ភ្នំពេញៈ ខណៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​មធ្យោបាយ​ទំនាក់ទំនង​ដ៏ពេញនិយម​នៅ​កម្ពុជា​ជាមួយ​ចំនួន​អ្នក​ប្រើប្រាស់​ជាង​ ៦,៨ ​លាន​នាក់​ថ្មីៗ​នេះ​យុវជន​កម្ពុជា​មួយ​ក្រុម​ក៏​បាន​បង្កើត​នូវ​កម្មវិធី​ទំនាក់ទំនង​សង្គម​មួយ ឈ្មោះ​ថា សេរី (Serey) ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ដទៃ​។

សេរី​ជា​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ដែល​មាន​ការប្រើប្រាស់​ស្រដៀង​នឹង​ហ្វេសប៊ុក​ដែរ ប៉ុន្តែ​ចំណុច​ពិសេស​គឺ​សេរី ប្រើប្រាស់​ប្រព័ន្ធ Decentralization (blockchain)​។

បង្កើត​ឡើង​នៅ​ដើម​ខែ​មីនា ឆ្នាំ​ ២០១៨ ដោយ​មាន​ស្ថាបនិក​ចំនួន ៦ ​នាក់​ដោយ​មាន​ស៊ឺវឺ (server) ចំនួន ​២០ ​កន្លែង​នៅក្នុង​កម្ពុជា និង​ហូឡង់​ពេល​នេះ​ សេរី មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ជាង​ ១០០០ ​នាក់​។

បច្ចេកវិទ្យា​ថ្មី​ជា​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​ក្នុង​ការការពារ​ពី​ការចូល​លួច​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ពី​សំណាក់​ចោរ​ព័ត៌មានវិទ្យា (Hacker)​។

លោក លឹម ឆៃឡែម ស្ថាបនិក​បណ្ដាញ​សង្គម សេរី​។ហេង ជីវ័ន

ចំណុច​ពិសេស​មួយ​ទៀត សេរី គឺ​ខុស​ប្លែក​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ដទៃ​ដែល​អ្នក​ប្រើប្រាស់​បង្ហោះ រូបភាព ឬ​វីដេអូ​ទៅ​គឺ​មិន​ទទួល​បាន​អ្វី​មក​វិញ​ឡើយ​។ ប៉ុន្តែ​ចំពោះ សេរី គ្រប់​រូបភាព និង​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​នេះ​អ្នកប្រើប្រាស់​អាច​ទទួល​បាន​ប្រាក់​ត្រឡប់​មក​វិញ​។

ស្ថាបនិក លោក លឹម ឆៃឡែម បញ្ជាក់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ពេលណា​យើង​ផូស្ត​អី​មួយ កាលណា​គេ Like គេ vote យើង​បាន​លុយ blockchain នឹង​គិត​ប្រាក់​ឲ្យ​យើង​ស្រាប់​តែ​ម្តង ហើយ​កាលណា​គេ vote ច្រើន​យើង​ទទួល​បាន​លុយ​ច្រើន ហើយ​មួយ​ទៀត​បើ​អ្នក vote ហ្នឹង​មាន​ប្រាក់​សេរី​ច្រើន យើង​ក៏​ទទួល​បាន​ប្រាក់​ច្រើន​តាម​ហ្នឹង​ដែរ ហ្នឹង​គេ​មាន​ ២ ​របៀប​»​។

អតីត​និស្សិត​ពាណិជ្ជកម្ម​មកពី​ប្រទេស​ហូឡង់​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​គោលដៅ​របស់ សេរី គឺ​យើង​ចង់​ចែករំលែក​ចំណេះដឹង និង​អប់រំ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ខ្មែរ​។ យើង​ជឿ​ថា​មនុស្ស​មួយៗ​ដឹង​ពី​អ្វី​តិចៗ ជួនកាល​ស្គាល់​ក៏​ច្រើន​ដែរ ប៉ុន្តែ​ពេល​យើង​ចែករំលែក​ចំណេះដឹង​តិចៗ​ហ្នឹង​ជាមួយ​គ្នា​គឺ​យើង​កើន​ចំណេះដឹង យើង Educate (​បង្រៀន​) ខ្លួនឯង​បាន​ល្អ​»​។

ប្រាក់​ដែល​ទទួល​បាន​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះ​មាន​ឈ្មោះ​ថា SRY (​ប្រាក់​សេរី ឬ Serey Coin) ដែល​អ្នក​ប្រើប្រាស់​អាច​យក​ប្រាក់​សេរី​ទៅ​ប្តូរ​តាមរយៈ​កម្មវិធី Serey Exchange ប្តូរ​ទៅ​ជា bitcoin បាន​ដោយ bitcoin គឺជា​ប្រាក់​កាក់​ដែល​កំពុង​ចរាចរណ៍​នៅ​ជុំវិញ​ពិភពលោក​។

ក្រោយពី​ដំណើរការ​បាន​ ៩ ខែ លោក លឹម ឆៃឡែម បញ្ជាក់​ថា​៖ «​អ្នកលេង​សេរី​មុន​ដំបូង​គេ​សប្បាយ​ចិត្ត​មកពី​កាលណា​គេ​បង្ហោះ​ព័ត៌មាន​ទិន្នន័យ ឬ​អត្ថបទ​អ្វី​មួយ​គេ​បាន​លុយ​ហើយ​អ៊ីចឹង​គេ​សប្បាយ​ចិត្ត​មកពី​គេ​មាន​អារម្មណ៍​ថា អ្វី​ដែល​គេ​ធ្វើ​គឺ​កំពុង​មាន​តម្លៃ​។ ម្យ៉ាង​គេ​អ្នក​ចូលចិត្ត​លេង​សេរី​ហ្នឹង​មកពី​គេ​ដឹងថា អ្នក​បង្កើត​សេរី​ហ្នឹង​ជា​កូន​ខ្មែរ​ជនជាតិ​ខ្មែរ​»​។

នា​ថ្ងៃ​អនាគត​លោក​ក៏​រំពឹង​ដែរ​ថា សេរី មិន​ត្រឹម​តែ​ផ្តោត​ទៅ​លើ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​គឺ​ពិភពលោក​តែ​ម្តង​ដើម្បី​ចែករំលែក​ចំណេះដឹង​ក្នុង​ឧស្សាហកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ពិភពលោក​៕