ភ្នំពេញ៖ ស្តែង​ចេញ​ពី​អារម្មណ៍​រំភើច​ចិត្ត​លាយឡំ​​​​ភាព​ច្របូក​ច្របល់​ដោយ​គិត​​រឿង​ទៅ​ថ្ងៃ​អនាគត​នៃ​ជីវិត​គូ​ ​ដ្បិត​ថ្ងៃ​មង្គលការ​កាន់​តែ​​​ខិត​ជិត​​មក​ដល់​នោះ ស្រាប់​តែ​​គូ​ស្នេហ៍​​អ្នក​សិល្បៈ​ទាំង ​២ កញ្ញា សួស វីសា និង​តារា​សម្តែង​​លោក​ ប៊ុន​ថុល ប៊ុនថង ហៅ​ថមមី នាំ​គ្នា​បង្ហើរ​សារ​​ស្រដៀង​គ្នា​បង្ហើប​ឲ្យ​មហាជន​បាន​ដឹង​នៅ​​តាម​បណ្តាញ​​សង្គម​អ៊ីនស្តាក្រាម​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ផង​ដែរ ​សម្រាប់​ជីវិត​គូ​ក្រោយ​ពី​អាពាហ៍ពិពាហ៍​។​

តារា​ចម្រៀង​ស្រី​ដែល​កំពុង​តែ​ស្រូប​បាន​ប្រជាប្រិយភាព​ពី​មហាជន​នៅក្នុង​វិស័យ​សិល្បៈ​ចម្រៀង បន្ទាប់ពី​បាន​គ្រង​តំណែង​ជា​គ្រូ​បង្វឹក​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក The Voice Kids Cambodia រដូវកាល​ទី​ ២ កញ្ញា សួស វីសា​ ចេញ​សារ​ខ្លី​របស់​ខ្លួន​ពី​ការ​ត្រៀម​ចិត្ត​ចំពោះ​ពាក្យ​សម្តី​ត្រូវ​គេ​ហៅ​ខ្លួន​​ក្រោយ​ពេល​​រៀប​ការ​រួច​​យ៉ាង​ដូច្នេះ​ថា៖ ​«​​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​រាល់​​ សម្រាប់​ការ​ប្តូរ​ពាក្យ​ ដែល​អ្នក​ទាំង​​​អស់​គ្នា​ ធ្លាប់​ហៅ​ខ្ញុំ​ថា «​កញ្ញា» ប្តូរ​មក​ជា ​«អ្នក​​នាង​»​ វិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​តែ​ម្តង​​»​។​

ចំណែក​ឯ​​គូ​ដណ្តឹង​រូប​ស្រស់​សង្ហា​លោក ប៊ុនថុល ប៊ុនថង ហៅ ​ថមមី វិញ​ក៏​បង្ហើរ​សារ​រាង​វែង​បន្តិច​បង្ហាញ​ពី​ការ​​​តាំង​ចិត្ត និង​ត្រៀម​ចិត្ត​​សម្រាប់​ដាក់​ជា​សម្ពាធ​​លើ​ខ្លួន​ឯង​ក្នុង​នាម​មេ​គ្រួសារ​​ក្រោយ​ពី​ថ្ងៃ​មង្គល​​ការ​ខ្លួន​ដែរ​​ ថា៖ «​​ត្រៀម​​ខ្លួន​រួច​ហើយ​ សម្រាប់​ថ្ងៃ​ខាង​មុខ​នេះ កាល​នៅ​ខ្លួន​មួយ​ក៏​បង​ប្អូន​ហៅ​ខ្ញុំ​ «លោក» ដល់​ពេល​រៀប​ការ​រួច​ក៏​បង​ប្អូន​​ហៅ​ខ្ញុំ​ថា «លោក»​។ អាណិត​​តែ​អនាគត​ប្រពន្ធ​ខ្ញុំ​ ពេល​​មិន​ទាន់​រៀបការ​គេ​ហៅ​ថា «កញ្ញា» ដល់​គាត់​រៀបការ​​ជាមួយ​ខ្ញុំ​ ចឹង​គេ​ឈប់​ហៅ​ថា «កញ្ញា» ហើយ​គឺ​គេ​ហៅ​ថា «អ្នកនាង»។ ​អ៊ីចឹង​​បាន​ថា​គាត់​លះបង់​ច្រើន​ណាស់​សម្រាប់​ខ្ញុំ​ ដូច្នេះ​​ខ្ញុំ​មាន​តែ​ថែរក្សា​ មើល​ថែ​គាត់​ និង​​ព្យាយាម​ឲ្យ​គាត់​សប្បាយ​រីករាយ មាន​​​សុភមង្គល​​​ពេញ​មួយ​ជីវិត​ ដោយ​ការ​តាំង​ចិត្ត​ ខិតខំ​ឲ្យ​គ្រួសារ​រីក​ចម្រើន​ និង​មាន​​ការ​ទទួល​ខុស​ត្រូវ​ជា​ស្វាមី​ មេ​គ្រួសារ​មួយ​​​​ឲ្យ​​​ល្អ​រឹងមាំ​​ និង​​សម្រេច​គោលដៅ​ផ្សេងៗ​ឲ្យ​គ្រួសារ​មាន​ក្តី​សុខ»។​

យ៉ាងណា​​គេ​​នៅ​តែ​ពុំ​ទាន់​បាន​ដឹង​ច្បាស់​លាស់​នៅ​ឡើយ​​ដែរ​​​ពី​ថ្ងៃ​កំណត់​វេលា​ចូល​រោងការ​នៅ​ថ្ងៃ​ខែ​ណា​​​ឡើយ ខណៈ​ភ្នំពេញ​​ប៉ុស្តិ៍​​មិន​ទាន់​អាច​បញ្ជាក់​បាន​​​ការ​បញ្ជាក់​​​​ប្រាប់​បន្ថែម​​ពី​សំណាក់​កញ្ញា សួស វីសា និង​លោក ​ថមមី ឡើយ​ ដោយសារ​តែ​ប្រព័ន្ធ​​ទូរស័ព្ទ​អ្នក​​​​ទាំង​ ២ សុទ្ធ​តែ​មិន​អាច​ទាក់ទង​​បាន ដោយ​គ្រាន់​តែ​បាន​ដឹង​ថា ពួក​គាត់​បាន​​កំណត់​យក​​វេលា​​​​ចុង​ឆ្នាំ ​២០១៩ ​នេះ​​​តែ​ប៉ុណ្ណោះ​។

សួស វីសា និង​លោក ​ថមមី បាន​ភ្ជាប់​ពាក្យ​​កាល​ពី​ថ្ងៃ​ទី ៧ ខែ​ ​មិថុនា​ ឆ្នាំ ​២០១៩ កន្លង​មក បន្ទាប់​ពី​បាន​បង្កាត់​​​ភ្លើង​ស្នេហ៍​ក្នុង​នាម​​ជា​គូ​សង្សារ​​ជា​ច្រើន​​ឆ្នាំ​​មក​នោះ៕​