ភ្នំពេញៈ ក្រៅពី​មុខ​តំណែង​ជា​នាយិកា​នៅ​ផលិតកម្ម​មហាហង្ស​បន្ត​ពី​ឪពុក​គឺ​លោក អ៊ិន សុភិន និង​បាន​ប្រកបរបរ​ហាង​លក់​ផលិតផល​អនឡាញ​ឈ្មោះ Katy Korner លក់​កញ្ចក់ភ្នែក Contact-Len ដែល​កំពុងតែ​ពេញនិយម​ផ្តាច់មុខ​មកពី​ក្រៅ​ប្រទេស​មាន​គុណភាព​ខ្ពស់​នោះ ក៏​លេចឮ​ដំណឹង​ថា​អ្នកនាង ភិន សុដាលីស អាច​មិន​ប្រឡូក​នឹង​ការងារ​សិល្បៈ​ទេ ក្រោយពី​បាន​បញ្ចប់​ការសិក្សា​ជំនាញ​ឌីហ្សាញ​ពី​សាកលវិទ្យាល័យ​លីមកុងវីង​អន្តរជាតិ​ដ៏ល្បី​នៅ​កម្ពុជា​កាលពី​ចុង​ខែ​មុន​កន្លង​មក​នោះ​។

ខណៈ​ដែល​តារាសម្ដែង​ស្រី​ ភិន សុដាលីស បាន​ទទួល​សញ្ញាបត្រ​ផ្នែក​ឌីហ្សាញ​ពី​សាលា​លីមកុងវីង​អន្តរជាតិ​នោះ​ក៏​បាន​ធ្វើឲ្យ​ស្រទាប់​មហាជន និង​តារា​សិល្បៈ​ដូច​គ្នា​បាន​កោតសរសើរ​យ៉ាងខ្លាំង​គឺ​ដោយសារ​មុខវិជ្ជា​ដែល​នាង​សិក្សា​នូវ​ឯកទេស​ពេញនិយម ចំណាយ​ថ្លៃ​សិក្សា​ខ្ពស់ ហើយ​ក៏​ជា​មុខវិជ្ជា​មិន​ងាយ​សិក្សា​ផង​ដែរ​។ ជា​រឿយៗ​តារាសម្តែង​ស្រី​អ្នក​មេម៉ាយ​ក្តៅ​ស្រួយ ភិន សុដាលីស មហាជន​តែងតែ​បាន​ចាប់អារម្មណ៍​ខ្លាំង​ទៅ​នឹង​សម្ព័ន្ធភាព​ឯកជន​របស់​នាង ក្រោយពី​បែកបាក់​គូស្នេហ៍ និង​ឧស្សាហ៍​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​បុរស​ប្លែកៗ​មុខ ខណៈ​នាង​ក៏​ធ្លាប់​បកស្រាយ​ថា គ្រាន់តែ​ជា​តួប្រុស ដែល​បាន​សម្តែង​កុន​ជាមួយ​គ្នា​ប៉ុណ្ណោះ​។

តែ​ក្រោយពី​រៀន​ចប់​នូវ​មុខជំនាញ​ឌីហ្សាញ​ពី​សាកលវិទ្យាល័យ​លីមកុងវីង​មក​ក៏​សាយភាយ​ដំណឹង​ថា អ្នកនាង ភិន សុដាលីស ទំនង​ជា​ត្រូវ​បោះបង់​ការងារ​សិល្បៈ​សម្តែង​ហើយ និង​អាច​ចាប់​យក​នូវ​មុខងារ​មួយ​ផ្សេង​ទៀត​តាម​ជំនាញ​ថ្មី​ដែល​រៀន​ចប់​នេះ​។ យ៉ាងណា​ដំណឹង​ថា ស្រីស្រស់​សាច់​សខ្ចី​នៅ​មាន​សម្រស់​មិន​ចាញ់​ក្រមុំ គឺជា​កូនស្រី​ច្បង​ចាងហ្វាង​ផលិតកម្ម​មហាហង្ស ភិន សុដាលីស បាន​វិល​មក​សម្តែង​ទាំង​កុន​ដុំ និង​កុន​ភាគ​វិញ ក្រោយពី​បាន​សម្រាល​កូនស្រី​តាំងពី​មាន​វ័យ ៧ ​ខែ មក​ម្ល៉េះ និង​ចែកផ្លូវ​គ្នា​ពី​អតីត​គូស្នេហ៍​លោក ប៉ែន ចំរ៉ុង មក​នោះ​ពិតជា​បោះបង់​សិល្បៈ​នោះ​ក៏​មិន​ត្រូវ​បាន​បកស្រាយ​ផងដែរ ដោយសារ​តែ​ប្រព័ន្ធ​ទូរស័ព្ទ​នាង​តេ​ចូល តែ​នាង​មិន​លើក​ទទួល​ឡើយ​។

ហើយ​ក្រោយមក​អ្នកនាង ភិន សុដាលីស ក៏​បាន​ផ្ញើ​សារ​តប​វិញ​ជា​ភាសា​អង់គ្លេស​ដែល​ប្រែ​ថា​៖ «​សុំទោស ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ​ពេល​នេះ​»​។

បើ​តាម​សម្តី​ឪពុក​របស់ ភិន សុដាលីស គឺ​លោក អ៊ិន សុភិន ដែល​បាន​បង្ហាញ​មោទនភាព​យ៉ាង​ខ្លាំង ខណៈ​កូនស្រី​របស់​លោក​បញ្ចប់​ការសិក្សា​លើ​ឯកទេស​ដ៏លំបាក​បាន​នោះ ខណៈ​លោក​បាន​បង្ហើប​កាលពី​ពេល​ជូន​កូនស្រី​ទទួល​សញ្ញាបត្រ​កន្លង​មក​នោះ​ថា សុដាលីស មិន​ច្បាស់​ពី​ការបោះបង់​សិល្បៈ ឬ​ក៏​ចាប់​អាជីព​ជា​អ្នក​ឯកទេស​ឌីហ្សាញ​ទេ​។ លោក អ៊ិន សុភិន គ្រាន់តែ​អះអាង​ថា នាង​អាច​មាន​ការងារ​ខ្លះ​ទាក់ទង​នឹង​ការឌីហ្សាញ​បន្ថែម​ពី​លើ​សិល្បៈ​ទើប​នាង​ឧស្សាហ៍​ចេញ​ចូល​ក្រៅ​ប្រទេស​ក៏ដោយសារ​មាន​ការងារ​ផ្នែក​ឌីហ្សាញ​នេះ​៕