ភ្នំពេញ៖ នៅមិនយូរនោះទេ យុវជន សេង ស៊ុយហាក់ ដែលជាកុលបុត្រខ្មែរ ត្រៀមបញ្ចប់ជំនាញបើកយន្តហោះពីសហរដ្ឋអាមេរិក នឹងមកបម្រើការងារជាអ្នកបញ្ជាបក្សីស្លាបដែក ក្នុងប្រទេសកំណើត នៅវ័យត្រឹម ២០ ឆ្នាំ ជាមិនខាន។
នេះបើតាមការអះអាងរបស់ សេង ស៊ុយហាក់ ខណៈទើបបានវិលត្រឡប់មកប្រទេសកម្ពុជា កាលពីចុងឆ្នាំ ២០២០ កន្លងមកថា៖ «ពេលវេលាខ្ញុំរៀននៅសហរដ្ឋអាមេរិក នៅសល់តែ ១ ខែទៀត ខ្ញុំនឹងត្រឡប់មកកម្ពុជាវិញ ដើម្បីបម្រើការងារជាអ្នកបើកយន្តហោះឱ្យក្រុមហ៊ុនណាមួយមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ ដោយសារតែខ្ញុំមានបំណងបន្តរៀនបើកយន្តហោះមួយប្រភេទទៀតគឺ Airbus 320 Type Rating ដែលត្រូវរៀនប្រើពេល ២ ខែបន្ត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្ញុំ ដែលអាចដឹកអ្នកដំណើរបានចន្លោះពី ១០០-១៥០ នាក់»។
បើតាមស្តាប់យុវជន សេង ស៊ុយហាក់ រៀបរាប់នោះគឺមានកត្តាជំរុញជាច្រើន ក្រៅពីចំណូលចិត្តមានតាំងពីក្មេងថា ចង់ក្លាយជាអ្នកបើកយន្តហោះនោះ ដោយមានឪពុកម្ដាយ និងមិត្តភក្តិ។ សេង ស៊ុយហាក់ យុវជនខ្មែរវ័យ ២០ ឆ្នាំ ដែលមានស្រុកកំណើតនៅទីក្រុងភ្នំពេញ ប្រាប់ពីមូលហេតុ ដែលខ្លួនសម្រេចចិត្តរៀនបើកបរយន្តហោះនេះ គឺដោយសារចិត្តស្រឡាញ់ពីក្មេង និងដោយមើលឃើញថា នៅប្រទេសខ្មែរយើង មិនទាន់សូវមានជំនាញបើកយន្តហោះច្រើននៅឡើយថា៖ «ពួកគាត់ [ប៉ាម៉ាក់] យល់ព្រមឱ្យទៅរៀនជំនាញបើកបរយន្តហោះនេះ ក៏ព្រោះពួកគាត់យល់ឃើញថា ការងារមួយនេះ ខ្ញុំពិតជាស្រឡាញ់ ហើយមានដុងផ្នែកជំនាញនេះស្រាប់។ ក្រោយមក ពួកគាត់បានស៊ើបសួរលម្អិតអំពីមុខជំនាញសិក្សា និងការងារអាជីពមួយនេះថា ល្អ និងមានប្រយោជន៍នៅថ្ងៃខាងមុខ ទោះបីជាទីផ្សារការងារផ្នែកបើកបរយន្តហោះនៅកម្ពុជាមិនទាន់សូវមានច្រើនក៏ដោយ ហើយក៏មិនទាន់មានសាលាបង្ហាត់បង្រៀនក្តី។ តែយ៉ាងណាក៏ត្រូវខំអត់ធន់ ដើម្បីឱ្យកូនបានរៀនសូត្រជំនាញដែលស្រឡាញ់ ហើយជាការងារ ដែលគេខ្វះខាតនៅក្នុងប្រទេស ដើម្បីបណ្ដុះកូនប្រុសឱ្យក្លាយខ្លួន ជាធនធានមនុស្សសម្រាប់ប្រទេសជាតិ នៅថ្ងៃអនាគត»។
យុវជនខ្មែរ សេង ស៊ុយហាក់ បានទៅសិក្សាជំនាញបើកបរយន្តហោះនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ ហើយក៏បានត្រឡប់មកកម្ពុជា កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២០ កន្លងមកនេះ។ សេង ស៊ុយហាក់ បានសិក្សាជំនាញបើកយន្តហោះនៅសាលាឈ្មោះថា US Aviation Academy (USAA ) នៅទីក្រុងដេនថុន (Denton) រដ្ឋតិចសាស-(Texas) សហរដ្ឋអាមេរិក ដែលមានគ្រូជនជាតិអាមេរិក ឥណ្ឌា និងសិង្ហបុរី ខណៈមិត្តរួមថ្នាក់វិញ ក៏មានចម្រុះជាតិសាសន៍ផងដែរ មកពីប្រទេសផ្សេងៗគ្នា ហើយភាគច្រើនជនជាតិចិន និងអាមេរិក។
បើតាមការបញ្ជាក់ពីយុវជនខ្មែររូបនេះ មុខវិជ្ជាបើកយន្តហោះនេះ ប្រើរយៈពេល ១២ ខែ នឹងទទួលបាន License ចំនួន៣។ ទី១ ជា Private License គឺជាអាជ្ញាប័ណ្ឌដំបូងដែលអនុញ្ញាតឱ្យបើកយន្តហោះទៅណាតែម្នាក់ឯងបាន ហើយតម្រូវឱ្យរៀនចំណេះដឹង ទ្រឹស្ដី និងបច្ចេកទេស ប្រមាណ ៣-៤ ខែ រួចទទួលបានអាជ្ញាប័ណ្ណ។ អាជ្ញាប័ណ្ណទី២ គឺជា Instrument rating សិស្សអាចមានសិទ្ធិហោះចូលពពកបានជាធម្មតាគេតម្រូវឱ្យរៀន ២ ខែ ក៏ប៉ុន្តែ ស៊ុយហាក់ អាចរៀនត្រឹម ១ ខែប៉ុណ្ណោះ។ អាជ្ញាប័ណ្ណទី៣ គឺជាប្រភេទ Commercial License អ្នកបើកយន្តហោះ អាចដឹកអ្នកដំណើរប្រើប្រាស់ម៉ាស៊ីន ២ បានប្រើពេលសិក្សា ២ ខែ។
អាជីពជាអ្នកបើកយន្តហោះនឹងត្រូវធ្វើតេស្តជារៀងរាល់ ៦ ខែម្ដង រហូតចូលនិវត្តន៍ ដែលនេះគឺធ្វើឱ្យប្រាកដថា ការបើកបរនៅតែអាចទ្រាំទ្រ និងអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរឡើង និងអាចបម្រើសេវាកម្មជូនអ្នកដំណើរប្រកបទៅដោយសុខសុវត្ថិភាព៕