ភ្នំពេញ៖ បង្ក​ការ​ភ្ញាក់​ផ្អើល​សាជា​ថ្មី ដោយ​ប្តី​ប្រពន្ធ​ជា​តារា​ចម្រៀង និង​សម្តែង​អ្នកនាង សួស វីសា និង​លោក​ ថូមមី បាន​បង្ហោះ​រូប​រថយន្ត​ថ្មី​សន្លាង​ ១ ​គ្រឿង​ទៀត ​ម៉ាក​ Range Rover ពណ៌​ស នា​ពេល​ថ្មីៗ​នេះ ខណៈ​​គេ​នៅ​ចាំ​បាន​ថា​ កាល​ពី​ពេល​​មុន​រៀប​ការ​គូ​ស្នេហ៍​នេះ​ ​ក៏​បាន​ទិញ​​រថយន្ត​ម៉ាក​ Lexus NX 200t ដែល​​មាន​តម្លៃ​​​​ខ្ទង់​ ៣-៤ ម៉ឺន​​ដុល្លារ សម្រាប់​ជា​​កាដូ​នៃ​​ថ្ងៃ​​ខួប​កំណើត​​​​​ខាង​​​​​ប្រុស​​​​នោះ​​។

ចេញ​​​ពី​​​ហ្វេសប៊ុក​​​តារា​​ចម្រៀង​​ស្រី សួស វីសា បាន​​បង្ហោះ​រូបថត​​ នា​ពេល​សែន​​​ផ្លែ​​ឈើ​ សម្រាប់​ទទួល​​​ទ្រព្យ​ធន​ថ្មី​អម​នឹង​សារ​ថា​៖ «​ស្វាគមន៍​សមាជិក​​​ថ្មី​មួយ​ទៀត កូនស្រី​ពៅ​ ស្រី​ស សូម​​ឲ្យ​​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ សុខ​សប្បាយ ​ហេងៗ មាន​​​លាភ​​​មាន​ជ័យ​ 24.​06.​2020»​។

ឯ​​​​ស្វាមី​អ្នក​នាង​ សួស វីសា គឺ​លោក ប៊ុនថុល ប៊ុន​ថង ហៅ​លោក ថូមមី វិញ​នោះ ​ក៏​​បាន​បង្ហោះ​​សារ​​ថា៖ «​​ស្វាគមន៍​ ​​​សមាជិក​ថ្មី​មួយ​ទៀត កូន​ស្រីពៅ​ស្រី​ស ​សូម​ឲ្យ​​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​​ សុខ​សប្បាយ ហេងៗ​ មាន​លាភ​​មាន​ជ័យ 24.​​06.​2020 ​អរគុណ​បញ្ហា​ដែល​ឲ្យ​ខ្ញុំ​រឹងមាំ​ អរគុណ​ប្រពន្ធ​តែង​​ឲ្យ​​កម្លាំង​ចិត្ត​ អរគុណ​ដៃគូ ដែល​ជឿជាក់ ​ហេង​ហេង ​អរគុណ​​ខ្លួន​ឯង​ ដែល​​មិន​​ដែល​​ចុះ​ចាញ់​​ឧបសគ្គ តែងតែ​ចង់​ជោគជ័យ»។​ ​

ក្រៅ​ពី​មាន​ការ​សាទរ​​​ពី​បណ្តា​មិត្ត​​ភក្តិ​​ក្នុង​សង្គម​សិល្បៈ និង​ប្រិយ​​មិត្ត​ជា​អ្នក​​គាំទ្រ​​​នោះ ក៏​មាន​​ការ​​លាន់​មាត់​សរសើរ​ចំពោះ​ដំណឹង​​ទិញ​រថយន្ត​ថ្មី​​ម៉ាក​ Range Rover របស់​​ប្តី​ប្រពន្ធ​ជា​​អ្នក​សិល្បៈ​ សួស វីសា និង​​លោក ថូមមី ដែរ​ថា៖ «អីយ៉ា! ​កាល​​​ខួប​កំណើត​​លោក ថូមមី នៅ​ជា​គូ​ដណ្តឹង​នឹង​គ្នា​នោះ ល្បី​ថា​ តារាស្រី វីសា ទិញ​​រថយន្ត​ថ្មី​សន្លាង​​​​ម៉ាក Lexus NX 200t ដែល​​​មាន​តម្លៃ​​ខ្ទង់​ ៣-៤ ម៉ឺន​ដុល្លារ​ សម្រាប់​​​កាដូ​ខួប​​កំណើត និង​​​​​​បាន​រួម​គ្នា​ទិញ​ផ្ទះ​វីឡា​ជា​​​ទ្រនំ​​រួម​​ស្នេហ៍​ តាំង​​ពី​​​មុន​​ពេល​រៀបការ​​ផង​​​​​ដែរ​។ ខណៈ​ឥឡូវ​នេះ​ ពេល​វេលា​បាន​រំលង​​​​​ប្រហែល​ជា​ ១ ឆ្នាំ​សោះ​ អ្នក​ទាំង ​២ ស្រាប់​តែ​​​ទិញ​​​​រថយន្ត​​ទំនើប​ថ្មី​ ១ ​គ្រឿង​​បន្ថែម​ទៀត​ តើ​​នេះ​ជា​កាដូ ​ជូន​ចំពោះ​ស្វាមី​ សម្រាប់​រឹត​បន្តឹង​ចំណង​ស្នេហ៍​​ នា​ពេល​​ជិត​​​សម្រាល​បុត្រ​ដំបូង ​របស់​ពួក​គេ​ទេ​ដឹង​?​»។

ដោយ​ឡែក​​ភ្នំពេញ​ប៉ុស្តិ៍ ​ក៏​មិន​អាច​សុំ​​​ការ​បក​ស្រាយ​លម្អិត​ពី​តារា​ចម្រៀង​ស្រី សួស វីសា បាន​​ទេ​​​​ចំពោះ​​រឿង​​​​លេច​ឮថា​​ទិញ​​​រថយន្ត​ថ្មី​សន្លាង​​ម៉ាក Range Rover ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​​ជូន​ជា​កាដូ​​ប្តី​នោះ​ ​ខណៈ​ពេល​​ទាក់ទង​ជា​ច្រើន​លើក​តែ​ប្រព័ន្ធ​​​ទូរស័ព្ទ​​នាង​​​បាន​បិទ​។

ចំពោះ​ការងារ​សិល្បៈ​​​តារា​ចម្រៀង​ស្រី​ កញ្ញា សួស វីសា ដែល​កំពុង​​តែ​ស្រូប​បាន​​នូវ-​​ប្រជាប្រិយភាព​​ពី​​មហាជន​​​ក្នុង​វិស័យ​ចម្រៀង បន្ទាប់​ពី​នាង​បាន​គ្រង​តំណែង​ជា​គ្រូ​បង្វឹក​នៅ​ក្នុង​កម្មវិធី​លំដាប់​ពិភព​​លោក​គឺ The Voice Kids Cambodia រដូវកាល​​​ទី ​២ និង​មាន​ឱកាស​បាន​ថត​កុន​​ភាគ​រឿង ​«រាជបុត្រ​កង្កែប​» ដែល​កំពុង​តែ​ចាក់​នៅ​​ទូរទស្សន៍​ហង្សមាស​ផង​ដែរ ជាមួយ​មិត្ត​​​រួម​អាជីព​រួម​មាន​​​លោក នី រតនា ​លោក ថែល ថៃ និង​កញ្ញា វី ឌីណែត ជា​ដើម​នោះ​៕