ភ្នំពេញ : ពាក្យចាស់ពោលថា «មនុស្សស្រីមុជមិនជ្រៅ ទៅមិនឆ្ងាយ»។ អត្ថន័យនេះចង់បង្ហាញថា ស្ដ្រីមិនគួរដើរឆ្ងាយពីតួនាទីភារៈតាមគន្លងប្រពៃណីរបស់ខ្លួនឡើយ។
ប៉ុន្ដែពេល មេនណូ ដេ ប្លុក ជាសហគ្រិនមកពីហូឡង់ មើលឃើញពីភាពវិជ្ជមានចំពោះប្រទេសដែលខ្លួនកំពុងរស់នៅដោយលោកបានយល់ឃើញថា មេរៀនសម្រាប់ស្ដ្រីនេះប្រាកដជាមានមូលហេតុរបស់វា។ ដូច្នេះលោកបានសហការជាមួយអ្នកនាង ចាន់ គន្ធា អាយុ ៣៦ ឆ្នាំ ជាបុគ្គលិកម្នាក់នៅ Just Associate ជាអង្គការដែលធ្វើការងារនៅជុំវិញពិភពលោកដើម្បីផ្ដល់ការគាំទ្រផ្លូវច្បាប់ និងបង្កើតធនធានមនុស្សក្នុងការធ្វើបទសម្ភាសជាមួយស្ដ្រី និងប្រាប់អំពីដំណើររឿងរបស់ពួកគេ។
លទ្ធផលចេញជាសៀវភៅ «មុជជ្រៅ ទៅឆ្ងាយ» (Diving Deep, Going Far) ចេញពីខែឧសភាជាសៀវភៅប្រលោមលោកយកលំនាំតាមការប្ដេជ្ញាចិត្ដរបស់ស្ដ្រីដើម្បីពុះពារស្វែងរកអនាគតរបស់ខ្លួន។
លោក ដេ ប្លុក បាននិយាយថា៖ «ការសរសេរសៀវភៅនេះពិតជាចេះដឹងច្រើនមែន។ ការជជែកជាមួយស្ដ្រីជាច្រើនក្នុងប្រទេសកម្ពុជាបានធ្វើឲ្យខ្ញុំឃើញនូវរបៀបរបបជីវិតពួកគេដូចជា គំនាបប្រពៃណី គ្រួសារ និងបរិស្ថាន ព្រមទាំងការពុះពារជម្នះរបស់ពួកគេ»។
សៀវភៅរឿងនេះផ្ដោតលើជីវិតស្ដ្រីកម្ពុជាវ័យក្មេងដែលប្រឈមនឹងការលំបាកទទួលបាននូវការអប់រំក្នុងស្ថានភាពគ្រួសារក្រីក្រ។ មហិច្ឆតារបស់ពួកគេត្រូវបានរារាំងដោយកត្ដាសង្គមជាច្រើន។
សៀវភៅរបស់ពួកគេត្រូវបានចងក្រងពីបទសម្ភាសជាមួយស្ដ្រីកម្ពុជា ២៥ នាក់ដែលមានប្រវត្ដិខុសៗគ្នារួមទាំង កម្មកររោងចក្រ បុគ្គលិកអង្គការ មន្ដ្រីរដ្ឋាភិបាលជាដើម។
ថ្វីដ្បិតតែការថា Diving Deep, Going Far គ្រាន់តែជាសៀវភៅប្រលោមលោកយ៉ាងណាក៏ដោយ ក៏វានៅតែជាសៀវភៅសំខាន់សម្រាប់ពលរដ្ឋខ្មែរជាច្រើន ពីព្រោះវាបានបង្ហាញពីដំណើរជីវិត និងបទពិសោធស្ដ្រីកម្ពុជាវ័យក្មេងដែលរមែងពុះពារនឹងទំនៀមទម្លាប់សង្គម។
អ្នកស្រី គន្ធា បាននិយាយថា៖ «ខ្ញុំសង្ឃឹមថាអ្នកអាន ជាពិសេសស្ដ្រីនឹងចាត់ទុកវាជាកញ្ចក់ឆ្លុះបញ្ចាំងខ្លួនឯងដើម្បីអាចធ្វើការវិភាគ និងស្វែងរកដំណោះស្រាយសមស្របក្នុងឆាកជីវិតពួកគេ។ លើសពីនេះខ្ញុំក៏សង្ឃឹមថា អ្នកអានជាបរទេសនឹងអាចយល់ពីជីវិតស្ដ្រីខ្មែរ និងជីវិតពុះពាររបស់ពួកគេដើម្បីជម្នះនឹងប្រពៃណីសង្គម»។
សៀវភៅនឹងត្រូវបោះពុម្ពលើកដំបូងជាភាសាអង់គ្លេសក្នុងតម្លៃ ១៥ ដុល្លារ ខណៈចំណូល ១០ ភាគរយនឹងបែងចែកដល់គម្រោងដែលឧបត្ថម្ភដល់ភាពដឹកនាំរបស់ស្ដ្រីនៅកម្ពុជា។ សៀវភៅភាសាខ្មែរនឹងបោះពុម្ពប៉ុន្មានខែក្រោយជាមួយតម្លៃសមរម្យសម្រាប់ពលរដ្ឋកម្ពុជា។
សៀវភៅមុជជ្រៅ ទៅឆ្ងាយនេះនឹងដាក់លក់នៅថ្ងៃទី ២១ ខែមិថុនាចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ៩ យប់នៅ Factory Phnom Penh (លើផ្លូវជាតិលេខ ២) ជាទីកន្លែងដែលអ្នកចូលរួមអាចជួបសហអ្នកនិពន្ធលោក មេនណូ ដេ ប្លុក និងអ្នកស្រី ចាន់ គន្ធា ព្រមទាំងស្ដ្រីដែលមានសាច់រឿងក្នុងសៀវភៅមួយនេះថែមទៀតផង៕ HR
Suntharoth Ouk