The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សុវត្ថិឌី ធារីកា បញ្ជាក់​អារម្មណ៍​ប្លែក​នឹង​សម្លៀក​បំពាក់​ឈុត​ច្នៃ​ពី​សំរាម​




សុវត្ថិឌី ធារីកា បញ្ជាក់​អារម្មណ៍​ប្លែក​នឹង​សម្លៀក​បំពាក់​ឈុត​ច្នៃ​ពី​សំរាម​

Content image - Phnom Penh Post
ថ្មីៗ​នេះ​កញ្ញា សុវត្ថិឌី ធារីកា ក្នុង​សម្លៀកបំពាក់ឈុត​​​​​ដែល​ច្នៃ​​ពី​ស្បោង និង​​វត្ថុ​ប្លាស្ទិក​។ តារា​ចម្រៀង​ស្រី​​ មាន​សំឡេង​ពីរោះ-​ ផលិត​កម្ម​​មកុដមេឌា កញ្ញា សុវត្ថិ​ឌី ធារីកា​​។ រូប​ថត ហ្វេសប៊ុក​

សុវត្ថិឌី ធារីកា បញ្ជាក់​អារម្មណ៍​ប្លែក​នឹង​សម្លៀក​បំពាក់​ឈុត​ច្នៃ​ពី​សំរាម​

ភ្នំពេញ៖​ ប្រហែល​​​ទស្សនិកជន​ភាគ​ច្រើន​មិន​ទាន់​​​ភ្លេច​នោះ​ទេ​មើល​ទៅ តារា​ចម្រៀង​ស្រី​តូច​​ច្រឡឹង ​រាង​​ស្រឡូន​កញ្ញា​ ​សុវត្ថិឌី ធារីកា ​​អតីត​បេក្ខនារី​​ធ្លាប់​ប្រឡង​ក្នុង​កម្មវិធី​​ចម្រៀង​លំដាប់​ពិភព​​លោក Cambodian Idol រដូវ​កាល​ទី១ កាល​​ពី​ឆ្នាំ ២០១៥​ និង​បច្ចុប្បន្ន​ ជា​តារា​​ចម្រៀង​ជ្រក​​នៅ​​​ទ្រនំ​​​ផលិតកម្ម​ថោន​ផង​​ និង​ផលិតកម្ម​មកុដ​មេឌា​ផង​នោះ​ ធ្វើ​ឱ្យ​​មហាជន​ចាប់​​អារម្មណ៍​ម្តង​ទៀត​ជាមួយ​នឹង​រូប​សម្រស់ និង​ស្លៀក​ឈុត​​ច្នៃ​​ពី​សំរាម​ដើរ​កាត់​ទឹក​ជំនន់​។​​

ទោះបី​​ជា​កញ្ញា សុវត្ថិឌី ធារីកា ​​មិន​ទទួល​​បាន​ពាន​រង្វាន់​ពី​ការ​ប្រឡង​ចម្រៀង​អ្វី ​១ ក្តី ក៏​ប្រជាប្រិយភាព​របស់​តារា​ចម្រៀង​រូប​​នេះ​​ នៅ​តែ​អាច​​ស្រូប​​បាន​ការ​គាំទ្រ​ច្រើន​​ពី​មហាជន​​ទូទៅ ដូចជា​​កាល​​​ពី​ប្រឡង​អ៊ីចឹង​ ជា​ពិសេស​នោះ​ ​​បទ​ថ្មី​នៅ​ផលិតកម្ម​​មកុដ​មេឌា និង​វត្តមាន​​​​តាមកម្ម​វិធី​ចម្រៀង​​អាហ្វែរ​នានា ​​ជាមួយ​នឹង​​ក្រុម​តន្រ្តី​តារា​ចម្រៀង​​​ប្រុស​លោក អេឡិច ចាន់ត្រា ជាដើម​​។

ពេល​​ថ្មីៗ​នេះ ​ស្រាប់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ម្តង​​​ទៀត​ ពី​​មហាជន​ពេល​​ឃើញ​​តារា​ចម្រៀង​ស្រី​មាឌ​ល្អិត​ រាង​ស្លីម​ សំឡេង​ពី​រោះ សុវត្ថិឌី ធារីកា បង្ហោះ​​រូប​សម្លៀក​បំពាក់​​ឈុត​ច្នៃ​ពី​​សំរាម​បង្ហោះ​តាម​​​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ រំពេច​នោះ ក៏​មាន​​​អ្នក​ចូល​សួរ​ដេញ​ដោល​គ្នា​អំពី​រឿង​​ឈុត​ច្នៃ​ពី​​សំរាម​របស់​តារា​ចម្រៀង​ស្រី ​សំឡេង​​ផ្អែម​ស្រទន់​ សុវត្ថិឌី ធារីកា យ៉ាង​ក្តៅ​គគុក​​ដោយ​បាន​លើក​ឡើង​ថា៖ «​ចុម! ​ឥឡូវ​នេះ កញ្ញា​ ​សុវត្ថិឌី ធារីកា មាន​ទីផ្សារ​ច្រើន​ណាស់​លើ​វិថី​សិល្បៈ ស្រាប់​តែ​ចេញ​ថត​កុន​​ទៀត​! ​តើ​​កញ្ញា​​កំពុង​​​តែ​ថត​កុន​ដុំ ឬ​ជា​ការ​ថត​​​កុន​​ខ្នាត​ខ្លី​​ប្រភេទ​​អប់រំ​ពី​បរិស្ថាន​​?​»។​

ខណៈ​ចម្ងល់​នោះ​ ក៏​ត្រូវ​បាន​​តារា​ចម្រៀង​ស្រី​ កំពុង​​តែ​មាន​រូប​សម្រស់​ ស្រស់​ស្អាត​ជាង​មុន​កញ្ញា សុវត្ថិឌី ធារីកា បាន​បញ្ជាក់​ភ្លាម​​មួយ​រំពេច​​ថា​៖ «មិន​ថា​​តែ​មនុស្ស​ទេ​​ ដែល​មាន​តម្លៃ​ ប៉ុន្ដែ​​សំរាម​ក៏​មាន​តម្លៃ​ដែរ។ នេះ​ជា​លើក​ទី១ ក្នុង​​​​​ជីវិត​​ដែល​​ស្លៀក​​បែប​​​នេះ ​ពោរពេញ​ទៅ​​​ដោយ​ការ​ច្នៃ​ប្រឌិត។​ ថត Mv នឹង​​ចេញ​ល្ងាច​នេះ​បងប្អូន​!»។​

គួររំឭក​ដែរ​ថា នៅ​ក្នុង​កម្មវិធី​ប្រឡង​​ចម្រៀង​លំដាប់​ពិភព​លោក Cambodian Idol រដូវកាល​ទី១ កាល​​​ពី​ឆ្នាំ ២០១៥​ នៅ​ប៉ុស្តិ៍​ទូរទស្សន៍​​ហង្សមាស​​​ នោះ​កញ្ញា សុវត្ថិឌី ​ធារីកា ជា​បេក្ខនារី​តែ ​១ គត់​អាច​ប្រជែង​ជាមួយ​នឹង​បេក្ខជន ​៣ រូប​​ទៀត​​រួម​​មាន លោក នី រតនា ដែល​ជា​ម្ចាស់​ពាន​ Cambodian Idol រដូវ​កាល​ទី១ ​លោក ម៉ៅ ហាជី ជា​តារា​ចម្រៀង​ប្រុស​នៅ​ផលិតកម្ម​ថោន និង​​លោក សៅ ឧត្តម បច្ចុប្បន្ន​ជា​តារា​ចម្រៀង​ឯករាជ្យ​ក្នុង​ការ​ប្រជែង​​យក​​ពាន​រង្វាន់​៕

អត្ថបទគួរចាប់អារម្មណ៍