ភ្នំពេញ៖​ សម្រាប់​បេក្ខនារី​ជា​ម្ចាស់​មកុដ​ថ្មី​​លេខ ១ ពី​​​កម្មវិធី Miss Grand ​Cambodia 2020  កញ្ញា សេង រដ្ឋា ​កំពុង​តែ​ត្រៀម​ខ្លួន​​យ៉ាង​ស្វិត​ស្វាញ​ ក្នុង​ការ​ធ្វើ​ជា​តំណាង​ឱ្យ​កម្ពុជា​ ដើម្បី​ទៅ​​ចូល​រួម​​ប្រកួត​បន្ត​​ក្នុង​​​កម្មវិធី​អន្តរជាតិ​​​ Miss Grand​ International ​2020 ដែល​​​គម្រោង​នឹង​​ត្រូវ​ធ្វើ​​នៅ​ប្រទេស​វេណេស៊ុយអេឡា តែ​ដោយសារ​វិបត្តិ​កូវីដ ១៩ ការ​ប្រកួត​​អាច​នឹង​ប្តូរ​មក​​ធ្វើ​នៅ​​ប្រទេស​ថៃ​ ដែល​ជា​ម្ចាស់​ Franchise វិញ​ ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ ​២០២១​ ខាង​មុខ​នេះ​។​

កញ្ញាឯក​ Miss Grand Cambodia 2020 ​ឆ្នាំ​នេះ ​​រក​ឃើញ​​​​​​បេក្ខនារី​ដ៏​ស័ក្តិសម​បំផុត​ជា​​បេក្ខនារី​តំណាង​ខេត្ត​កំពង់ធំ មាន​​​​វ័យ​ ២០ ឆ្នាំ មាន​កម្ពស់​ ១,៧៣ ម៉ែត្រ មាន​ទម្ងន់ ៥៤ គីឡូ ​ដោយ​​​កញ្ញា សេង ​រដ្ខា​ គឺ​ជា​និស្សិត​​​ស្រី​រៀន​ជំនាញ​​គណនេយ្យ ​រៀន​នៅ​​វិទ្យាស្ថានវ៉ាន់ដា ​ខណៈ​​​កញ្ញា​មាន​​រូប​​​សម្ផស្ស​​ស្រស់ស្អាត​​ និង​មាន​​​​ចំណេះ​​ដឹង​រូប​នេះ​ក៏​ធ្លាប់​ឈ្នះ​​​​ជយលាភី​​ចំណាត់​ថ្នាក់​​​លេខ ១ ផងដែរ នៅ​​​ក្នុង​ការ​ប្រកួត​​​បវរកញ្ញា​ Miss Yellow 2018​។​

បេក្ខនារី​រូប​​​ស្រស់​ កម្ពស់ ១,៧៣ ម៉ែត្រ វ័យ​ ២០ ឆ្នាំ កញ្ញា សេង រដ្ឋា តំណាង​មក​ពី​​ខេត្ត​​កំពង់ធំ បាន​​គ្រង​​​មកុដ​ ​Miss Grand​ Cambodia​ ​​Cambodia 2020 ​នៃ​ការ​​ប្រកួត​​ផ្តាច់​ព្រ័ត្រ​ កាល​​​​ពី​រាត្រី​ថ្ងៃទី ២៦ ខែ ​កញ្ញា ឆ្នាំ​ ២០២០ នៅ​ក្នុង​​ចំណោម​​​​​បេក្ខនារី​​​​​​​ចំនួន​ ២៨ ​រូប​។​

បើ​តាម​លោក ង៉ែត សីហា ​ដែល​ជា​អ្នក​រៀបចំ​គម្រោង​​នៃ​កម្ម​​វិធី​ប្រកួត​ Miss Grand​ Cambodia ​ឆ្នាំ ​២០២០​ ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ការ​ត្រៀម​​ខ្លួន​ទាំង​ក្រុម​ការ​ងារ ព្រម​ទាំង​ម្ចាស់​មកុដ​​កញ្ញា សេង រដ្ឋា ផង​ដែរ​ថា៖ ​«​ទោះជា​យ៉ាង​ណា​ខាង​​យើង​ជា​អ្នក​រៀបចំ​របស់​កម្ពុជា នៅ​តែ​​ត្រៀម​​ខ្លួន​​​ ដោយ​​គោរព​ទៅ​​តាម​គោលការណ៍​សុវត្ថិភាព​ជានិច្ច​ ​សម្រាប់​បង្ហាញ​​ខ្លួន​លើ​​​ឆាក​អន្តរជាតិ​នៅ​ក្នុង​ពេល​ឆាប់​ៗនេះ​ ទោះ​​បី​ឮ​ដំណឹង​​ថា ការ​ប្រកួត​ប្រជែង​ Miss ​Grand​​ International ​2020  នឹង​ត្រូវ​ប្តូរ​​មក​​ធ្វើ​​​​ក្នុង​ប្រទេស​ថៃ​ ដែល​ជា​​​ម្ចាស់ ​Franchise វិញ​ នៅ​​ខែ​កុម្ភៈ​ ឆ្នាំ ​២០២១​ ខាង​មុខ​ក្តី​។ ចំពោះ​កញ្ញា សេង រដ្ឋា ដែល​ជា​​​​ម្ចាស់​​មកុដ​នោះ កញ្ញាក៏​បាន​ត្រៀម​លក្ខណៈ​​គ្រប់​យ៉ាង​ដែរ សម្រាប់​ការ​បង្ហាញ​​ខ្លួន​អន្តរជាតិ​នេះ ខណៈ​ផ្នែក​​​ភាសា​បរទេស​​វិញ​ ខ្ញុំ​គិត​ថា មិន​មែន​ជា​ឧបសគ្គ​របស់​ កញ្ញា រដ្ឋា នោះ​ឡើយ»។​​

គួរ​​បញ្ជាក់​ផង​ដែរ​ថា ការ​​ប្រកួត​​វគ្គ​​ផ្តាច់ព្រ័ត្រ​​​ Miss Grand​ Cambodia ​ឆ្នាំ ​២០២០ បាន​រក​ឃើញ​​​បេក្ខនារី​​​ស័ក្តិសម​ជា​​​​ម្ចាស់​ជយលាភី​ចំនួន ​៥ រូប​ (Top 5) លេខ ​១ កញ្ញា សេង​ រដ្ឋា វ័យ​ ២០ ឆ្នាំ លេខ ២​ កញ្ញា ​លឹម សុធាវី ​ខេត្ត​ព្រះសីហនុ វ័យ​ ២៥ ឆ្នាំ កម្ពស់ ១,៦៨ ម៉ែត្រ​ លេខ ​៣ ​កញ្ញា លីវ ជីលី ​​ខេត្ត​បន្ទាយមានជ័យ វ័យ ២៤ ឆ្នាំ ​កម្ពស់​ ​១,៧០ ម៉ែត្រ លេខ ៤ ​​កញ្ញា​ វុធ ធីដាវិន​ ​ខេត្ត​​បាត់ដំបង វ័យ ២៤ ឆ្នាំ កម្ពស់​ ​១,៧៥ ម៉ែត្រ និង​​លេខ ៥ ​កញ្ញា​ សារុំ ចន្ថា​​​ តំណាង​​​ខ្មែរ​នៅ​បារាំង៕​