ភ្នំពេញ៖​ ក្រោយ​​ពី​ទទួល​​បាន​ដំណឹង​​ល្អ​ថា ​​​មាន​​បុត្រ​ដំបូង ​ដើម្បី​រឹត​បន្តឹង​ចំណង​ស្នេហ៍​​កាល​ពី​​​​កុម្ភៈ​ ឆ្នាំ ​២០២០ មក​នោះ ​​​តារា​ចម្រៀង​ សួស វី​សា និង​ស្វាមី កាន់​តែ​បង្ហាញ​ភាព​នូវ​ផ្អែម​ល្ហែម​​​លើស​​កាល​​​ពី​នៅ​ជា​​​គូ​ស្នេហ៍​នឹង​គ្នា​​ទៅ​ទៀត​ ធ្វើ​ឲ្យ​​​មហា​ជន​​កត់​សម្គាល់ និង​ភ្ញាក់​ផ្អើល​ខ្លាំង​ពី​ទង្វើ​ របស់​​គូ​ស្នេហ៍​អ្នក​​សិល្បៈ​​​ទាំង ២។

ជាក់​ស្តែង​​ថ្មីៗ​នេះ​​លោក ប៊ុនថុល ប៊ុនថង​ ហៅ​ ​ថមមី​ ដែល​ជា​ស្វាមី​​ សួស វី​សា បាន​រៀបចំ​ខួប​កំណើត​ឲ្យ​ប្រពន្ធ​​បង្កើត​​​នូវ​ភាព​ភ្ញាក់​ផ្អើល​​​​​មុន​កំណត់​​​រហូត​ដល់​ទៅ​ ១ ​សប្តាហ៍​ឯ​ណោះ​ ដើម្បី​ជា​ការ​​លួង​​លោម​​​ចិត្ត​​ម្តាយ​​​ និង​​​កូន​ក្នុង​​ផ្ទៃ​ឲ្យ​សប្បាយ​​រីករាយ​នា​រដូវ​កាល​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ឆ្នាំ​ជូត​នេះ​ផង​ដែរ​។​

អារម្មណ៍​សប្បាយ​ចិត្ត​លាយឡំ​នឹង​ភាព​ភ្ញាក់​ផ្អើល​​របស់​តារា​ចម្រៀង​ស្រី​​ទ្រនំ​ហង្សមាស ​សួស វីសា ​បង្ហើប​​តាម​​ហេ្វសប៊ុក​​ថា​​៖ «​អត់​ទាន់​ដល់​ថ្ងៃ​ទេ​ តែ​គ្រួសារ​ខ្ញុំ​ គឺ​តែងតែ​បែប​នេះ ​គឺ​ដឹង​​តែ​នំ​ cake មក​ហូរ​ហែ​ រហូត​ទាល់​តែ​ដល់​ថ្ងៃ​ពិត​​ប្រាកដ! ជួន​​​កាល​លើស​ថ្ងៃ​ខួប ហើយ​​ក៏​នៅ​តែ​មាន cake មក​ដែរ​។​ ថ្ងៃ​​​ខួប​ខ្ញុំ​គឺ 20.​04​.​2020 តែ​ឆ្នាំ​នេះ ក្រៅ​ពី​មនុស្ស​ក្នុង​​ផ្ទះ​ខ្ញុំ​ គឺ​សូម​​មិត្តភក្តិ​ បងប្អូន​មិន​បាច់​មក​ Surprise​ ផ្ទាល់​​ដូច​រាល់​​ដង​​ទេ​ណា​ គ្រាន់​តែ​ជូន​ពរ​តាម​រយៈ​ឆាត ឬ​ខល​មក​ជូន​ពរ​​​​ ​ខ្ញុំ​អរគុណ​ហើយ​! ​​​​​ធ្វើ​​នេះ ​គឺ​ដើម្បី​​​​សុវត្ថិភាព​​​​របស់​យើង​ទាំង​អស់​គ្នា​ ចៀស​វាង​ពី​ជំងឺ ​covid19​! ​​លក្ខណៈ​គ្រួសារ​សាមញ្ញៗ ​តែ​​រីក​រាយ​ចុង​ក្រោយ​​សូម​អរគុណ​​​ដល់​មនុស្ស​ពិសេស ​គឺ​ប្តី​សម្លាញ់ Tommy Real ​​ឆ្នាំ​នេះ​​មិន​​ដូច​ឆ្នាំ​មុន​ទេ ឆ្នាំ​នេះ​​អូន​ប៉ោង!។​​​

ក្រោយ​ពី​​​យក​នំ​ខួប​កំណើត​ទៅ​ជូន​​ប្រពន្ធ​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​ហើយ​លោក​ ថមមី​ ក៏​សរសេរ​ថា​៖​ «​​រីករាយ​​ជាមួយ​រាត្រី​នៃ​ការ​ស៊ើ​ប្រាយ​មុន​ថ្ងៃ​ខួប​កំណើត​ម៉ាក់ៗ Mommy សួស វីសា Sous Visa ហេតុ​តែ​ប្តី​ចង់​ឃើញ​​ប្រពន្ធ​​បង​សប្បាយ​ចិត្ត​ឲ្យ​ច្រើន កុំ​ឲ្យ​ចាញ់​តទៀត បង​ក៏​ខំ​លួច​ធ្វើ​ខួប​ជូន​អូន​ ឲ្យ​សប្បាយ​ចិត្ត ចង់​ប្រាប់​អូន​ថា ប្តី​ស្រឡាញ់​អូន និង​កូន​ខ្លាំង​ណាស់ បង​អាច​​​ធ្វើ​គ្រប់​យ៉ាង​បាន​​សម្រាប់​គ្រួសារ​យើង ​ជាពិសេស​នោះ បង​ចង់​ឲ្យ​​អូន​មាន​​​ស្នាម​ញញឹម​បែប​នេះ​ជា​រៀង​រហូត​ដូច​ដែល​បង​​សន្យា​កាល​​ពី​​ពេល​យើង​​ទាំង ​២ ​ស្រឡាញ់​គ្នា​ដំបូង បង​មិន​ចង់​​បាន​​ពាក្យ​ថា ស្រឡាញ់​បាន​តែ​ដំបូង​ទេ តែ​​បង​នឹង​​ធ្វើ​វា​ជា​រៀង​​រហូត​​ត​ទៅ​ I Love You Mommy​ #Sousvisa​ #Tommy #​Family»។​​

លើស​ពី​នេះ​​ អ្នក​​នាង​ សួស វី​សា ក៏​ចេញសារ​​​​បង្ហើប​​​ពី​រឿង​​​ប្តី​ប្រពន្ធ​​ចេញ​ចម្រៀង​​ច្រៀង​​ជាមួយ​​​គ្នា​ ដើម្បី​ត្រៀម​ឱកាស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ឆ្នាំជូត​នេះ​ដែរ​ដោយ​បាន​បង្ហើរ​ថា៖ «អបអរ​បុណ្យ​ចូល​​ឆ្នាំ​ថ្មី សុំ​ប្តូរ Cover ថ្មី លាភជ័យ​​ហេងៗ ជាមួយ​នឹង​បទ​មាន​​ចំណង​ជើង​ថា ​«រាំ​អែបកៀន»​៕​