ភ្នំពេញៈ អ្នកនិពន្ធ​បទ​ភ្លេង​ល្បី​ឈ្មោះ​បានបញ្ចប់​ការសិក្សា​ពី​ប្រទេស​កាណាដា​លោក​ សួន ពិសិដ្ឋ ក្រោយពី​បានបញ្ចប់​ការងារ​ជាមួយ​ផលិតកម្ម​ហង្សមាស អស់​រយៈពេល​ ២ ​ឆ្នាំ​មក​គេ​សង្កេត​ឃើញ​ថា ផលិតករ​ផលិត​បទភ្លេង​រូបនេះ ហាក់​ដូចជា​ស្ងប់ស្ងាត់​មិន​សូវ​ចេញ​តាម​កម្មវិធី​នានា​ ឬ​បង្ហើរ​សំនៀង​ថ្មី​ឡើយ ប៉ុន្តែ​លោក​បែរ​ជា​មាន​វត្តមាន​ក្នុង​កម្មវិធី The melody រដូវកាល​ទី​ ១ ​របស់​ទូរទស្សន៍​បាយ័ន​ជា​គណៈកម្មការ​ទៅវិញ​។

ផលិតករ​បទភ្លេង និង​ជា​អ្នកនិពន្ធ​បទចម្រៀង​ក៏​ជា​តារាចម្រៀង​មួយ​រូប​លោក សួន ពិសិដ្ឋ បាន​ផ្តល់​បទសម្ភាស​មកកាន់​ភ្នំពេញ ប៉ុស្តិ៍ ពី​ការស្ងប់ស្ងាត់​ទីផ្សារ​ចម្រៀង​ក៏​ដូចជា​ផ្នែក​សិល្បៈ​ថា​៖ «​មួយរយៈ​នេះ​បង​រវល់​ធ្វើ​បទភ្លេង និង​ទំនុកច្រៀង​ទាក់ទង​អ្វី​ដែល​ថ្មីៗ​ឲ្យ​តារា​ជាច្រើន​នាក់ បង​អត់​មាន​ពេល​ចេញ​បទចម្រៀង​ខ្លួនឯង​ទេ​។ តាមពិត​ទៅ​បង​ជា​គ្រូបង្វឹក​អ្នកចម្រៀង​ឲ្យ​គេ​ចេះ​ច្រៀង ហើយ​ដឹង​គ្រប់​តុង​ធ្លាក់ ឬ​ឡើង តែ​មិនមែន​មាន​ន័យ​ថា​បង​អាច​ច្រៀង​បាន​គ្រប់​បទ​ទេ គ្រាន់តែ​បង​ជា​អ្នក​បង្រៀន​គេ​ប៉ុណ្ណោះ​»​។

លោក​ សួន ពិសិដ្ឋ ចូលរួម​សម្ពោធ​ភាពយន្ត​ខ្មែរ​នាពេល​ថ្មីៗ​នេះ​។ រូបថត ហ្វេសប៊ុក

អ្នកនិពន្ធ​បទ​ភ្លេង​ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​សហគមន៍​ខ្មែរ​នៅក្នុង​ប្រទេស​កាណាដា​ខាង​តូរ្យតន្ត្រី​កាលពី​ជិត​ ២ ​ទសវត្សរ៍​មុន និង​ជា​អ្នកនិពន្ធ​បទ​ភ្លេង​ក្នុង​ប្រទេស​កម្ពុជា​ ១ ​រូប​ដែល​ធ្លាប់​បាន​ចារ​ឈ្មោះ​នៅលើ​ផ្ទាំង​មាស​ស្ថិត​ក្នុង​ប្រទេស​កាណាដា លោក សួន ពិសិដ្ឋ បាន​បង្កើត​ស្នាដៃ​ថ្មីៗ​ជាច្រើន​ទាក់ទង​ជាមួយ​ការនិពន្ធ​បទភ្លេង និង​ទំនុកច្រៀង​ដែល​មិន​ចម្លង​ពី​ប្រទេស​ជិត​ខាង ថែម​ទាំង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការបង្កើត​ស្នាដៃ​ថ្មីៗ​នៅ​ក្នុង​វិស័យ​សិល្បៈ​ទៀតផង​។

លោក សួន ពិសិដ្ឋ អ្នកនិពន្ធ​ឆ្នើម​ប្រចាំ​ប្រទេស​រូបនេះ​ក៏​បាន​បន្ត​ទៀត​ថា​៖ «​ក្រោយពី​បង​បាន​ចប់​កុងត្រា​ពី​ផលិតកម្ម​ហង្សមាស​មក បង​បាន​ផលិត​បទ​ចម្រៀង​ជាច្រើន​សម្រាប់​តារាចម្រៀង​ដូចជា ដួង វីរៈសិទ្ធ វង្ស ដារារតនា​ ជាដើម ហើយ​ក៏​នៅ​មាន​ច្រើន​ទៀត​ដែរ ហើយ​បន្តិច​ទៀត​បង​រវល់​ក្នុង​កម្មវិធី The melody រដូវកាល​ទី ២ ដែល​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ បង្ហើប​បន្តិច​ចុះ​ណា​បង​កំពុង​បង្កើត​កម្មវិធី​ធំ​មួយ​ទាក់ទង​ការបង្កើត​ស្នាដៃ​ថ្មីៗ​របស់​កូន​ខ្មែរ​ដែល​ជា​គំនិត​របស់​បង​ផ្ទាល់ ហើយ​ក៏​ជិត​ដំណើរការ​ហើយ​ដែរ​»​។

ក្នុង​រយៈ​ក្រោយពេល​ចាកចេញ​ពី​ផលិតកម្ម​ជួរមុខ​នៅ​ក្នុង​ប្រទេស​លោក សួន ពិសិដ្ឋ មិន​ត្រឹម​តែ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ The melody នឹង​ជា​អ្នក​ផលិត​បទចម្រៀង​ឲ្យ​តារា​ល្បី​ប្រចាំ​ប្រទេស​ប៉ុណ្ណោះ​ទេ​ក្នុង​អំឡុង​ពេល​នេះដែរ អ្នកនិពន្ធ​ឆ្នើម​រូបនេះ​ក៏​មាន​ផលិតកម្ម​ចម្រៀង​មួយ​ផ្ទាល់​ខ្លួន ហើយ​ក៏​មាន​គម្រោង​ចេញ​ចម្រៀង​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះដែរ ដោយ​លោក​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ផលិត​នោះទេ គ្រាន់តែ​បង្ហើប​ថា ផលិតកម្ម​លោក​ក៏​មាន​ការផលិត​កុន​បែប​អប់រំ​ផងដែរ​។

លោក សួន ពិសិដ្ឋ ដែល​ជា​បុគ្គល​សំខាន់​ម្នាក់​នៅក្នុង​វិស័យ​សិល្បៈ​ក៏បាន​បន្ថែម​ទៀត​ថា​៖ «​ក្រៅពី​ការងារ​សិល្បៈ​ដែល​បាន​ធ្វើ​រាល់ថ្ងៃ និង​មាន​ការរវល់​ច្រើន​ស្ទើរ​គ្មាន​ពេល​សម្រាក បង​ក៏​មាន​ភោជនីយដ្ឋាន ៣ ទៅ ៤ ​កន្លែង និង​ឆ្លៀត​ធ្វើ​ជំនួញ​ផ្ទាល់​ខ្លួន​បន្តិចបន្តួច​ដែរ ប៉ុន្តែ​មិន​ដែល​មាន​អ្នក​ណា​ដឹង​ទេ​»៕