ភ្នំពេញៈ ក្រោយពី​ដូរ​ទ្រនំ​ចាស់ សាន់ដេ មក​ទ្រនំ​ថ្មី​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង តារាចម្រៀង និង​សម្តែង​ស្រី រាងស្រលូន សម្ផស្ស​កាន់តែ​ផូរផង់ អ្នក​មេម៉ាយ​វ័យក្មេង សុខ ស្រីនាង កំពុង​តែមាន​រាសី​ឡើង​ក្រឺតៗ​ដោយ​ត្រូវ​ផលិតកម្ម​ហង្សមាស​ផ្តល់​កាដូ​លើក​ទឹកចិត្ត​ជា​ហូរហែ មាន​ឱកាស​ជា​តួឯក​កុន និង​ចុង​ក្រោយ​នេះ​ក្លាយជា​គណៈកម្មការ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​ថ្មី​របស់​កុមារ​។

អាច​និយាយ​បាន​ថា តារាច្រៀង​ស្រី អតីត​ជ្រក​ទ្រនំ​សាន់ដេ អ្នកនាង សុខ ស្រីនាង ពិត​ជា​មាន​លក្ខណសម្បត្តិ​មិន​អន់​ឡើយ ទើប​ត្រូវ​បាន​ខាង​ផលិតកម្ម​ហង្សមាស​សម្រេច​ចិត្ត​ជ្រើស​យក​នាង​មក​ធ្វើ​ជា​គណៈកម្មការ​ផ្តល់​ពិន្ទុ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ថ្មី​សន្លាង និង​ជាការ​ចាប់ផ្តើម​រដូវកាល​ទី​ ១ ​តែ​ម្តង​សម្រាប់​កម្ពុជា​គឺ Cambodian Idol Junior ​ខណៈ​គណៈកម្មការ​ ២ ​រូប​ទៀត​គឺ​តារាចម្រៀង​ជើងចាស់​ហង្សមាស​លោក ព្រាប សុវត្ថិ និង​លោក ឆន សុវណ្ណរាជ​។

កម្មវិធី​ប្រឡង​ចម្រៀង​របស់​កុមារ​នៃ​យុគសម័យ​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​មាន​ឈ្មោះថា Cambodian Idol Junior ​រដូវកាល​ទី​ ១ នេះ ចាប់ផ្ដើម​លក់​ពាក្យ​ចូល​ប្រឡង​ហើយ​សម្រាប់​កុមារ​ជា​បេក្ខជន​ចូល​ប្រកួត​គឺ​មាន​អាយុ​ចាប់ពី ៧ ឆ្នាំ រហូត​វ័យ ១៧ ឆ្នាំ​រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​។

ក្រៅពី​សម្តែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ខ្លាំង​ទៅ​នឹង​ការទទួល​បាន​នូវ​ទំនុកចិត្ត​ពី​ផលិតកម្ម​ហង្សមាស​សម្រេចចិត្ត​ប្រគល់​ភារកិច្ច​ជា​គណៈកម្មការ​មួយ​នៃ Cambodian Idol Junior ​រដូវកាល​ទី​ ១ នោះ សុខ ស្រីនាង ក៏​បង្ហើប​ប្រាប់​ពី​លក្ខខណ្ឌ​ខ្លះៗ​ដែល​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ច្រើន​ផងដែរ​ទើប​បាន​តំណែង​ជា​គណៈកម្មការ​នេះ​។

អ្នក​មេម៉ាយ​វ័យក្មេង តែ​សម្រស់​ស្រស់​សោភា ក្រមុំ​សុំ​ខ្មាស់​អ្នកនាង សុខ ស្រីនាង ប្រាប់​ថា​៖ «​ឆ្លងកាត់​ដំណាក់កាល​ច្រើន ទើប​នាង​ខ្ញុំ​ទទួល​បាន​ការសម្រេច​ចិត្ត​យល់ស្រប​ពី​ក្រុមហ៊ុន មាន​ទាំង​នៅក្នុង​ប្រទេស និង​ដៃគូ​នៅក្រៅ​ប្រទេស​ចំពោះ​កម្មវិធី​នេះដែរ​នឹង​ត្រូវ​ចាប់ផ្តើម​ដំណើរ​បេសកកម្ម​របស់​ខ្លួន​នៅ​ដើម​ខែ​សីហា​នេះ​ហើយ​។ ទោះ​យ៉ាងណា​នាង​ខ្ញុំ​នឹង​ខិតខំ​ឲ្យ​បាន​ល្អ​សម្រាប់​ការទុកចិត្ត និង​ភារកិច្ច​មួយ​នេះ ហើយ​មិន​ឲ្យ​ក្រុមហ៊ុន​ខក​បំណង​ឡើយ ទោះបី​វា​ជា​បទពិសោធ​ថ្មី​សម្រាប់​ខ្ញុំ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​នេះ​ក៏ដោយចុះ​»​។

ក្រៅពី​ពូកែ​រក្សា​រូបរាង​ឲ្យ​មាន​សម្រស់​មិន​ធ្លាក់​ចុះ​ សុខ ស្រីនាង ក៏​បាន​វិវឌ្ឍ​ខ្លួន​ពី​ការច្រៀង​បទ​មនោសញ្ចេតនា ងាក​មក​ច្រៀង​បទ​ញាក់ និង​លេង​ក្បាច់​រាំ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ចាប់តាំងពី​ឈាន​មក​ចូល​សមាជិក​ផលិតកម្ម​ហង្សមាស​នោះ​។

ចំណែកឯ​ហង្សមាស​វិញ​ក៏​ជួយ​រុញ​ឲ្យ​អ្នក​មេម៉ាយ​រូប​ស្រស់​នេះ ថែម​មួយ​កម្រិត​ទៀត​តាមរយៈ​ការផ្តល់​តំណែង​ជា​តួឯក​ក្នុង​កុន ២ រឿង​ជាប់​គ្នា​គឺ​រឿង​ភាគ​មាន​ចំណងជើង​ថា «​រាជិនីភូមិគ្រឹះ​» និង​កុន​រឿង «​ខ្ញុំ​មាន​ញាណ​លើស​»៕