The Phnom Penh Post Search

Search form

សេវាកម្ម​ជួល​មិត្ដភក្ដិ និង​សង្សារ​បណ្ដើរ​មួយគ្រា ​បង្អួត​ភ្នែកគេ​នៅ​ជប៉ុន

Content image - Phnom Penh Post
អ្នក​អាច​ជួល​មិត្ដភក្ដិ​ ឬ​សង្សារ​គ្រប់ភេទ គ្រប់វ័យ មក​កំដរ​ដើរ​លេង​បង្អួត​ភ្នែក​អ្នកដទៃ។

សេវាកម្ម​ជួល​មិត្ដភក្ដិ និង​សង្សារ​បណ្ដើរ​មួយគ្រា ​បង្អួត​ភ្នែកគេ​នៅ​ជប៉ុន

ក្រុងតូក្យូ: ចង់អួត​មិត្តភក្ដិ​លេង​ហ្វេសប៊ុក ពេល​អ្នកជា​មនុស្ស​អត់​មិត្ដភក្ដិ​មែន​ទេ? ចង់ធ្វើ​ឲ្យ​អតីត​សង្សារ​ច្រណែន​ដោយ​ការបង្ហោះ​រូបភាព​ជាមួយ​ដៃគូ​ស្អាត​ថ្មីៗ ខណៈ​ខ្លួន​អត់​ឯកា​មែនទេ?

ក្រុមហ៊ុន​ជប៉ុន​នេះ រីករាយ​នឹង​បញ្ជូន​មិត្ដភក្ដិ​ក្លែងក្លាយ ឬ​គូស្នេហ៍​មួយគ្រា​ដល់​អ្នក​សម្រាប់​ជាការ​ថតរូប​លេងៗ​ដែល​ធ្វើឲ្យ​មិត្ដភក្ដិ​តាម​អនឡាញ​ភ្លឺភ្នែក។

បង្ហាញ​ភាព​ហ៊ឺហារ​តាម​បណ្ដាញ​សង្គម​ពិតជា​សំខាន់​សម្រាប់​មនុស្ស​ទូទៅ ហើយ​ក្រុមហ៊ុន​ជប៉ុន Family Romance ប្ដេជ្ញា​ជួយ​ភ្ញៀវ​បំពេញ​បំណង​នេះ។ មិនថា​ក្នុង​បំណង​បង្ហាញ​មិត្ដ​រួម​ការងារ​ថា ពួកគេ​កំពុងតែ​រីករាយ​ជាង​ពេល​នៅ​ការិយាល័យ ឬ​ព្យាយាម​បង្ហាញ​ពីមុខ​មាត់​ក្នុងសង្គម​យ៉ាងណា​ក៏ដោយ ក៏​សេវាកម្ម Real Appeal របស់​ក្រុមហ៊ុន​នឹង​ជួយ​អតិថិជន​ទទួល​ជោគជ័យ ដោយ​ការ​ផ្ដល់នូវ​មិត្ដភក្ដិ​ក្លែងក្លាយ​សម្រាប់​ថតរូប​សម្ញែង​មួយគ្រា។

អាស្រ័យ​លើ​គោលដៅ​របស់​ភ្ញៀវ ពួកគេ​អាច​ស្នើសុំ​មិត្ដភក្ដិ​គ្រប់​វ័យ គ្រប់​ភេទ ឬក៏​សណ្ឋាន​នៃ​រូបរាង និង​សម្រិត​សម្រាំង​ដាក់​ឲ្យភ្ញៀវ​ជ្រើសរើស​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ថែម​ទៀត។

អ្នក​អាច​កក់​យក​មិត្ដភក្ដិ​ក្លែងក្លាយ​ប៉ុន្មាន​នាក់​ក៏បាន​តាម​ចិត្ដចង់ ឲ្យតែ​អ្នក​យល់ព្រម​ចាយ​ប្រាក់ ៧១ ដុល្លារ​សម្រាប់​មិ​ត្ដម្នាក់​ក្នុង​រយៈពេល ២ ម៉ោង បន្ថែម​នឹងការ​ចំណាយ​ផ្សេងៗ ដូចជា ថ្លៃធ្វើ​ដំណើរ ស្នាក់​ក្នុង​សណ្ឋាគារ និង​ភេសជ្ជៈ​ជាដើម។

អតិថិជន​ក៏អាច​ជួល​ទាំង​តួសម្ដែង​មក​ដើរតួ​ជា​ឪពុក​ម្ដាយ ជា​ស្វាមី និង​ជាកូន​ក្នុង​តម្លៃ ១៧៥ ដុល្លារ​សម្រាប់​ម្នាក់ ឬកក់​យក​មនុស្ស​ទាំង​ហ្វូង​មក​ចូលរួម​ពិធី​មង្គលការ និង​ជាអ្នក​ហែហម​បង្អួត​ភ្នែក​មិត្ដភក្ដិ​ក្នុង​បណ្ដាញ​សង្គម​ផងដែរ៕HR

អត្ថបទគួរចាប់អារម្មណ៍