ភ្នំពេញៈ ថ្មីៗ​នេះ​កំពូល​តារាចម្រៀង​ស្រី​នៅ​ទ្រនំ​ហង្សមាស​អ្នកនាង ឱក សុគន្ធកញ្ញា បាន​បង្ហោះ​សារ​មួយ​ឃ្លា​បង្ហាញ​ពី​ក្តីរំភើប​ចិត្ត​យ៉ាងខ្លាំង​ទៅ​នឹង​ដំណឹង​ល្អ​មាន​បុត្រ​ដំបូង​របស់​ខ្លួន​តាម​បណ្តាញ​សង្គម ក្រោយពី​បាន​រៀប​មង្គលការ​ដ៏គគ្រឹកគគ្រេង​តាំងពី​ថ្ងៃទី​ ១៦ ខែ​ឧសភា ឆ្នាំ​ ២០១៩ កន្លងមក​នៅឯ​សណ្ឋាគារ​សុខា​។

តារាចម្រៀង​ស្រី​ដែល​រក្សាបាន​កិត្តិស័ព្ទ​ល្អ​លើ​វិថី​សិល្បៈ​រហូត​ថៅកែ​ហង្សមាស​ភ្ជាប់​និស្ស័យ​ជា​សាច់ឈាម​ធ្វើ​ជា​ប្អូនថ្លៃ​ដោយ​ស្តីដណ្តឹង​ឲ្យ​ប្អូនបង្កើត​លោក អ៊ឹង សុខលី ធ្វើ​ជា​ភរិយា ក្រោយពី​អ្នកនាង ឱក សុគន្ធកញ្ញា បាន​ឈរជើង​យូរ​នៅ​ទ្រនំ​ផលិតកម្ម​ដ៏សុខសាន្ត​នេះ​។

អ្នកនាង ឱក សុគន្ធកញ្ញា បង្ហោះ​រូបភាព​មួយ​សន្លឹក​លក្ខណៈ​ជា​ស្ត្រី​ពពោះ ហើយ​មាន​ស្វាមី​ថើប​អម​សារ​ថា​៖ «​ពួកយើង​កំពុង​រង់ចាំ​ការមកដល់​របស់​គាត់​..! We are waiting for you baby»​។

រំពេច​នោះ​ក៏​មាន​មហាជន​អ្នកគាំទ្រ និង​មិត្តភក្តិ​ក្នុង​សង្គម​សិល្បៈ​ចុច Like និង Comment អបអរសាទរ​យ៉ាង​សន្ធឹកសន្ធាប់​ដោយ​មាន​ចំនួន Views ដល់ 22K, 2.1K Comments, 4.9K Shares​។

អ្នកខ្លះ​បាន​សរសេរ​ថា​៖ «​អបអរសាទរ l dol ជូនពរ​ឲ្យ​មាន​សុខភាព​ល្អ​ទាំង​ម៉ាក់ៗ និង​កូន និង​ចូលរួម​ត្រេកអរ​ផង​អាយ​ដល​សំណប់-70!»​។ ឯ​អ្នក​ខ្លះទៀត​បានចេញ​សារ​ដោយ​និយាយ​ត្រង់ៗ​ថា​៖ «​គ្រាន់តែ​ឃើញ​បង កញ្ញា បែកសាច់​រាង​មូល​ពេល​ឃើញ​ព័ត៌មាន​ចុះផ្សាយ អ្នកណា​ក៏​ថា​បង​ធាត់​ដែរ តែ​ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា​បង​មាន​កូន​ហើយ ឥឡូវ​នេះ​មាន​មែន​!​គ្រាន់តែ​បង​មិន​ទាន់​បញ្ចេញ​! ចូលរួម​អបអរសាទរ​ផង​បង​។ សូម​ឲ្យ​បុត្រ​មាន​ថ្ពាល់ខួច​កាត់​ទៅ​ស្វាមី ហើយ​ភាព​រួសរាយ​កាត់​បង កញ្ញា​»​។

គួរបញ្ជាក់​ថា​តារាចម្រៀង​ស្រី​រូបនេះ​ពិតជា​ទទួល​បាន​ការគាំទ្រ និង​ទាក់ទាញ​នូវ​ចំណាប់​អារម្មណ៍​ពី​មហាជន​ខ្លាំងណាស់ សូម្បីតែ​បង្ហោះ​រូបថត​អាពាហ៍ពិពាហ៍​ខ្លួន ក៏​នាង​មាន​លក្ខខណ្ឌ​លេង​ជា​ថ្នូរ​នឹង​ប្រិយមិត្ត​ផងដែរ ដោយ​បាន​សរសេរ​ថា​៖ «​សួស្ដី​មិត្តភក្តិ បងប្អូន​ទាំងអស់​គ្នា​! ថ្ងៃនេះ​មាន​រូប​បែកធ្លាយ​រូប Pre-Wedding អាពាហ៍ពិពាហ៍​នាង​ខ្ញុំ តើ​បងប្អូន​ជឿ​ដែរ​ឬ​ទេ​? បើ​ចង់ដឹង​ការពិត​រូបថត Preweddings ជា​ផ្លូវការ​សូម Share Status នេះ​ឲ្យ​បាន​ចំនួន 168k Share ខ្ញុំ​នឹង​បង្ហាញ​រូប​ជា​ផ្លូវការ​ខ្ញុំ​ជូន​បងប្អូន​ទាំងអស់​គ្នា​»​។

ទន្ទឹមនឹង​ការបង្កើត​ឲ្យ​មាន​ភាពភ្ញាក់ផ្អើល​នេះ​ក៏​មាន​ការទទួច​ចង់ដឹង​ដែរ​ថា តើ​បុត្រ​ដំបូង​នៅ​ក្នង​ផ្ទៃ​ដែល​ជា​ចំណង​ស្នេហ៍​អាពាហ៍ពិពាហ៍​របស់​អ្នកនាង ឱក សុគន្ធកញ្ញា និង​លោក អ៊ឹង សុខលី ជា​ប្អូនប្រុស​បង្កើត​ថៅកែ​ហង្សមាស​នោះ មាន​អាយុកាល​ប៉ុន្មាន​សប្តាហ៍ ឬ​ខែ​ហើយ​នោះ​ទាំង​ខាងមហាជន​ក៏​ដូចជា​ខាង​បណ្តាញ​ផ្សព្វផ្សាយ​។

ដោយឡែក​ភ្នំពេញ-ប៉ុស្តិ៍​ក៏​មិន​អាច​ទំនាក់ទំនង​សុំ​សេចក្តី​បញ្ជាក់​ពី​អ្នកនាង ឱក សុគន្ធកញ្ញា បាន​ទេ​ដោយសារ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​៕