ប្រសិនបើ​លោកអ្នក​កំពុង​ស្វែងរក​ការកម្សាន្ត​ដ៏រីករាយ​ពេល​រាត្រី​ក្នុង​ទីក្រុង​នៅ​ចុង​សប្តាហ៍ សូម​ធ្វើឱ្យ​ហាង Hard Rock នៅក្នុង​ទីក្រុង​ភ្នំពេញ​ក្លាយជា​ជម្រើស​ទី​ ១ ​របស់​អ្នក​។

ក្រុម​ចម្រៀង Plan B ដ៏ល្បីល្បាញ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចាប់ផ្តើម​តន្ត្រី​ទេសចរណ៍ « Som Chop Tini» របស់​ពួកគេ​នៅ​ថ្ងៃទី​ ១ ខែ​កុម្ភៈ​នេះហើយ​ដែល​លោកអ្នក​អាច​ចូល​ទស្សនា​បាន​ដោយ​សេរី​។

ក្រុម​តន្ត្រី​រ៉ុក​អូស្ត្រាលី​ដែល​មាន​សមាជិក​ចំនួន​ ៧ ​រូប​នឹង​មក​ប្រគំ​តន្ត្រី​នូវ​បទចម្រៀង​ពីរោះៗ​ពី​អាល់ប៊ុម​ «Four on the Floor» EP ថ្មី​បំផុត​របស់​ខ្លួន ដើម្បី​ផ្តល់​ភាព​រំភើប​រីករាយ​ដល់​អ្នកចូលរួម​នៅក្នុង​រាត្រី​ដ៏រីករាយ​ដែល​នឹង​មានការ​ច្រៀង​ជូន​នូវ​បទចម្រៀង​ពីរោះៗ​ជាច្រើន​ដូចជា​ «Anything at All», «Comfort Street», «Plan B Shuffle» និង​បទ​ «Push & Shove» ​ជាដើម​។

តន្ត្រី​ទេសចរណ៍ «Som Chop Tini» អន្តរជាតិ​លើក​ទី​ ១០ របស់​ក្រុម​ចម្រៀង Plan B បាន​ធ្វើ​រួចហើយ​នៅ​ទីក្រុង​ឡុងដ៍ និង​ប្រទេស​ម៉ុងហ្គោលី​។

ចំពោះ​ការសម្តែង​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ​នេះ​រំពឹង​ថា អ្នកទស្សនា​នឹងមាន​ភាពសប្បាយ​រីករាយ និង​កាន់តែ​មាន​ភាពស្និទ្ធស្នាល​។

លោក Rob Williams អ្នក​ផ្លុំត្រែ​ថ្លែង​បន្ទាប់ពី​ការសម្តែង​របស់​ក្រុម Plan B នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​ ២០១៣ ថា​៖ «​ខ្ញុំ​ក៏​រីករាយ​ជាមួយ​នឹង​ឆាក​តន្ត្រី​នៅលើ​ឆាក​ធំៗ ដូច​អ្នក​ដទៃ​ទៀត​ដែរ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ពេញចិត្ត​គឺ​ភាពស្និទ្ធស្នាល​»​។

ក្រុម​តន្ត្រី​ដ៏ល្បីល្បាញ​នេះ​នឹង​ចាប់ផ្តើម​សម្តែង​នៅវេលា​ម៉ោង​ ៨ ​យប់​នៅឯ​ហាង Hard Rock Café នៅ​អគារ Exchange Square​។ ចំពោះ​ការទស្សនា​គឺ​មិន​គិតថ្លៃ​នោះ​ទេ ដូច្នេះ​សូម​នាំ​គ្រួសារ និង​មិត្តភក្តិ​មក​ទទួល​នូវ​ភាពសប្បាយ​រីករាយ​នៅ​រាត្រី​ដ៏អស្ចារ្យ​នេះ​៕