ភ្នំពេញ៖ ទំនង​ជា​ទ្រាំ​លែង​បាន​ទៅ​នឹង​ទម្ងន់​នៃ​ការ​រិះគន់​ ទើប​ថ្មី​នេះៗ​ តារា​ចម្រៀង​ស្រី​មាន​​សមត្ថភាព​អាច​ច្រៀង​ទាំង​បុរាណ និង​​សម័យ ជ្រក​​ទ្រនំ​ហង្សមាស​​ កញ្ញា សួស វីសា​ បាន​​បង្ហើរ​សារ​ចេញ​ពី​ចិត្ត​តប​ទៅ​អ្នក​ចូល​ចិត្ត​វាយ​តម្លៃ​មិន​សមរម្យ​លើ​​អ្នក​សិល្បៈ​ចំពោះ​រឿង​សម្ភារ​និយម​​វិញ ខណៈ​ពេល​ដែល​ខ្លួន​នាង​​បាន​បង្ហោះ​​រូប​ទិញ​​រថយន្ត​​ថ្មី​​​ម៉ាក​ Lexus 570 KURO 2020 ដែល​​​មាន​តម្លៃ​ខ្ទង់ ​២០ ម៉ឺន​ដុល្លារ​នោះ។​

ចេញ​ពី​គណនី​ហ្វេសប៊ុក​​ផ្ទាល់​ខ្លួន ​តារា​ចម្រៀង​ស្រី​កំពុង​តែ​ឡើង​កូដ​នៅ​លើ​សិល្បៈ​ និង​ជិត​ចូល​រោង​ជ័យ​​មង្គល​ចុង​ឆ្នាំ​នេះ​ជាមួយ​នឹង​គូ​ស្នេហ៍​រូប​​សង្ហា គឺ​លោក ថមមី នោះ ​​កញ្ញា សួស វីសា បាន​រំលេច​សារ​​បែប​ផ្លែផ្កា​ថា៖ «មួយ​ជីវិត​នេះ​​​ អ្វី​ដែល​ត្រូវ​ធ្វើ ​គឺ​ខ្ញុំ​បាន​លះបង់​អស់​ហើយ​សម្រាប់​គ្រួសារ​មួយ​នេះ ​កាល​ពី​មុន​គ្រួសារ​យើង​ធ្លាប់​​ក្រលំ​បាក​ឆ្អែត​ហើយ។​ ហើយ​អារឿង​គេ​មើល​ងាយ មើល​ថោក​ ក៏​វា​ឆ្អែត​ដែរ​ តែ​យើង​មិន​ដែល​តបត គេ​ដោយ​​វិធី​អាក្រក់​ទេ​ យើង​តែង​រើស​យក​វិធី​ឈ្នះ​ពួក​នោះ​វិញ​ដោយ​ការ​ប្រឹងប្រែង​រក​ស៊ី​សាង​កេរ្តិ៍​ឈ្មោះ ​សាង​កិត្តិយស​ឲ្យ​អ្នក​ទាំង​នោះ ​បាន​មើល​ឃើញ និង​ប្រឹង​ដោយ​សមត្ថភាព ​និង​​មិន​​បាន​បៀតបៀន​បំផ្លាញ​អ្នក​ណា​ទាំង​អស់»។

កញ្ញា សួស វីសា ដែល​បាន​ក្លាយ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​លំដាប់​ពិភពលោក the​ Voice Kids Cambodia រដូវកាល​ទី ២ ក៏​បញ្ជាក់​បន្ត​ទៀត​ថា៖ ​«​ផុស​នេះ​ គឺ​គ្រាន់​តែ​ចង់​ប្រាប់​ទៅ​អ្នក​ដែល​ចូល​​ចិត្ត​​តាំង​ខ្លួន​អស្ចារ្យ​មួយ​ចំនួន​ថា ​សូម​កុំ​មើល​ងាយ​​មនុស្ស ​កុំ​មើល​ងាយ​អ្នក​​ក្រ ​ធ្វើ​តែ​ល្អៗ​ទៅ ព្រោះ​​រឿង​​វាសនា​​​មនុស្ស វា​មើល​​មិន​ឃើញ​ទេ ​ម្តង​គេ​​ម្តង​យើង​ទេ ​Lexus 570 KURO 2020! »​​។

កាល​ពី​ប៉ុន្មាន​ខែ​មុន​ មហាជន​​ក៏​បាន​ភ្ញាក់​ផ្អើល​ម្តង​ហើយ​​​​ នា​ឱកាស​ខួប​កំណើត​គូស្នេហ៍​​ខ្លួន​ ​គឺ​លោក ​ថមមី ក្រៅ​ពី​មាន​នំ​​ខួប​កំណើត រៀបចំ​នៅ​ផ្ទះ​វីឡា​ទំនង​ជា​ទ្រនំ​រួម​ស្នេហ៍​ក្រោយ​ពី​ពួក​គេ​បាន​​រៀបការ​រួច​នោះ ​ក៏​ស្រាប់​តែ​លេច​​វត្តមាន​រថយន្ត​ថ្មី​សន្លាង​ម៉ាក Lexus NX 200t ដែល​​មាន​តម្លៃ​ខ្ទង់ ៣-៤ ម៉ឺន​ដុល្លារ ​សម្រាប់​កាដូ​ខួប​កំណើត​របស់​​ម្ចាស់​ចិត្ត​ ខណៈ​រថយន្ត​ថ្មី​សន្លាង​នោះ​ក៏​ត្រូវ​​​លេច​​ឮ​ថា កញ្ញា សួស វីសា ​មាន​ចំណែក​​ទិញ​ជូន​​គូស្នេហ៍​​​នាង​ផង​ដែរ​៕