ក្រុងប៊ុយណូស៊ែរ: ក្រោយ​រង​នូវ​ការរិះគន់​ខ្លាំងៗ សមាគម​បាល់ទាត់​អាហ្សង់ទីន (AFA) បាន​សុំទោស កាល​ពី​ថ្ងៃ​ពុធ ចំពោះ​ការ​ចុះ​ផ្សាយ​សៀវភៅ​ក្បួន World Cup បង្ហាញ​វិធី​ញ៉ែ​ស្រី​រុស្ស៊ី ដោយ​សារភាព​ថា វា​ជា​កំហុស​អ​ចេតនា។

ស្ថិតក្រោម​ទំព័រ​មួយ​ដែលមាន​ចំណងជើង​ថា «តើ​គួរ​ឆ្លៀតឱកាស​ទាក់​ចិត្ដ​នារី​រុស្ស៊ី​តាម​របៀប​ណា?» សំណេរ​ហាយ​ឡាយ​មួយ​ឃ្លា​បាន​សរសេរ​ថា «នារី​រុស្ស៊ី​មិន​ចូលចិត្ដ​ឲ្យ​បុរសៗ​ចាត់​ទុក​ខ្លួន​ជា​វត្ថុ​ឥត​វិញ្ញាណ​ឡើយ»។

សៀវភៅ​ក្បួន​តូច​នោះបាន​បន្ថែមថា៖ «បុរស​ជាច្រើន ដោយសារ​នារី​រុស្ស៊ី​សុទ្ធតែ​ស្រស់​ស្អាត ប្រាកដ​ជា​ចង់​ប្រលោម​ស្នេហ៍​ជាមួយ​នាងៗ​នៅ​លើ​គ្រែ។ នារី​រុស្ស៊ី​ជាច្រើន មិន​ខុស​ពី​នារី​ដទៃ ប្រាកដ​ជា​ចាប់​អារម្មណ៍​ខ្ពស់ បើ​អ្នក​ជា​មនុស្ស​ស្អាត មាន​ក្លិន​ខ្លួន​ល្អ និង​ស្លៀក​ពាក់​សម​សួន»។

ដោយ​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ចាស់ដៃ AFA បាន​ធ្វើការ​សុំទោស​ដោយ​សារភាព​ថា វា​ជា​កំហុស​អចេតនា។ ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ AFA បាន​បង្ហាញ​ថា វា​នាំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​មួយ។

របាយការណ៍​បាន​បន្ដថា៖ «បុគ្គលិក​ផ្នែក​រដ្ឋបាល​បាន​រើ​សៀវភៅ​ទាំង​នោះ​ចោល​ភ្លាមៗ​ផង​ដែរ»៕