ក្រុងវ៉ាស៊ីនតោន៖ សៀវភៅរឿងអមដោយរូបភាពដំបូងដែលផលិតឡើងដោយ Marvel ជាក្រុមហ៊ុនអាមេរិកដ៏ល្បីនៅពីក្រោយភាពយន្ដហូលីវូដ Spider-Man, X-Men និងរឿង The Avengers បានដាក់លក់ដេញថ្លៃកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងតម្លៃកំណត់ត្រា ១,២៦ លានដុល្លារ។ នេះបើយោងតាមក្រុមហ៊ុនដេញថ្លៃ Heritage Auctions។
លោក Ed Jaster អគ្គនាយករងជាន់ខ្ពស់ក្រុមហ៊ុនបាននិយាយអំពីសៀវភៅ ដែលបោះពុម្ពផ្សាយក្នុងឆ្នាំ ១៩៣៩ ដោយ Timely Comics និងក្រោយមកប្ដូរជា Marvel ថា៖ «នេះគឺជាច្បាប់ចម្លងប្រវត្ដិសាស្ដ្រនៃសៀវភៅរឿងប្រវត្ដិសាស្ដ្រ។ ប្រាកដណាស់ នេះជាសៀវភៅរឿង Marvel Comics ជំនាន់តាទួត ហើយប្រសិនបើគ្មានវានោះទេ យើងគ្មានរឿងប្រភេទអមរូបភាព និងភាពយន្ដសព្វថ្ងៃឡើយ»។
នៅក្រោមការដឹកនាំរបស់អ្នកនិពន្ធ ស្ដេន លី Marvel ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ បានរំលេចនូវកំពូលវីរជន ដែលមានឈ្មោះល្បីដល់បច្ចុប្បន្ន ហើយភាពយន្ដតែងតែស្ថិតនៅលើកំពូលតារាង។
សៀវភៅចម្លងដំបូងរបស់ Marvel Comics ត្រូវបានដាក់លក់ក្នុងសភាពល្អស្អាត និងមានតម្លៃលក់តែប្រមាណ ១០ សេនកាលពីជំនាន់ឆ្នាំ ១៩៣៩។
«Amazing Fantasy #15» ដែលជាវគ្គដំបូងរបស់ Spider-Man បានដាក់លក់ដេញថ្លៃក្នុងតម្លៃខ្ពស់បំផុតលំដាប់ទី ២ របស់ Marvel ដោយបានលក់ក្នុងតម្លៃ ១,១ លានដុល្លារ នៅឆ្នាំ ២០១១។
សៀវភៅរឿងអមដោយរូបភាពដ៏ថ្លៃបំផុតក្នុងប្រវត្ដិសាស្ដ្រនៅតែជាសៀវភៅដំបូង «Action Comics» បោះពុម្ពឆ្នាំ ១៩៣៨ ដែល Superman បង្ហាញខ្លួនដំបូង។ វាមានតម្លៃ ៣,២ លានដុល្លារ ក្នុងឆ្នាំ ២០១៤៕ AFP