ភ្នំពេញ: តារា​ចម្រៀង​ផលិតកម្ម​ហង្សមាស ដែល​ទើប​លេច​ធ្លោ​នឹង​ឈុត​សម្លៀក​បំពាក់​ប្លែក​ភ្នែក​លើ​ឆាក កញ្ញា សួស វីសា បាន​ប្រាប់​អ្នក​កាសែត នៅ​ប៉ុស្ដិ៍​លេខ ៥ ថា នាង​នឹង​ធ្វើ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង ចំនួន​ជិត ១០ បទ​ក្នុង​ពេល​ឆាប់ៗ សម្រាប់​បង្ហោះ​លើ​យូធូប ដោយ​បទ​ទាំង​នោះ​មិន​ប៉ះពាល់​ដល់​ហង្សមាស​ឡើយ។

លើ​គោលការណ៍​ផលិត​បទ​ចម្រៀង​ខ្លួនឯង ទាំង​ខ្លួន​កំពុង​ស្ថិតនៅ​ជា​តារា​ចម្រៀង​ផលិតកម្ម​ធំ ហង្សមាស​នោះ តារា​ចម្រៀង​ស្រី ដែល​ធ្លាប់​រង​គ្រោះ​នឹង​ពាក្យ​ចចាម​អារ៉ាម​រឿង​អាស្រូវ​ស្នេហ៍​ដល់​ថ្នាក់​ដឹកនាំ​កំពូល កញ្ញា សួស វីសា ហើយ​ថ្មីៗ​នេះ​កំពុង​រន្ទឺ​នឹង​ចំណង​ស្នេហ៍​ជាមួយ​តារា​សម្ដែង​ប្រុស​ជា​សិស្ស​ប្អូន​ឈ្មោះ ថម មី នោះ នាង​ក៏បាន​ប្រាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា៖ «ព្រោះ​ជា​បទ​ពី​ដើមៗ​ដែល​នាង​ចង់​ច្រៀង និង​រក្សារ​មរតក​ដើម​ដើម្បី​យក​បទ​ទាំង​នោះ ទៅ​រំឭក និង​ច្រៀង​តាម​កម្មវិធី​ផ្សេងៗ​ឲ្យ​បង​ប្អូន​នៅ​តែ​ចងចាំ​បទ​ចម្រៀង​ទាំង​នោះ​នៅ​ក្នុង​បេះដូង»។

តារាចម្រៀង​មកពី​ខេត្តស្វាយរៀង និង​ជា​ម្ចាស់​បទ «វាសនា​បុប្ផា​ស្វាយរៀង» ដែល​ជា​បទ​ចម្រៀង​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ទាំង​ស្រទាប់​យុវវ័យ និង​មនុស្ស​សម័យ​កណ្តាល​ផង​នោះ កញ្ញា សួស វីសា ក៏បាន​ឲ្យ​ដឹង​បន្តថា៖ «ការ​ចំណាយ​ថវិកា​ក្នុងការ​ធ្វើ​បទ​ចម្រៀង​ទាំង​នោះ គឺ​អស់​ប្រាក់​តិច​តួច​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​គ្រាន់​តែ​ឈរ​ច្រៀង​ធម្មតាៗ ហើយ​ខ្ញុំ​នឹង​ប្រាប់​ទៅ​ក្រុមហ៊ុន​ហង្សមាស​ឲ្យ​ដឹង​ជា​មុន ក្នុង​ការ​ដែល​ខ្ញុំ​ធ្វើ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​នេះ​ដែរ ព្រោះ​ថា ខ្ញុំ​ជា​អ្នក​ចម្រៀង​ដែល​មាន​កុងត្រា​ជាមួយ​ហង្សមាស»។

ស្រី​ស្រស់​សាច់​សខ្ចី សួស វី​សា ក្រៅពី​អាជីព​ចម្រៀង បុប្ផា​មាន​ដើមកំណើត​ពី​ទឹកដី​ខេត្ត​ស្វាយរៀង ក៏​ល្បី​ផលិតកម្ម​រស្មី​ហង្សមាស​បាន​លើក​ស្ទួយ​នាង​ឲ្យ​ឈាន​ចូល​ទៅ​ថត​ភាពយន្ដ​ផងដែរ ហើយ​លើ​ឆាក​តន្ត្រី នាង​ក៏មាន​ក្រុម​រាំ​អម​ច្រើន​រហូត​ដល់​ទៅ​ជិត ១០ នាក់​ផង។

ក្នុង​ជំហរ​លើកស្ទួយ​សិល្បៈ​ចម្រៀង​សម័យ​ដើម ទាំង​ខ្លួន​សុខចិត្ត​ចំណាយ​ថវិកា​ពី​ហោប៉ៅ​មក​ផលិត​ឲ្យ​ចេញ​ជា​ចម្រៀង ផ្សព្វផ្សាយ​អនឡាញ​នោះ សួស វីសា ក៏​អះ​អាង​ថា៖ «មហិច្ឆតា​ខ្ញុំ​លើ​អាជីព​ចម្រៀង​នៅ​មាន​បន្ត​ទៀត អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​មិន​ទាន់​ចង់​គិត​រឿង​ស្នេហា ដែល​មុន​នេះ​ក៏​ល្បី​ថា ខ្ញុំ​ជិត​ចូល​រោង​ការ ជាមួយ​តារា​សម្តែង​រូប​សង្ហា​អីណា ទាំង​ព័ត៌មាន​នេះ​មិន​មែន​ជា​ការ​ពិត​ទេ​បង​ប្អូន»។

នាង​ក៏បាន​បញ្ជាក់​ថា៖ «ខ្លួន​ខ្ញុំ​មិនដែល​បានដឹង​ផង ហើយ​ការផ្សាយ​ក៏​មិន​សម្ភាស​ខ្ញុំ​ដែរ ទាំង​ចិត្ត​ខ្ញុំ​ក៏​មិន​ទាន់​ចង់​គិត​រឿង​ហ្នឹង​ដែរ អ្វី​ដែល​ខ្ញុំ​គិត​គឺ​រឿង​ក្នុង​ក្រុម​គ្រួសារ​ឪពុកម្តាយ និង​ពង្រឹង​អាជីព​ចម្រៀង​របស់​ខ្ញុំ​នោះ​ទេ»៕