ភ្នំពេញ៖ តារាចម្រៀងសំនៀងស្រទន់ អ្នកនាង សុគន្ធ និសា ទើបតែប្រកាសមុននេះបន្តិចថា អ្នកនាងមានវិជ្ជមានកូវីដ ១៩

នៅប៉ុន្មាននាទីមុននេះ នៃថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ តារាចម្រៀងរូបស្រស់ អ្នកនាង សុគន្ធ និសា បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​នាង​ថា៖ «នាងខ្ញុំ សុគន្ធ និសា បានធ្វើតេស្ត កូវីដ ១៩ ឥឡូវនេះ ជម្រាបជូនដល់បងប្អូនជាសាធារណៈថា ខ្ញុំបាន positive ហើយ គឺមានមេរោគនេះហើយ អ៊ីចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីសុវត្ថិភាព ខ្លួនឯងនឹងក្រុមគ្រួសារ សូមជូនពរឱ្យបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ»។

អ្នកនាងក៏ឆ្លៀតលើដៃប្រណមសូមអធ្យាស្រ័យថា៖ «សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លើយតប អធ្យាស្រ័យផងណាបងប្អូន»។

តារាចម្រៀង សុគន្ធ និសា ក៏បានបញ្ជាក់ពីសុខទុក្ខក្រុមគ្រួសាររបស់អ្នកនាងទៀតថា៖ «ក្នុងចំណោម​អ្នក​ផ្ទះ​ខ្ញុំ ៧​នាក់​ដែល​បាន​ធ្វើ​តេស្ត​ដោយ​ក្រុម​គ្រួពេទ្យ អ្នកគ្រួ​ពេទ្យ​ជំនាញ គឺ​មាន​កើត​តែ​ខ្ញុំ​ម្នាក់​តែ​ប៉ុណ្ណោះ អ្នកផ្ទះអត់មានទេ តែក៏ត្រូវផ្ដាច់ខ្លួន ១៤ថ្ងៃដែរ ហើយខាងផ្ទះម្ដាយខ្ញុំគឺអត់ពាក់ព័ន្ធឡើយ»។

មុនការបង្ហោះពីអ្នកនាង សុគន្ធ នីសា ពីស្ថានភាពវិជ្ជមានកូវីដ ១០ តារាចម្រៀងគ្រប់ទម្រង់សិល្បៈទាំងសម័យ និងបុរាណ កញ្ញា ចំរើន សុភ័ក្ត្រ ក៏បានទម្លាយថា រៀមច្បង សហការី និងមិត្តរួមអាជីពសិល្បៈ របស់នាង ដែល​ក្នុង​នោះ​មាន​កំពូល​តារា​ចម្រៀង​សំនៀង​ស្រទន់ អ្នកនាង សុគន្ធ នីសា និងកញ្ញា វី ឌីណែត ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺកូវីដ។

ក្នុងសំណេរដែលកញ្ញា ចំរើន សុភ័ក្ត្រ ទើបតែបង្ហោះតាមបណ្ដាញសង្គមមុននេះ នាងបានរៀបរាប់ថា៖ «ត្រឹមតែពីរថ្ងៃសោះ មនុស្សដែលនាងខ្ញុំស្គាល់បានឆ្លងជំងឺ COVID 19 ជាច្រើននាក់ តែយ៉ាងណា ខ្ញុំក៏សូមលើកទឹកចិត្តដល់បងប្អូន ទាំងអស់គ្នា ឆាប់មានសុខភាពល្អឡើងវិញ ហើយនឹងបានត្រឡប់មកគេហដ្ឋានវិញ។ Be Strong។ ក្ដីបារម្ភពី ចំរើន សុភ័ក្ត្រ ជូនចំពោះ ១. បងប្រុស ណុប ប៉ាយ៉ារិទ្ធ ២. បងខួច ៣. បងទីតូ ៤. គ្រួសារបង និមល ៥. លោកគ្រូភ្លេង សាន់ សុវណ្ណឌីន ៦. វី ឌីណែត និង ៧. ចែ សុគន្ធ នីសា»៕