ភ្នំពេញ៖​ ប្រហែល​ជា​មក​ពី​រូប​សម្ផស្ស​របស់​តារា​​ចម្រៀង​ស្រី​រាង​ស្លីម កាន់​តែ​​​​ស្អាត​បែប​​​ធម្មជាតិ​ពិតៗ​នេះ​ ហើយ​ទេ​ដឹង​ ទើប​ថ្មីៗ​នេះ​ ធ្វើ​​​ឲ្យ​មហា​​ជន​​​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ មាន​​ស្រ្តី​ខ្មែរ​​ម្នាក់​​​ឈ្មោះ នីតា ​ហ៊ាន​​លះបង់​​ កែ​សម្ផស្ស​មុខ​មាត់​​ ​ដើម្បី​បាន​​​​​ទម្រង់​មុខ​​ដូច​​ជា​តារា​ក្នុង​ដួង​​ចិត្ត​ គឺ​អ្នកនាង សុខ ស្រីនាង​។

គេ​ធ្លាប់​តែ​ឃើញ​មាន​​​ឯ​​ក្រៅ​ប្រទេស​ដូចជា​នៅ​កូរ៉េ ចិន​ ឬ​អឹរ៉ុប ដែល​អ្នក​គាំទ្រ​​​​លះបង់​​សាច់​​ឈាម​ និង​ប្រឈម​នឹង​មុខ​​កាំ​បិត​វះ​កាត់​​កែ​​សម្ផស្ស​ ដើម្បី​ឲ្យ​ដូច Idols ខណៈ​​នៅ​ស្រុក​​​ខ្មែរ​ក៏​មាន​ស្រ្តី​ម្នាក់​ហ៊ាន​កែ​សម្ផស្ស​មុខ​មាត់​ខ្លួន​​ ដើម្បី​​ឲ្យ​​មុខ​មាត់​ដូច​តារា​​នៅ​ក្នុង​ដួង​​ចិត្ត​​​ដែល​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​​។​

បើ​​គ្រាន់​តែ​ពិនិត្យ​មើល​​រូបថត​​​ផ្ទៃ​មុខ​មួយ​ភ្លែត​ ​គឺ​​ថា​​​ពិត​ជា​​ស្រដៀង​គ្នា​ខ្លាំង​ណាស់​ រវាង​តារា​​ចម្រៀង​ស្រី​មាន​​​​សំឡេង​ស្រាល​ពីរោះ​រណ្តំ​ សុខ ស្រីនាង និង​អ្នក​គាំទ្រ​​ឈ្មោះ ​នីតា នោះ​​កុំ​តែ​​​ខុស​កម្ពស់​គ្នា​ទេ​ កុំ​អី​អាច​មើល​​ច្រឡំ​ថា ជា​កូន​ភ្លោះ​។​​

តារា​ចម្រៀង​ស្រី​នៅ​ទ្រនំ​ហង្សមាស ​មាន​រាង​ស្លីម សាច់សខ្ចី​ សុខ ស្រីនាង​។ រូបថត ហ្វេសប៊ុក​

ថ្លែង​ទាំង​​សប្បាយ​​​ចិត្ត​ ខណៈ​គេ​ក៏​អាច​និយាយ​បាន​​ថា​​​​ ទំនង​ជា​តារា​ចម្រៀង​ស្រី​ខ្មែរ​ម្នាក់​​ដំបូង​​ផង ដែល​មាន​អ្នក​គាំទ្រ​ហ៊ាន​មក​លះបង់​បែប​នេះ​ ដើម្បី ​Idol ជា​ទី​ស្រឡាញ់​នោះ​​ ខណៈ​អ្នកនាង សុខ ស្រីនាង ប្រាប់​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា៖ «​ខ្ញុំ​ ពិត​ជា​សប្បាយ​​ចិត្ត​ខ្លាំង ហើយ​ក៏​​​​ត្រេកអរ​​ណាស់​ ដែល​ទទួល​បាន​នូវ​​ការ​ស្រឡាញ់​អស់​ពី​ចិត្ត​របស់ ​Fan ម្នាក់​នេះ​ និង​​ហ៊ាន​លះបង់​រហូត​កែ​សម្ផស្ស​​វះ​កាត់​ច្រមុះ និង​វះ​បបូរ​មាត់​​នៅ​ប្រទេស ​វៀតណាម ​ដើម្បី​ឲ្យ​មុខ​មាត់​គាត់​មើល​ទៅ​ដូច​នាង​ខ្ញុំ​។

បើ​តាម​គាត់​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​នោះ កាល​ពេល​គាត់​វះ​​កាត់​​ច្រមុះ គឺ​​ស្ថានភាព​​សុខភាព​​​របស់​​ប្អូន​ស្រី​ នីតា ​មិន​ល្អ​នោះ​​​ឡើយ តែ​គាត់​នៅ​តែ​ចង់​ធ្វើ​ ​គឺ​លះបង់​ការ​វះ​កាត់​ដោយ​យក​ឆ្អឹង​​ខ្ចី​ត្រចៀក ​ប៉ះប៉ូវ​ត្រង់​ឆ្អឹង​ខ្ទង់​ច្រមុះ​ ដែល​​ចំណាយ​​ពេល​យូរ​ជាង​ការ​វះ​កាត់​ធម្មតា​​ ក៏​ព្រោះ​​ក្តី​ស្រឡាញ់​ចង់​មាន​ទម្រង់​មុខ​ដូច​ខ្ញុំ​នោះ​»។​​​

តារា​ចម្រៀង​ស្រី​ ដែល​ទើប​ទទួល​បាន​ភាព​ជោគជ័យ​លើ​អាជីព​ចម្រៀង​នៅ​ទ្រនំ​ថ្មី​ហង្សមាស​ ​បាន​តំណែង​ជា​គណៈកម្មការ​ផ្តល់​ពិន្ទុ​​កម្មវិធី​​ប្រឡង​ចម្រៀង​កុមារ​លំដាប់​ពិភព​​លោក​ Cambodian Idol Junior ​រដូវកាល​ទី ​១ ​ សុខ ស្រីនាង ​ក៏​រំឭក​ពី​ការ​លះបង់​របស់​ នីតា ​កែ​សម្ផស្ស​​​ឲ្យ​មាន​មុខ​មាត់​ដូច​ខ្លួន​​ដែរ​ថា៖ «​ឥឡូវ​នេះ ប្អូន​ស្រី​ នីតា និង​នាង​​ខ្ញុំ ​បី​​ដូច​ជា​បងប្អូន​ដែល​​ជាប់​សាច់​​ឈាម​ ​គឺ​លើស​​ពី​​អ្នក​គាំទ្រ​​​ដោយសារ​ គ្រួសារ​​ខ្ញុំ និង​​គ្រួសារ​គាត់ ​រាប់​អាន​គ្នា​​ដូច​គ្រួសារ​​កើត​ពី​ផ្ទៃ​តែ​មួយ​ព្រោះ​​តែ​និស្ស័យ​​​។ ​​

តាម​ពិត គាត់​​បាន​សម្រេច​ចិត្ត​​ទៅ​វះ​កាត់​យូរ​ហើយ​​តាំង​ពី​ ២-៣​ ឆ្នាំ​មុន​មក គ្រាន់​តែ​មិន​សូវ​មាន​អ្នក​​​ដឹង​ពី​មុន ទើប​តែ​ផ្ទុះ​ឡើង​​​វិញ​មាន​អ្នក​ដឹង​​។ គាត់​​វះ​កាត់​ច្រមុះ និង​មាត់ តាំង​​ពី​នៅ​លីវ​ឥឡូវ​នេះ គាត់​មាន​ស្វាមី មាន​កូន​ និង​​មាន​​​របរ​រក​ស៊ី​​»៕