ភ្នំពេញៈ ក្រោយរយាលពីមុខកាមេរ៉ាថតកុនទាំងភាគ និងដុំ មួយរយៈមកនោះ ក៏ស្រាប់តែអ្នកមេម៉ាយកូន ១ ក្តៅស្រួយអ្នកនាង សុខ សោម៉ាវត្តី លេចមុខនៅក្នុងកុនដុំថ្មីរបស់ផលិតកម្មរ៉ុករឿង «កែវវេទមន្ត» ដែលបើកសម្ពោធនៃការចាក់បញ្ចាំងនៅរោងកុន Prime Cineplex នៅក្នុងផ្សារទំនើបសុវណ្ណាកាលពីល្ងាចថ្ងៃម្សិលមិញ។
មហាជនភាគច្រើននៅចាំថា កាលពីចុងឆ្នាំ ២០១៦ តារាសម្តែងស្រីសម្បូរទេពកោសល្យសម្តែងជាតួបែបក្រមិចក្រមើម សុខ សោម៉ាវត្តី ធ្លាប់បានបង្ហើរសារមួយឃ្លាយ៉ាងខ្លីក្នុងអត្ថន័យបែបទាក់ទាញចំណាប់អារម្មណ៍ ដែលអមដោយរូបភាពចេញដំណើរតាមយន្តហោះថា៖ «នឹកអូនតីអត់? បើពេលខាងមុខផ្អាកពីសិល្បៈមួយរយៈ?» កក្រើកតាមបណ្តាញសង្គមដោយពាំនាំចម្ងល់ជាច្រើនជុំវិញនឹងសាររបស់នាង។
ក្រោយមកទៀតនាង ពិតជាបានផ្អាកពីការថតកុនទាំងដុំ និងកុនភាគមួយរយៈមែន ក្រោមហេតុផលថាជាប់រវល់ខ្លាំងទៅនឹងការងារជាពិធីការិនីទូរទស្សន៍ប៉ុស្តិ៍បាយ័ន និងការងារក្លាយជាតំណាងទូតសុច្ឆន្ទៈនៃភេសជ្ជៈអូអ៊ិឈិប្រមាណជិត ២ ឆ្នាំ មកហើយនោះ។
តែថ្មីៗនេះ បែរជាគេឃើញតារាសម្តែងស្រីល្បីខ្លាំង កាលពីប៉ុន្មានឆ្នាំមុន និងជាម៉ូយប្រចាំផលិតកម្មមហាហង្ស មេម៉ាយកូន ១ សាច់សខ្ចី លេចមុខនៅក្នុងកុនដុំថ្មីរបស់ផលិតកម្មរ៉ុកគួរឲ្យកើតការងឿងឆ្ងល់សាជាថ្មី។
ភ្នំពេញប៉ុស្តិ៍ក៏ទទួលបាននូវការបកស្រាយពីសំណាក់តារាស្រី មានរហស្សនាមថា តួស្រីពូកែខាងលេងទឹកមុខក្រមិចក្រមើមអ្នក នាង សុខ សោម៉ាវត្តី នាថ្ងៃបើកសម្ពោធកុនរឿង «កែវវេទមន្ត» ស្រាយចម្ងល់ដែលមកលេចមុខសាជាថ្មីនៅក្នុងកុនរបស់ផលិតកម្មរ៉ុកនេះថា៖ «តាមពិតទៅ!កុននេះ មិនថ្មីពេក ឬក៏មិនចាស់ពេកទេសម្រាប់ការថតរបស់នាងខ្ញុំនោះ ហើយបើតាមខ្ញុំចាំ គឺថតដូចជារំលងចូលរយៈពេល ១ ឆ្នាំហើយ ពោលក្រោយពីការថតកុនដុំ ១ ទៀតរបស់ខ្ញុំនៅផលិតកម្មរ៉ុកគឺរឿង «អ្នកខូចចិត្តអាជីព» នោះឯង។
តារាសម្តែងស្រីដែលជាម៉ូយប្រចាំផលិតកម្មមហាហង្ស សុខ សោម៉ា វត្តី មានរាសីឡើងខ្ពស់ត្រដែតលើទីផ្សារថតកុន និងថតស្ប៉តពាណិជ្ជកម្មបន្តជាប់គ្នាយ៉ាងរដឹកសឹងតែគ្មានពេលទំនេរដូចជារឿង «ទឹកចិត្តស្ត្រីសម័យទំនើប» ផលិតកម្មថោន ក្រោមការដឹកនាំសម្តែងដោយអ្នកស្រី ពាន់ ភួងបុប្ផា ហើយរឿង «Hello លោកគ្រូកំលោះ» នៅខាងមហាហង្ស រឿងថ្មី «Supermom» និងរឿង «អ្នកជំនាញខូចចិត្ត» ផលិតកម្មរ៉ុក នាពេលកន្លងមកនោះក៏ធ្លាប់បានបង្ហើបការពិតទាក់ទងទៅនឹង ការរវល់ខ្លាំងរហូតនាង-លែងហ៊ានទទួលថតកុនបន្តទៀតថា៖ «តាំងពីក្លាយជាតំណាងទូតសុច្ឆន្ទៈឲ្យភេសជ្ជៈអូអ៊ិឈិ មកនោះគឺនាងខ្ញុំមិនសូវមានពេលទំនេរអាចទៅថតកុនបានដូចមុនឡើយ»៕