The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សុខ សោម៉ាវត្តី ថា​ថតកុន​ថ្មី ដើម្បី​កុំ​ឲ្យ​អ្នក​គាំទ្រ​ភ្លេច​មុខ​

សុខ សោម៉ាវត្តី ថា​ថតកុន​ថ្មី ដើម្បី​កុំ​ឲ្យ​អ្នក​គាំទ្រ​ភ្លេច​មុខ​

Content image - Phnom Penh Post
តារា​ស្រី​ សុខ សោម៉ាវត្តី​ នា​ពេល​សម្ពោធ​កុន​រឿង «ប្រពន្ធខ្ញុំស្រឡាញ់ស្រី» ថ្មីៗនេះ​។ រូបថត ហ្វេសប៊ុក​

សុខ សោម៉ាវត្តី ថា​ថតកុន​ថ្មី ដើម្បី​កុំ​ឲ្យ​អ្នក​គាំទ្រ​ភ្លេច​មុខ​

ភ្នំពេញ៖ អ្នក​មេម៉ាយ​កូន​មួយ​ចាយ​សម្រស់​អ្នក​នាង​ សុខ សោម៉ាវត្តី បន្ទាប់​ពី​បាត់​មុខ​ពី​ការ​ថត​​កុន​មួយរយៈ​ ទើប​តែ​លេច​មុខ​សម្តែង​រឿង​ថ្មី​​ផលិតកម្ម​អិលឌីរឿង ​«​ប្រពន្ធ​ខ្ញុំ​ស្រលាញ់​ស្រី» ដែល​​ត្រូវ​សម្តែង​ជា​តួស្រី​ មាន​ចរិត​ដូច​ជា​មនុស្ស​ប្រុស​ និង​ស្រឡាញ់​ភេទ​ដូច​គ្នា។

ទោះបី​ជា​បាត់​វត្តមាន​ពី​ការ​សម្តែង​រយៈពេល​យូរ​ក៏​ពិត​មែន​​ ប៉ុន្តែ​តារា​សម្តែង​ស្រី​រូប​នេះ​ នៅ​តែ​មាន​ប្រជាប្រិយភាព​ និង​​ការ​គាំទ្រ​ពី​មហាជន​ពេល​​លេច​វត្តមាន​​​ក្នុង​កុន​ថ្មី​ ដោយសារ​តែ​ភាព​ប៉ិន​ប្រសប់​នៃ​ការ​សម្តែង​យ៉ាង​ក្រមិច​ក្រមើម។

នា​ជំនួប​ក្នុង​រយៈពេល​​ខ្លី​​នៃ​ថ្ងៃ​សម្ពោធ​កុន​ដុំ​​រឿង ​«​ប្រពន្ធ​​ខ្ញុំ​ស្រលាញ់​ស្រី» កាល​ពី​ពេល​ថ្មីៗ តារា​​សម្តែង​ស្រី​​រូប​សម្ផស្ស​ស្រស់​អ្នក​នាង​ សុខ ​សោម៉ាវត្តី ​​​បាន​បង្ហើប​​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​​ដឹង​ថា​​៖​ «​តាម​ពិត​​ទៅ ​ខ្ញុំ​មាន​ភាព​រវល់​ច្រើន​ ជាមួយ​នឹង​ការ​​​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ទើប​មិន​​បាន​ទទួល​ថត​រឿង​ ខណៈ​ការងារ​នៅ​ប៉ុស្តិ៍​ក៏​ច្រើន​​ដែរ​​​»។

គួរ​បញ្ជាក់​ដែរ​ថា​ តារា​ស្រី​កូន ​១​ ​ពូ​កែ​វោហារ​​សម្រស់​ក្រមុំ​មិន​ដូរ​រូប​នេះ​ ផ្អាក​តែ​ការ​សម្តែងទេ​​ តែ​​ចំពោះ​ការងារ​ជា​ពិធីការិនី​នៅ​តែ​បន្ត​ ថែម​ទាំង​ជា​​តំណាង​ផ្សព្វផ្សាយ​ទឹក​ដោះ​គោ​ NutriGold Cambodia ទៀត​ផង​​​។

Content image - Phnom Penh Post

តារា​សម្តែង​ស្រី​ សុខ សោម៉ាវត្តី ក៏​បាន​បន្ថែម​​ដូច្នេះ​​ទៀត​ថា​៖ «ឥឡូវ​ខ្ញុំ​មាន​ក្រុមហ៊ុន​គ្រឿង​សម្អាង​​មួយ ហើយ​ក៏​កំពុង​មាន​គម្រោង​លក់​ផលិតផល​ទាក់ទង​ជាមួយ​សុខភាព​ផង​ដែរ។ សម្រាប់​ការ​ទទួល​ថត​វិញ​ ថត​បាន​តែ ២ រឿង​ទេ​នៅ​​ឆ្នាំ​នេះ ឆ្នាំ ២០១៩​»។

ចំពោះ​ការងារ​សិល្បៈ​ខាង​សម្តែង​ តារា​ស្រី​មេម៉ាយ​កូន​មួយ​ កំពុង​ល្បី​កំលោះ​សង្ហា​កីឡា​បាល់​​ទាត់​ស្អំ​បេះដូង​អ្នកនាង​ សុខ សោម៉ាវត្តី បាន​សម្តែង​ចំនួន ​២ រឿង​តែ​​ប៉ុណ្ណោះ​ ដោយ​រឿង​ទី​ ១ ជា​​​រឿង​ភាគ​កំពុង​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​​បាយ័ន ​«អ្នក​ស៊ើប​អង្កេត​ខួរ​ក្បាល​អច្ឆរិយ» និង​រឿង​ដុំ ​«ប្រពន្ធ​ខ្ញុំ​ស្រលាញ់​ស្រី​» ដែល​​កំពុង​​ចាក់​បញ្ចាំង​នៅ​គ្រប់​រោងកុន​​ផង​ដែរ​។

ដោយសារ​មាន​​សម្រ​ស់​​នៅ​តែ​​ស្រស់​​​ស្អាត ​គួប​ផ្សំ​ជាមួយ​​នឹង​ភាព​ប៉ិន​ប្រសប់​នៃ​ការ​សម្តែង ដែល​អាច​​បត់បែន​បាន​​គ្រប់​កាយ​វិការ​តាម​ដែល​អ្នក​​ដឹកនាំ​ចង់​បាន​ ព្រម​ទាំង​​ខ្សែ​ភាពយន្ត​ដែល​មាន​វត្តមាន​នាង​ តែង​​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​ នៅ​តែ​គ្រង​​តំណែង​ជា​តួឯក​ស្រី​ បើ​ទោះបី​​ជា​មាន​វ័យ​ជ្រេ​បន្តិច​មែន​ក្តី​​​។

ទោះបី​ជា​មាន​ភាព​មមាញឹក​នៅ​ក្នុង​អាជីវកម្ម​ផ្ទាល់​ខ្លួន​យ៉ាង​ណា​​ ក៏​អ្នក​នាង​ សុខ សោម៉ាវត្តី បាន​បញ្ជាក់​ពី​ការ​បែង​ចែក​ពេលវេលា​ក្នុង​ការងារ​សិល្បៈ​ដែរ​​ថា​៖ ​«​សម្រាប់​ឆ្នាំ​ថ្មី ២០២០ ខាង​មុខ​នេះ​ ខ្ញុំ​មិន​ទាន់​មាន​គម្រោង​ថា​ ថត​រឿង​ថ្មី​នោះ​​ទេ​ វា​អាស្រ័យ​លើ​ការ​បែង​ចែក​ពេល​វេលា​ ប៉ុន្តែ​​ទោះ​ជា​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​ឈប់​ពី​ការ​សម្តែង​នោះ​ដែរ ​ដោយសារ​វា​ជា​​អាជីព​​ដែល​នាង​ខ្ញុំ​ស្រឡាញ់ គ្រាន់​តែ​ថា​យូរៗ​សម្តែង ​១ ​រឿង ​ដើម្បី​កុំ​ឲ្យ​អ្នក​គាំ​ទ្រ​ភ្លេច​មុខ​»៕

អត្ថបទគួរចាប់អារម្មណ៍