ភ្នំពេញៈ ជាមួយសម្រស់ផូរផង់ សាច់សខ្ចី អតីត ហ្វ្រេស៊ី ហ្គើល ជំនាន់ទី ១៥ កញ្ញា សួង ស៊ីធឿន ហាក់មានសម្ទុះខ្លាំងក្រោយពីចូលសិល្បៈបានរយៈពេល ២ ឆ្នាំក្នុងអាជីពជាតារាសម្តែងដ៏មានទេពកោសល្យ ១ រូប ប៉ុន្តែផ្ទុយទៅនឹងរូបសម្បត្តិស្រស់សោភា ខ្សែភាពយន្តដែលនាងបានសម្តែងភាគច្រើនគឺជាតួខ្មោចទៅវិញ។
ការវិវឌ្ឍខ្លួនជាអាជីពជាតារាសម្តែងតាំងពីថតមិនសូវបានប្រាក់ចំណូលរហូតមកមានតម្លៃខ្លួនខ្ពស់មិនគួរឲ្យជឿក្នុងរយៈពេលយ៉ាងខ្លី កញ្ញា សួង ស៊ីធឿន ដែលក្ដាប់មានឱកាសតួឯកក្នុងរឿង «សសរកន្លោង» មុននោះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ផលិតករព្រមទាំងបណ្តាក្រុមហ៊ុនចង់បាននាងទៅផ្សព្វផ្សាយផលិតផលផងដែរ។
ជំនួបក្នុងថ្ងៃសម្ពោធរឿង «ឯណាខ្មោច» របស់ផលិតកម្ម LD Picture ទើបតែសម្ពោធកាលពីថ្មីៗនេះ តារាស្រីដ៏រួសរាយកញ្ញា ស៊ីធឿន បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីមូលហេតុដែលនាងស្វាក់សម្តែងជាតួអង្គខ្មោចថា៖ «រឿងដំបូងដែលខ្ញុំបានសម្តែងជាតួអង្គខ្មោចរឿងក្នុងផលិតកម្ម LD picture ដែរ ប៉ុន្តែជាតួខ្មោចបែបកម្សត់ទេ បន្ទាប់មកផលិតករផ្សេងៗគាត់ឃើញការសម្តែងជាតួអង្គខ្មោចខ្ញុំម៉េចទេ បានជាខ្ញុំទទួលបានរឿងខ្មោចមករហូត»។
តារាស្រីវ័យក្មេងរូបនេះក៏បានបញ្ជាក់ថា ខ្លួនបានសម្តែងកុនដុំបាន ៥ រឿងមកហើយមានរឿង សសរកន្លោង អង្រឹង ទារុណកម្មខ្មោច ព្រាយ និងរឿងឯណាខ្មោចដែលរឿងនីមួយៗកញ្ញា ស៊ីធឿន ជាតួខ្មោចស្ទើរតែគ្រប់រឿងផងដែរ។ ចំពោះរឿងភាគដែលនាងបានសម្តែងជាតួខ្មោចមានរឿង «វិញ្ញាណជ្រែកបេះដូង» របស់ទូរទស្សន៍ស៊ីធីអិន។
តារាសម្តែងស្រីចាប់បានភាពល្បីតាមរយៈតួខ្មោចកញ្ញា សួង ស៊ីធឿន ក៏បានរំឭកពីសម្តីផលិតករបាននិយាយមកកាន់នាងថា៖ «ខាងអ្នកដឹកនាំរឿងគាត់និយាយថា ខ្ញុំអាចសម្តែងជាតួយ៉ាងម៉េចក៏បានដែរ។ តែបើសម្រាប់ខ្ញុំឲ្យសម្តែងជាតួអ្វីក៏បានដែរ ខ្ញុំសម្តែងបានទាំងអស់»។
ក្នុងវិស័យសិល្បៈ សួង ស៊ីធឿន ជាតារាសម្តែង និងម៉ូដែលរលកក្រោយ ដែលមានសម្ទុះខ្លាំងក្នុងទីផ្សារថតកុនច្រើនជាងដើរម៉ូដដោយតារាសម្តែងស្រីរូបនេះបានបញ្ជាក់ថានាងរវល់ក្នុងការថតកុនពេកទើបមិនសូវបានទទួលការដើរម៉ូដ។
ក្នុងដើមឆ្នាំ ២០១៩ តារាសម្តែងស្រីកញ្ញា សួង ស៊ីធឿន តែងតែមានវត្តមានច្រើនក្នុងការសម្តែងភាពយន្តមិនថាជារឿងភាគ និងរឿងដុំសឹងមិនមានពេលសម្រាក។
តារាស្រីសាច់សខ្ចីរូបនេះបន្ថែមថា៖ «មួយរយៈនេះខ្ញុំពិតជាសូមទោសចំពោះផលិតកម្មដែលបានទាក់ទងឲ្យខ្ញុំសម្តែងតែខ្ញុំមិនបានទទួល ដោយសារខ្ញុំសុំផ្អាកការថតសិន ចង់មានពេលសម្រាកបន្តិច ហើយក៏អរគុណបណ្តាអ្នកគាំទ្រខ្ញុំផងដែរ ដែលតែងតែចូលចិត្តការសម្តែងរបស់នាងខ្ញុំ»៕