមង្គលការនេះមិនមែនជាពិធីរៀបការពិតប្រាកដទេ។ គ្រាន់តែជាការថតសម្រាប់បទចម្រៀង MV ថ្មី មានចំណងជើងថា៖ «ថ្ងៃការកូនក្រមុំសុំច្រៀងមួយបទ» របស់នាងខ្ញុំប៉ុណ្ណោះ ខណៈបទនេះក៏បានថតសំឡេង Audio រួចរាល់ហើយដែរ»។
កញ្ញា សុខ សីឡាលីន ដែលជាបេក្ខភាពម្នាក់ចំណោមក្នុងក្រុមគណៈកម្មការទាំង ៤ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី ១ នៅប៉ុស្តិ៍ទូរទស្សន៍ហង្សមាសបន្តថា៖ «គំនិតថត MV នេះគឺដឹកនាំសម្តែងពីលោក កៅ សីហា ដោយសារលោកចង់ប្រើឈុតឆាកសម្តែងដូចជាការពិតក្នុងបទចម្រៀងនាងខ្ញុំនោះឯង ហើយតួប្រុសដែលជាកូនកំលោះនោះ គាត់ផ្តល់ជម្រើសឲ្យខ្ញុំ អ៊ីចឹងហើយនាងខ្ញុំក៏សម្រេចជ្រើសលោក ពៅ ពិសិដ្ឋ ជាតារាវ័យក្មេងនោះ»៕